Monday, November 13, 2017

ថ្នាក់ដឹកនាំក្រសួងការពារជាតិ៖ កងទ័ព ត្រៀមខ្លួនជានិច្ចសម្រាប់ធ្វើសង្គ្រាមជាមួយក្រុមប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌ និងក្បត់ជាតិ

ប៉ៃលិន៖ មានប្រសាសន៍ថ្លែងក្នុងឱកាសអញ្ជើញសំណេះសំណាលសួរសុខទុក្ខ នាយទាហ៊ាន នារទាហ៊ានរង និងពលទាហ៊ាន ដើម្បីអបអរសាទរខួបអនុស្សាវរីយលើកទី៦៤ កំណើតកងយោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣–០៩ វិច្ឆិកា ២០១៧) ដែលអមដំណើរដោយ លោក កើត សុធា អភិបាលខេត្តប៉ៃលិន និង ឧត្តមសេនីយ៍ទោ ជា ភួងភិរម្យ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ ៥៣ ចំណុះយោធភូមិភាគទី៥ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៧ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានប្រាប់ឱ្យកងទ័ពត្រៀមខ្លួនជានិច្ចសម្រាប់ធ្វើសង្គ្រាម ជាមួយពពួកមនុស្សណា ក្រុមណា ដែលចង់ធ្វើបដិវត្តន៍ពណ៌ នៅប្រទេសកម្ពុជា ជាពិសេសជនក្បត់ជាតិ។

នាយឧត្តមសេនីយ៍ អ៊ី ឈាន ក៏បានអំពាវនាវដល់កងទ័ពទាំងអស់ ដាច់ខាតត្រូវថែរក្សាការពារសន្តិភាពជូនប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន និងពេលអនាគត។ លោកបានមានប្រសាសន៍បន្តថា កងទ័ពជាស្នូលធំបំផុតក្នុងការការពារសន្តិសុខ ជូនដល់ប្រជាពលរដ្ឋ ហើយគោរពបទបញ្ជារបស់រាជរដ្ឋាភិបាលជានិច្ច ទោះបីជាកាលៈទេសៈ ណាក៏ដោយ ហើយគាំទ្រលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាជារៀងរហូត ពីព្រោះការដឹកនាំរបស់លោកបានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍន៍យ៉ាងឆាប់រហ័សលើគ្រប់វិស័យ។

នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ អ៊ី ឈាន ក៏បានមានប្រសាសន៍ជំរុញដល់កងទ័ពទាំងអស់គប្បីត្រូវតែខិតខំពង្រឹងគុណភាព សមត្ថភាពបន្ថែមទៀត ជាពិសេសត្រូវបង្កើនសកម្មភាព ក្នុងការជួយដល់ប្រជាពលរដ្ឋ និងការងារមនុស្សធម៌ ហើយត្រូវតែអនុវត្តន៍ឱ្យបានដាច់ខាត នូវពាក្យស្លោករបស់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា « ងូត ទឹក ដុះក្អែល និង ឆ្លុះកញ្ចក់ »។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ បានឧបត្ថម្ភដល់កងពលតូចថ្មើរជើងលេខ ៥៣ មានដូចជា អង្ករ ៥តោន ត្រីងៀត ៥០គីឡូក្រាម សាច់ក្រក ៥០គីឡូក្រាម ត្រីខ ១៨កេះធំ មី ១៤៥កេះ ស្បែកជើង ២៥គូ នាយទាហ៊ាន ពលទាហ៊ាន ចំនួន ៥០០នាក់ ក្នុងម្នាក់ទទួលបានថវិកា ១០ម៉ឺនរៀល និងឧបត្ថម្ភសម្រាប់កសាងអង្គភាព ចំនួន ១០លានរៀលផងដែរ៕


No comments:

Post a Comment