Monday, August 01, 2016

កម្មកររាប់រយនាក់ នៅតាមបណ្តាខេត្តលើកបដាទាមទារឲ្យលោក សម រង្ស៊ី លុបចោលសំដីខ្លួនស្នើឲ្យ EU បិទទីផ្សារនាំចូលពីកម្ពុជា

កម្មករ-កម្មការិនី រាប់រយនាក់បានប្រមូលផ្តុំគ្នាជាថ្មីម្តងទៀតនៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦នេះ ដើម្បីលើកបដាទាមទារឲ្យលោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ លុបចោលពាក្យសំដីដែលខ្លួនដែលបានស្នើឲ្យសហភាពអឺរ៉ុបបិទទីផ្សារនាំចូលពីកម្ពុជា។
យោងតាមលោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានឱ្យដឹងថា ការលើកបដា របស់កម្មករ-កម្មការិនី បានធ្វើឡើង៣ថ្ងៃហើយ ពោលគឺចាប់តាំងពី ថ្ងៃសុក្រ ថ្ងៃសៅរ៍ និងនៅថ្ងៃច័ន្ទនេះ។ កន្លងមក កម្មករ-កម្មការិនី បានតវ៉ានិងលើកបដានេះ នៅរាជធានីភ្នំពេញ នៅតាមបណ្តាខេត្ត ដូចជា កំពង់ឆ្នាំង កំពង់ស្ពឺ កណ្តាល កំពង់ចាមជាដើម។
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានបញ្ជាក់ឲ្យដឹងថា «កម្មករ-កម្មការិនី រាប់រយនាក់ នាំគ្នាលើកបដាទាមទារឲ្យ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ លុបចោលពាក្យសំដីដែលខ្លួនបានស្នើឲ្យសហភាពអឺរ៉ុបបិទទីផ្សារនាំចេញពីកម្ពុជា។ កម្មករ-កម្មការិនី បារម្ភខ្លាចអត់ការងារធ្វើ ពួកគាត់ប្រាកដជាដាច់បាយ ហើយវាមិនប៉ះពាល់ តែកម្មករ៧០ម៉ឺននាក់ ៨០ម៉ឺននាក់ ៩០ម៉ឺននាក់ តែវាប៉ះពាល់ដល់កម្មករ-កម្មការិនីរាប់លាននាក់»។
ប្រធានសម្ព័ន្ធសហជីពជាតិ រូបនេះ ក៏បានសំណូមពរដល់លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ លុបចោលពាក្យសំដីរបស់ខ្លួន និងបញ្ឈប់ការស្នើនេះ ដើម្បីរក្សាផលប្រយោជន៍ជូនកម្មករ-កម្មការិនី។ លោកបន្តថា បើលោក សម រង្ស៊ី រឺថ្នាក់ដឹកនាំនយោបាយដទៃទៀត ចង់ជួយកម្មករ-កម្មការិនីមិនត្រូវប្រើពាក្យសំដីណាមួយប៉ះពាល់ដល់វិស័យកាត់ដេរ។
លោក ហ្វា សាលី អះអាងថា សកម្មភាពរបស់ថ្នាក់ដឹកនាំសហជីព រួមនឹងសកម្មភាពរបស់លោក នាពេលនេះមិនមែនកើតចេញពីរឿងនយោបាយ ហើយក៏មិនមែនជាឈ្នាន់នយោបាយ និងបំរើផលប្រយោជន៍នយោបាយរបស់នរណាម្នាក់នោះទេ។
គួរបញ្ជាក់ថា លោក សម រង្ស៊ី បានលើកឡើងថា បើសហភាពអឺរ៉ុបបិទទីផ្សារនាំចូលសម្លៀកបំពាក់ពីកម្ពុជា គឺនៅពេលបើកទីផ្សារវិញមិនចេះតែបើកទេ គឺត្រូវមានភ្ជាប់នូវលក្ខខណ្ឌផ្សេងៗ។ លោកបន្តថាបើសហភាពអឺរ៉ុបធ្វើដូច្នេះ រាជរដ្ឋាភិបាលកម្ពុជាប្រហែលជាចាប់ផ្តើមពិចារណាឡើងវិញ នេះបើយោងតាមការចេញផ្សាយរបស់វិទ្យុបារាំង RFI នាពេលកន្លងទៅ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ ក៏មានទស្សនៈមួយចំនួនលើកឡើងថា លោក សម រង្ស៊ី មិន ដែលគិតពីផលប្រយោជន៍កម្មករ-កម្មការិនីពិតប្រាកដនោះទេពោលគឺលោកធ្លាប់បានញុះញង់ឱ្យកម្មករឈប់ធ្វើការងារ ងាកមកចូលរួមធ្វើបាតុកម្មក្រោមលេសទាមទារតំឡើងប្រាក់ខែ តែតាមការពិតកៀងគរកម្លាំងធ្វើបាតុកម្មហិង្សា បដិសេធលទ្ធផល នៃការបោះឆ្នោតបន្ទាប់ពីចាញ់ឆ្នោតហើយ ក្នុងបំណងធ្វើឱ្យប្រទេសជាតិធ្លាក់ទៅក្នុងភាពចលាចល វឹកវរ អសន្តិសុខបម្រើនយោបាយរបស់ខ្លួន និងដើម្បីចោទទម្លាក់កំហុសលើការដឹកនាំរបស់រាជរដ្ឋាភិបាលតែប៉ុណ្ណោះ៕




No comments:

Post a Comment