Monday, August 01, 2016

សម្តេច​តេជោ ហ៊ុន សែន នឹងដឹក​នាំគណៈប្រតិភូជាន់​ខ្ពស់ ទៅចូលរួម​ក្នុងវេទិកា​ភាព​ជាអ្នក​ដឹងនាំអាស៊ាន​​លើកទី ១៣ នៅ​ថ្ងៃទី០៦ ដល់ទី០៧ ខែសីហា ឆ្នាំ២០១៦ នៅ​ទីក្រុង​វៀងច័ន្ទ

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងដឹងនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញទៅចូលរួមក្នុងវេទិកាភាពជាអ្នកដឹកនាំអាស៊ានលើកទី ១៣ (The 13 ASEAN Leadership Forum) ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី ០៦ ដល់ទី ០៧ ខែ សីហា ឆ្នាំ ២០១៦ នៅទីក្រុងវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់ឯកឧត្តម តាន់សុីរ ម៉ៃឃិល យ៉ូស (Tha Sir Michale Yeoh )ប្រធានវេទិកាភាពជាអ្នកដឹងនាំអាស៊ាន និងជានាយកប្រតិបត្តិការនៃវិទ្យាស្ថានយុទ្ធសាស្រ្ត និងភាពជាអ្នកដឹងនាំអាស៊ី។
គណៈប្រតិភូអមដំណើររួមមាន ឯកឧត្តម ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភានិងអធិការកិច្ច ឯកឧត្តម ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងសមាជិករាជរដ្ឋាភិបាលកម្ពុជាដទៃទៀត។
ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន នឹងត្រូវបានផ្តល់កិត្តិយសដោយការផ្តល់ពានរង្វាន់សមិទ្ធិផលអមតៈអាស៊ានដែលនឹងប្រគល់ជួនដោយ  ឯកឧត្តម តាន់សុីរ ម៉ៃឃិល យ៉ូស បន្ទាប់មក សម្តេចតេជោ នឹងថ្លែងសុន្ទរកថាពិសេសមួយ។
សូមញ្ជាក់ផងដែរថា ផ្តល់ពានរង្វាន់ និងមានសារៈសំខាន់បំផុតនេះ ត្រូវបានផ្តល់ជូនប្រមុខរដ្ឋាភិបាលដែលបានបំរើការងារយូរជាងគេក្នុងអាស៊ាន ។គិតមកដល់ពេលនេះ មានឥស្សរជនកិត្តិយសតែ៣រូប ប៉ុណ្ណោះដែលបានទទួលពានរង្វាន់នេះ រួមមាន ឯកឧត្តម លី ក្វាន់យួ               អតីតនាយករដ្ឋមន្ត្រីសឹង្ហបូរី ឯកឧត្តមបណ្ឌិត មហាធៀ ម៉ូហាម៉េដ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងព្រះអង្គម្ចាស់ ស៊ុលតង់ ណាសរីន សាហ៍ នៃរដ្ឋប៉េរ៉ាករបស់ប្រទេសម៉ាឡេស៊ី។

ក្នុងឱកាស់ស្នាក់នៅប្រទេសឡាវ  សម្តេចតេជោ ហ៊ុន សែន ក៏នឹងជួបពិភាក្សាទ្វេរភាគីជាមួយឯកឧត្តមបណ្ឌិត ថងលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជួបសម្តែងការគួរសមជាមួយ ឯកឧត្តម ប៊ុនញ៉ាង វរៈជីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៕


No comments:

Post a Comment