Tuesday, August 02, 2016

សម្តេចតេជោ បានអនុញ្ញាតិឱ្យរដ្ឋមន្រ្តីពាណិជ្ជកម្មចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

យោងតាមទំព័រហ្វេស៊បុករបស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថានៅវិមានសន្តិភាពកាលពីរសៀលថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ លោក GAO Hucheng រដ្ឋមន្ត្រីពាណិជ្ជកម្មចិន ចូលជួបសំដែងការគួរសមនិងពិភាក្សាការងារ ។
ដំណើរទស្សនកិច្ចរបស់លោក Gao មកកាន់កម្ពុជានាពេលនេះគឺ ដើម្បីជំរុញនិងអនុវត្តជាក់ស្តែងនូវអ្វីដែលថ្នាក់ដឹកនាំកំពូល នៃប្រទេសទាំងពីរបានសម្រេចរួចមកហើយ ដូចជាការតភ្ជាប់នយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយជាមួយនឹងយុទ្ធសាស្ត្រចតុកោណរបស់រកម្ពុជា ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រនៃគម្រោងសំខាន់ៗទាំងឡាយ។
ជាមួយនេះដែរ លោកGAO Hucheng បានជំរាបជូនសម្តេចតេជោថា ដំណើរទស្សនកិច្ចនេះ ក៏ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនចិន ក៏ដូចជាសហគ្រាសចិនដែលបានមកវិនិយោគនៅកម្ពុជាដើម្បីពង្រីកទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ និងជំរុញការនាំចូលកសិផលកម្ពុជាទៅកាន់ប្រទេសចិន រួមមានដូចជាអង្ករ និងកសិផលផ្សេងៗ ដែលចិន បានមកធ្វើការកែច្នៃនៅក្នុងប្រទេសកម្ពុជា ។
លោក Gao នឹងពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធនានារបស់កម្ពុជាទៅលើបញ្ហា ផ្លូវថ្នល់ ,វាលយន្តហោះ , ផ្លូវរថភ្លើង និងបញ្ហាកសិកម្ម ដែលនឹងធ្វើយ៉ាងណា ជំរុញការងារ និងកិច្ចសហប្រតិបត្តិការនេះ ឱ្យមានដំណើរការទៅមុខដោយរលូននិងឆាប់រហ័ស។
សម្តេចតេជោ បានថ្លែងអំណរគុណជូនចំពោះ លោក Gao និងស្វាគមន៍ចំពោះគោលការណ៍នៃដំណើរទស្សនកិច្ចរបស់លោក ហើយសម្តេចក៏បាន មានប្រសាសន៍ថា ការសម្របសម្រួល នយោបាយ ផ្លូវមួយ និងខ្សែក្រវ៉ាត់មួយ ជាមួយយុទ្ធសាស្ត្រចតុកោណនោះ កម្ពុជាត្រូវពិនិត្យរួមគ្នាសម្របសម្រួលសំដៅធ្វើយ៉ាងណាតភ្ជាប់គ្នាឱ្យបានល្អដើម្បីជាការជំរុញ និងបន្តការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ចរវាងប្រទេសទាំងពីរ។ លោក Gao បានគោរពអញ្ជើញសម្តេចតេជោ ទៅធ្វើទស្សនកិច្ចនៅប្រទេសចិន ក្នុងពេលតាំងពិព័ណ៌អាស៊ាន-ចិននាពេលខាងមុខ។
នៅក្នុងជំនួបនៅវិមានសន្តិភាព រវាងប្រតិភូនៃក្រសួងពាណិជ្ជកម្ម ចិន និងសម្តេចតេជោ នាយករដ្ឋមន្ត្រីកម្ពុជា គ្រាន់តែជាការជំរាបជូនអំពីគោលការណ៍សំខាន់ៗតែប៉ុណ្ណោះ រីឯកិច្ចការលំអិត សាម៉ី ក្រសួងនៃប្រទេសទាំងពីរ កម្ពុជា ចិន នឹងពិភាក្សាគ្នាជាបន្តទៀត។នៅក្នុងឱកាសនោះ សម្តេចតេជោហ៊ុន សែន ក៏បានផ្តល់កិត្តិយស បំពាក់គ្រឿងឥស្សរិយយសសហមេត្រី ថ្នាក់មហាសេរីវឌ្ឍន៍ជូនជាការលើកទឹកចិត្តដល់លោក Gao ដែលបានខិតខំប្រឹងប្រែងក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អជាមួយកម្ពុជា៕





No comments:

Post a Comment