Monday, August 01, 2016

សម្តេច​តេជោ ហ៊ុន សែន បាន​អញ្ជើញចែក​រង្វាន់ ខ្ញុំជាយុវ​ជនគំ​រូកម្ពុ​ជាវគ្គទី៦​

យោងតាមទំព័រហ្វេសប៊ុករបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលមានឈ្មោះថា Samdech  Hun Sen, Cambodian Prime Minister ចុះផ្សាយថ្ងៃទី៣១ ខែ កក្កដា ឆ្នាំ២០១៦ បានឲ្យដឹងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញប្រគល់រង្វាន់ដល់បេក្ខជន បេក្ខនារីទទួលជ័យលាភីទាំង១០រូប នៅក្នុងកម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា»វគ្គទី៦ វគ្គពិសេស នៅវិមានសន្តិភាព ។ ខ្ញុំជាយុវជនគំរូកម្ពុជាវគ្គពិសេសគឺបានបង្កើតឡើងក្នុងគោលបំណង លើកទឹកចិត្ត និងគាំទ្រប្រជាពលរដ្ឋ ជាពិសេសយុវជន ដើម្បីកសាងអំពើល្អនៅក្នុងសង្គម និងជៀសឆ្ងាយពីគ្រឿងញឿន និងល្បែងអបាយមុខផ្សេងៗ ម្យ៉ាងវិញទៀតកម្មវិធីនេះ បានផ្តល់ឱកាសអោយប្រជាពលរដ្ឋ និងយុវជនចែករំលែកទេព្យកោសល្យ និងស្នាដៃគំរូល្អដែលខ្លួនមានដល់យុវជនដ៏ទៃទៀតក្នុងសង្គម។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចមិនត្រឹមតែចង់បានរដ្ឋាភិបាលដែលមានប្រសិទ្ឋភាពការងារ (E-Government) តែប៉ុណ្ណោះទេ តែសម្តេចចង់បានធនធានប្រជាពលរដ្ឋដែលយល់ដឹង បច្ចេកវិទ្យា (E-People) ក្នុងការចូលរួមកសាងនិងអភិវឌ្ឍន៌សង្គមជាតិទៅទន្ទឹមគ្នា។ សម្តេចតេជោ គាំទ្រលើកទឹកចិត្តប្រជាពលរដ្ឋ ជាពិសេសយុវជនកម្ពុជាត្រូវរៀននិងយល់ដឹងបច្ចេកវិទ្យា (Information Technology ) អោយបានល្អ ដើម្បីក្លាយទៅជាធនធានមនុស្សរបស់ប្រទេស ទន្ទឹមនឹងនេះ សូមប្រើប្រាស់ Facebook អោយមានប្រយោជន៍ ដូចជាការចែករំលែកព័ត៌មាន ចំណេះដឹង និងបទពិសោធន៍ឲ្យគ្នាទៅវិញទៅមកជាដើម។ សូមកុំប្រើប្រាស់បណ្តាញសង្គមនេះប្រព្រឹត្តអំពើមិនគប្បីក្នុងសង្គម ឬ
ប្រើពាក្យហិង្សាប្រមាថនៅលើទំព័រ Facebook ជាដើម។
កម្មវិធី «ខ្ញុំជាយុវជនគំរូកម្ពុជា» នៅវគ្គក្រោយៗទៀត នឹង ដាក់បញ្ចូលបន្ថែមនូវប្រធានបទផ្សេងៗទៀត ពាក់ព័ន្ធការអប់រំ និងវិស័យសុខាភិបាលជាដើម។ សម្តេចតេជោ ធ្លាប់ជាយុវជនសម័យសង្រ្គាម ដែលគ្មានឱកាស រួមទាំងឱកាសនៃការសិក្សា។ សម្តេចតេជោ បានប្តេជ្ញាថានឹងមិនឱ្យកុមារនិងយុវជនជំនាន់នេះមានវាសនាអភ័ព្វដូចសម្តេចកាលពីពេលមុនឡើយ។ សម្តេចតេជោ នឹងបន្តខិតខំកសាងសាលារៀនជាច្រើនទៀត ព្រមទាំងហេដ្ឋារចនាសម្ព័ន្ឋស្ពានថ្នល់ដើម្បីប្រជាពលរដ្ឋនិងយុវជនកាន់តែមាន ឱកាសច្រើនឡើងៗ។ ទន្ទឹមនឹងការខិតខំកសាង គឺយើងទាំងអស់គ្នា ជាពិសេសយុវជនត្រូវចូលរួម ថែរក្សាសន្តិភាពដើម្បីប្រទេសជាតិយើងទាំងមូលកាន់តែរីកចម្រើនរុងរឿង។

សំរាប់ជ័យលាភី ដែលផ្តល់ជូននាពេលនេះគឺលេខ១ Top-1 បានទៅលើ បេក្ខនារី ហង្ស ម៉ារីនី ទទួលបានរង្វាន់ម៉ូតូមួយគ្រឿង សំលៀកបំពាក់កីឡា អាវយុវជនគំរូ ថវិកា ១លានរៀល និងប័ណ្ណសរសើរយុវជនគំរូកម្ពុជាសម្តេចតេជោនាយករដ្ឋមន្រ្តី។ ជ័យលាភីលេខ២ បានទទួល Computer laptop មួយគ្រឿង និងជ័យលាភីលេខ៣ បានទទួល iPad មួយគ្រឿង និងរង្វាន់បន្ថែមដូចជ័យលាភីលេខ១ដែរ។ ចំពោះជ័យលាភីទាំង៧ នាក់ទៀតគឺម្នាក់ៗទទួលបានប្រាក់រង្វាន់១លានរៀល សម្លៀកបំពាក់ កីឡា និងអាវយុវជនគំរូកម្ពុជា ព្រមទាំងប័ណ្ណសរសើរយុវជនគំរូសម្តេចតេជោ។ បន្ទាប់ពីចែកពានរង្វាន់ដល់ជ័យលាភីទាំង១០នាក់រួចមក សម្តេចតេជោ ហ៊ុន សែន បានផ្តល់កិត្តិយសអញ្ជើញថតរូបអនុស្សាវរីយ៍ ជាមួយជ័យលាភីទាំង ១០ នាក់ និងជាមួយអាណាព្យាបាល អ្នកគាំទ្រក្នុងជ័យលាភីទាំងអស់នៅក្នុងបរិយាកាសរីករាយស្និទ្ឋស្នាលក្រៃលែង។ សូមអរគុណសប្បុរសជនដែលបានចូលរួមឧបត្ថម្ភនៅក្នុងកម្មវិធី ខ្ញុំជាយុវជនគំរូកម្ពុជាទាំងអស់៕





No comments:

Post a Comment