Wednesday, December 17, 2014

សុន្ទរកថា ឯកឧត្ត​ម​បណ្ឌិត​សភាចារ្យ សុខ អាន ក្នុង​ពិធី​បើក​​សន្និសីទ​អន្តរ​ជាតិ​លើក​ទី៤ ស្តីពី «ទំនាក់​ទំនង​ការ​ទូត កម្ពុជា-​ចិន នា​សម័យ​សម្តេច​ព្រះ នរោត្តម សីហនុ»

ចេញផ្សាយថ្ងៃ: ( ១៧ - ធ្នូ - ២០១៤ )
រាជបណ្ឌិត្យសភាកម្ពុជា ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤
- លោកជំទាវ ពូ ជានគ័រ ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
- ឯកឧត្តម លោកជំទាវ អតីតឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា
- លោកជំទាវបណ្ឌិតសភាចារ្យ ខ្លូត ធីតា ប្រធានរាជបណ្ឌិត្យសភាកម្ពុជា
- បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សមាជិក សមាជិកា នៃអង្គសន្និសីទទាំងមូល ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ ជាទីមេត្រី!

          ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ចូលរួមជាមួយឯកឧត្តម លោកជំទាវ បណ្ឌិតសភាចារ្យ សាស្ត្រាចារ្យ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ​ទាំងអស់ ក្នុងពិធីបើកសន្និសីទអន្តរជាតិលើកទី៤ ស្តីពី «ទំនាក់ទំនងការទូត កម្ពុជា-ចិន នាសម័យសម្តេចព្រះ នរោត្តម សីហនុ» នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការ​កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់​ថ្នាក់ដឹកនាំ​ និងមន្ត្រីរាជការទាំងអស់នៃរាជបណ្ឌិត្យសភាកម្ពុជា ជាពិសេស​​វិទ្យាស្ថាន​ខុងជឺ ដែលបានរៀបចំ​​សន្និសីទដ៏មានសារៈសំខាន់នេះឡើង ដើម្បីរំលឹកដល់ស្នាព្រះហស្តដ៏ឧត្តុង្គឧត្តមក្នុងការកសាងទំនាក់ទំនងការទូតកម្ពុជា-ចិន របស់សម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមថ្លែងអំណរគុណ​​ចំពោះ​ស្ថានទូតនៃសាធារ​ណ​រដ្ឋ​ប្រជាមានិតចិនប្រចាំនៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែលបានចូលរួមឧបត្ថម្ភគាំទ្រក្នុងការរៀបចំសន្និសីទនេះ។
វេទិកាដ៏មានសារៈសំខាន់នេះ ផ្តល់ឱកាសឱ្យអ្នកសិក្សាស្រាវជ្រាវ សាស្ត្រាចារ្យ សិស្ស និស្សិត ចែករំលែកទស្សនៈ បទពិសោធន៍ និងសិក្សាស្វែងយល់ ឱ្យកាន់តែយល់ដឹងស៊ីជម្រៅបន្ថែមទៀត អំពីការកកើត ការវិវត្ត ហើយជាពិសេសអំពីសារៈសំខាន់នៃទំនាក់ទំនងការទូត កម្ពុជា-ចិន។ ក្នុងន័យនេះ ខ្ញុំសូមលើកទឹកចិត្តឱ្យមានការសិក្សាស្រាវជ្រាវ ចងក្រង និង​ផ្សព្វផ្សាយឱ្យកាន់តែ​ទូលំ​ទូលាយថែមទៀត ដល់មហាជនគ្រប់ស្រទាប់ អំពី​ប្រវត្តិសាស្ត្រ វប្បធម៌ ភាសា និងសារៈសំខាន់នៃទំនាក់ទំនងការទូតរបស់ប្រជាជាតិទាំងពីរ។
  ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី
គួររំឭកផងដែរថា ៦​ឆ្នាំ​​ក្រោយ​ពី​គណបក្ស​កុម្មុយនិស្ត​ចិន​បាន​ឡើង​កាន់​អំណាច និង​២​ឆ្នាំ​ក្រោយ​ពី​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ពី​ប្រទេសបារាំង កម្ពុជានិង​ចិន ក៏​ចាប់​មាន​ទំនាក់ទំនង​​ជាមួយ​គ្នា​។ ដំបូង​ជា​ទំនាក់ទំនង​ក្រៅ​ផ្លូវការ ប៉ុន្តែ ​ជា​ទំនាក់ទំនង​ដ៏​ជិតស្និទ្ធ​មួយ​ ​រវាង​សម្តេចព្រះ នរោត្តម សីហនុ និងលោក ​ជូ អេន​ឡាយ នាយករដ្ឋមន្រ្តី​ចិន នៅក្នុង​ឱកាស​សន្និសីទ​ប្រទេស​មិនចូល​បក្ស​សម្ព័ន្ធ​ នៅ​ក្រុង​ Bandung ប្រទេសឥណ្ឌូណេស៊ី ក្នុងឆ្នាំ​១៩៥៥។ ចាប់តាំងពី​ដើម​ឆ្នាំ​១៩៥៨ បើ​ទោះ​ជា​​ចិន​និង​កម្ពុជា មិន​ទាន់​មាន​ទំនាក់ទំនង​ការទូត​ជា​ផ្លូវការ​ជាមួយ​គ្នា​ក៏ដោយ ថ្នាក់ដឹកនាំនៃប្រទសទាំងពីរតែងតែបំពេញទស្សនកិច្ចទៅវិញទៅមក ហើយប្រទេសចិនបានក្លាយជាប្រទេសផ្តល់ជំនួយដ៏សំខាន់មួយដល់ប្រទេសកម្ពុជា។ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ១៩៥៨ កម្ពុជា-ចិន បានឈានទៅបង្កើតទំនាក់ទំនងការទូត ហើយបានក្លាយជាដៃគូសហប្រតិបត្តិការយ៉ាងជិតស្និត ប្រកបដោយផលប្រយោជន៍ទៅវិញទៅមក ក្នុងរយៈពេលដ៏ខ្លី។ មិត្តល្អជួយគ្នាក្នុងគ្រាក្រ បានក្លាយជាពាក្យស្លោកប្រកបដោយគុណធម៌ សម្រាប់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។ ជាក់ស្តែង ក្នុងទសវត្សរ៍ឆ្នាំ៦០ សម្តេច​ព្រះ នរោត្តម សីហនុ ព្រះប្រមុខរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា បាន​ចូលរួមជាមួយរដ្ឋាភិបាលនិងប្រជាជន​ចិន ក្នុងការតស៊ូមតិនៅលើវេទិកាអន្តរជាតិនានា ដើម្បីជួយគាំទ្រឱ្យ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ទទួលបាន​អាសនៈ​ប្រចាំ​អង្គការ​សហប្រជាជាតិ​។
យើងទាំងអស់គ្នាសុទ្ធតែបានដឹងហើយថា ពេញមួយព្រះជន្មរបស់ព្រះអង្គ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុព្រះបរមរតនកោដ្ឋ ព្រះអង្គមិនត្រឹមតែបានលះបង់ព្រះកាយពល ដើម្បីឯករាជ្យជាតិ បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ហើយបានកសាងប្រទេសកម្ពុជានៅក្នុងសម័យសង្គមរាស្រ្ត​និយម​ឱ្យក្លាយជាប្រទេសដ៏រីកចម្រើនមួយនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះទេ ប៉ុន្តែព្រះអង្គថែមទាំងជាអ្នកការទូតដ៏ឆ្នើមដែលបានកសាងទំនាក់ទំនងយ៉ាងល្អ ក្នុងស្មារតីសន្តិភាព និងសន្តិសហវិជ្ជមានជាមួយប្រទេស​​​នានានៅក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោក ជាពិសេស ជាមួយមហាមិត្តចិន។ ទាំងនេះបានធ្វើឱ្យ​ព្រះអង្គទទួលបាននូវការគោរពស្រឡាញ់ និងកោតសរសើរ ពីប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនចិន ថាជាព្រះអគ្គមគ្គុទេសក៍ដ៏ឆ្នើម ដែលពោរពេញទៅដោយភាពឈ្លាសវៃ ប៉ិនប្រសប់ ទន់ភ្លន់ប៉ុន្តែម៉ឺងម៉ាត់ ជាគំរូសម្រាប់អ្នកដឹកនាំ និងអ្នកការទូតទាំងអស់រៀនសូត្រតាម។
ដោយឈរលើស្មារតីមិត្តភាពជាអមតៈ និងដើរ​តាម​​មាគ៌ា​ដ៏វិសេសវិសាល​របស់ព្រះករុណា សម្តេចព្រះ នរោត្តម សីហនុព្រះមហាវីរក្សត្រ ព្រះបរមរតនកោដ្ឋ រាជរដ្ឋាភិបាល​​កម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តពង្រឹងនិងពង្រីកចំណងមិត្តភាព ទំនាក់ទំនងការទូត ​និងកិច្ចសហប្រតិបត្តិការ​រវាង​កម្ពុជានិងចិន រហូតឈានដល់កម្រិតដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ។ កម្ពុជាជាបងប្អូនល្អ ជាអ្នកជិតខាងល្អ ជាមិត្តភក្តិល្អ និងជាដៃគូល្អរបស់ចិន។ រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តគាំ​ទ្រដោយឥតងាករេចំពោះនយោបាយ​ចិនតែមួយ និងប្រកាន់ខ្ជាប់នូវគោលការណ៍គោរពអធិប​តេយ្យ​​ភាព ការមិនជ្រៀតជ្រែកផ្ទៃក្នុងគ្នា និងការផ្តល់ផលប្រយោជន៍​ឱ្យគ្នាទៅវិញទៅមក។
ដោយសារកត្តាអំណោយផលទាំងនេះ អ្នកវិនិយោគ និងទេសចរចិន បានមកបណ្តាក់ទុន​វិនិយោគ និងទស្សនាកម្ពុជា កាន់តែច្រើនជាបន្តបន្ទាប់។
  ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
សន្និសីទរយៈពេលពីរថ្ងៃនេះ គឺជាវេទិកាវិទ្យាសាស្ត្រដ៏មានសារៈសំខាន់​សម្រាប់ការចែករំលែក​ចំណេះដឹង និងបទពិសោធន៍ល្អៗ ពាក់ព័ន្ធនឹងចំណងការទូតកម្ពុជា-ចិន ដោយមានការចូលរួមពីវាគ្មិនកិតិ្តយសដែលសុទ្ធសឹងជាឥស្សរជនសំខាន់ៗនៅក្នុងវិស័យការទូត ជាពិសេស ឯកឧត្តម លោកជំទាវដែលធ្លាប់ជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា។
ក្នុងន័យនេះ ខ្ញុំសូមស្នើឱ្យអ្នកចូលរួមទាំងអស់ ត្រងយកពុទ្ធិ និងបទពិសោធន៍ ដែល​ទទួល​បានពីវេទិកានេះ ដើម្បីជាមូលដ្ឋានសម្រាប់ការស្វែងយល់និងការសិក្សា​ស្រាវជ្រាវ​បន្តទៀត។ ខ្ញុំសូមលើកទឹកចិត្តនិងគាំទ្រឱ្យមានការសិក្សា​ស្រាវជ្រាវ និង​រៀបចំវេទិកា​វិទ្យាសាស្ត្របែបនេះជាបន្តទៀត ដើម្បីពង្រីកការយល់ដឹងកាន់តែទូលំទូលាយអំពីស្នាព្រះហស្តរបស់សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវរបិតាឯករាជជាតិ ព្រះបរមរតនកោដ្ឋ។ សន្និសីទនេះ ក៏ជាវិភាគទាន​ដ៏​​មាន​តម្លៃ សម្រាប់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបន្តពង្រឹងនិងពង្រីកទំនាក់ទំនងមិត្តភាព សហប្រតិបត្តិការ និងសាមគ្គីភាព​ជាប្រពៃណី​រវាង​ប្រជាជាតិទាំងពីរ កម្ពុជា-ចិន ក៏ដូចជា ការអភិវឌ្ឍសេដ្ឋកិច្ច​ សង្គមឱ្យ​កាន់​​តែប្រសើរ​ឡើង​​ថែមទៀត។ ខ្ញុំយល់ថា លទ្ធផលនៃ​ការសិក្សាស្រាវជ្រាវ​អំពីទំនាក់ទំនង​មិត្តភាព​កម្ពុជា​-ចិនក្នុងសម័យសម្តេចព្រះ នរោត្តម សីហនុ គួរត្រូវបានចងក្រង​ ​បោះ​ពុម្ព និងផ្សព្វ​ផ្សាយ ជាខេមរភាសា ភាសាចិន និងភាសាអង់គ្លេស ឱ្យបានទូលំទូលាយដល់មហាជនជាតិនិង​អន្តរជាតិ​។ ក្នុងស្មារតីនេះ មជ្ឈមណ្ឌលសម្រាប់ការសិក្សាស្រាវជ្រាវពីទំនាក់ទំនង កម្ពុជា-ចិន ត្រូវបានបង្កើតឡើងនៅក្នុងវិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ដោយប្រសិទ្ធនាមថា មជ្ឈមណ្ឌលស្រាវជ្រាវសម្តេចព្រះ នរោត្តម សីហនុ ដែលយើងគ្រោងនឹងបើកស្លាកនាពេលបន្តិចទៀតនេះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំសូមថ្លែងអំណរគុណដល់ស្ថានទូតចិនប្រចាំនៅកម្ពុជា និងបណ្តាអតីតឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាទាំងអស់ ចំពោះការចូលរួមចំណែកក្នុងការបង្កើតមជ្ឈមណ្ឌលនេះឡើង ដើម្បីជាកន្លែង​ប្រមូលផ្តុំនៃអ្នកសិក្សាស្រាវស្រាវទាំងអស់ ជាពិសេស ក្រុមការងារសិក្សាស្រាវជ្រាវទំនាក់ទំនង កម្ពុជា-ចិន របស់រាជបណ្ឌិត្យសភា​កម្ពុជា។ ក្នុងន័យនេះ ខ្ញុំពិតជារីករាយ និងសូមថ្លែងអំណរគុណ ចំពោះលោក​សាស្ត្រាចារ្យ​បណ្ឌិតហ្វុង ជុងភីង អនុប្រធាន​វិទ្យាស្ថានអន្តរជាតិសហសម័យរបស់ប្រទេស​ចិន ដែលនៅក្នុងជំនួបពិភាក្សាការងារជាមួយ​ខ្ញុំកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ លោកសាស្ត្រាចារ្យ​បានសម្តែងការ​គាំទ្រ ហើយនឹងផ្តល់កិច្ច​​សហការដល់​ក្រុម​ស្រាវ​ជ្រាវ​​ទំនាក់ទំនង ​កម្ពុជា-ចិន របស់រាជបណ្ឌិត្យសភា​កម្ពុជា។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមសម្តែងនូវ​អំណរគុណ​យ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាល ​និង​​​ប្រជាជន​​​នៃ​សាធារណរដ្ឋប្រជាមានិតចិន ដែលបានចូលរួមជួយឧបត្ថម្ភគាំទ្រដល់ដំណើរការរបស់វិទ្យាស្ថានខុងជឺនៃរាជបណ្ឌិត្យសភាកម្ពុជា ព្រមទាំងវាគ្មិននិងសិក្ខាកាមទាំងអស់ ដែលបានចំណាយពេលវេលាដ៏មានតម្លៃចូលរួមចែករំលែកពុទ្ធិ និងបទពិសោធន៍ ដើម្បីធ្វើឱ្យសន្និសីទនេះទទួលបានលទ្ធផលជាផ្លែផ្កា។
  ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី!
ខ្ញុំសូមយកឱកាសនេះ កោតសរសើរ និងវាយតម្លៃ​ខ្ពស់ ​ចំពោះ​អ្នក​ស្រាវជ្រាវ​ និង​ថ្នាក់ដឹកនាំ​​របស់​រាជ​បណ្ឌិត្យ​សភាកម្ពុជា​ ដែលបានខិតខំ​សិក្សា​ស្រាវជ្រាវយ៉ាង​យកចិត្ត​ទុកដាក់​ទៅតាមចំណេះ​ និងជំនាញ​របស់ខ្លួន​ ហើយ​បានបោះពុម្ព ផ្សព្វផ្សាយ ធ្វើបាឋកថាថ្នាក់ជាតិនិងអន្តរជាតិនានា។ ក្នុងនោះ ស្នាដៃសៀវភៅ «ដែក និង ថ្ម» និងសៀវភៅ «IRON & STONE» ដែលជាសមិទ្ធផលថ្មីមួយទៀត របស់រាជបណ្ឌិត្យសភាកម្ពុជា ដែលក្រុមស្រាវជ្រាវដឹកនាំដោយ​លោក​សាស្រ្ដាចារ្យ​បណ្ឌិត ធុយ ចាន់ធួន បានសិក្សាស្រាវជ្រាវ អំពីស្ថានីយឧស្សាហកម្មឡស្លដែកបុរាណនៅកម្ពុជា។ ​ កម្រង​ស្នាដៃ​ស្រាវ​ជ្រាវ​នេះ គឺ​បានបញ្ជាក់ឱ្យឃើញថា ​បុព្វបុរសខ្មែរជំនាន់ដើម មាន​សមត្ថភាព​ និងបច្ចេក​ទេស​ខ្ពស់​ខាង​វិទ្យា​សាស្រ្ដ អាចស្ល ​ចម្រាញ់ និងផលិតដែកយ៉ាងស្ទាត់ជំ​នាញ​ ដែលជាកត្តារួមចំណែកដល់ការកសាងចក្រភពខែ្មរដ៏រុងរឿង។ តាមរយៈ​ការសិក្សានេះ​ ស្ថានីយ​ផលិតដែក​ជាង​២០០​ ត្រូវបានរកឃើញ​ ហើយ​ការចម្រាញ់ដែក​ជាទ្រង់ទ្រាយធំ​នៅ​កម្ពុជា​ មានតាំងតែពី​ឆ្នាំ​៦៣៧ នៃគ្រិស្ដសករាជ មកម្ល៉េះ ដែលនេះគឺជាចំណេះដឹងបន្ថែមអំពីវប្បធម៌ អរិយធម៌របស់ជនជាតិខ្មែរ។​ ដូច្នេះ ខ្ញុំសូមលើកទឹកចិត្តឱ្យអ្នកស្រាវជ្រាវទាំងអស់ បន្តធ្វើការសិក្សាស្រាវជ្រាវបែបវិទ្យាសាស្ត្រលើប្រធានបទសំខាន់ៗនានា ឱ្យកាន់​តែច្រើនថែមទៀត។
ជាទីបញ្ចប់ ខ្ញុំសូមជូនពរឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ សូមមានសុខភាពល្អ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងសុភមង្គលក្នុងក្រុមគ្រួសារ និងសូមឱ្យចំណងមិត្តភាពរវាងប្រទេស​ទាំងពីរ កម្ពុជា-ចិន ស្ថិតស្ថេរជា​អមតៈ​តរៀងទៅ។
ខ្ញុំសូមប្រកាសបើកសន្និសីទអន្តរជាតិលើកទី៤ ស្តីពី «ទំនាក់ទំនង កម្ពុជា-ចិន នាសម័យ      សម្តេចព្រះ នរោត្តម សីហនុ» ចាប់ពីពេល​នេះ។
 សូមអគុណ!

No comments:

Post a Comment