Monday, November 13, 2017

លិខិតមិត្តអ្នកអាន៖ ស្នាមញញឹមពោរពេញដោយចំណងមិត្តភាពស្មើសិទ្ធិ ស្មើភាព និងមោទនភាពជាតិខ្មែរ

ពលរដ្ឋខ្មែរដែលស្រឡាញ់សន្តិភាព និងការអភិវឌ្ឍពិតជារីករាយយ៉ាងខ្លាំង ពេលបានឃើញរូបថត នៃប្រមុខ ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ជួបសន្ទនាប្រកបដោយស្នាមញញឹម និងភាពជឿជាក់ និងប្រកបដោយមោទនភាពជាតិជាមួយមេដឹកនាំពិភពលោកនានានៅល្ងាចថ្ងៃទី១២ ខែវិច្ឆិកានេះនៅ ប្រទេសហ្វីលីពីន។ ស្នាមញញឹមសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងប្រធានាធិបតីអាមេរិក ដែលបានចាប់ដៃគ្នាយ៉ាងស្វាហាប់ និងប្រកបដោយមិត្តភាពបានបញ្ជាក់ពីចំណងការ ទូតដ៏រឹងមាំ រវាងប្រទេស ទាំងពីរកម្ពុជា-សហរដ្ឋអាមេរិក។ ចំណងមិត្តភាពដ៏ល្អ និងទំនាក់ទំនងប្រកបដោយស្មើភាព និងស្មើសិទ្ធិនេះ ក៏មានជាមួយមេដឹកនាំប្រទេស ផ្សេងៗទៀតផងដែរ។ នេះគឺជាការទះកំផ្លៀងទៅក្រុមបក្សប្រឆាំង និងមេអង្គការ មានតែក្បាលមួយចំនួនដែលព្យាយាម​ ក្នុងការបកស្រាយប្រកបដោយអគតិ ក្នុងភាពអវិជ្ជមានទៅលើ សកម្មភាពរបស់សម្តេចតេជោ។

ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ បានថ្លែងសង្កត់ធ្ងន់ជាច្រើនដង​ ទាំងនៅចំពោះមុខមហាសន្និបាត អង្គការសហប្រជាជាតិ និងនៅកិច្ចប្រជុំ APEC នៅវៀតណាមនូវគោលជំហររបស់ ខ្លួនថា «ក្នុងនាមលោកជា ប្រធានាធិបតី លោកតែងតែតម្កល់ផលប្រយោជន៍អាមេរិកមុនគេបំផុត រីឯមេដឹកនាំប្រទេសផ្សេងទៀត ក៏ដូចគ្នាដែរ ត្រូវគិតគូរពីផលប្រយោជន៍ប្រទេសខ្លួនមុនគេ»។ មេដឹកនាំកម្ពុជា សម្តេចតេជោ ហ៊ុន សែន ពិតជាបានបានតម្កល់ផលប្រយោជន៍ជាតិ និងប្រជាជនកម្ពុជាមុនគេបង្អស់ចាប់តាំង ពីសម្តេចបានចូលរួម ក្នុងការរំដោះជាតិ ហើយបន្តមកដល់បច្ចុប្បន្ន និងទៅអនាគតខាងមុខទៀត។ ផលប្រយោជន៍ជាតិ និងប្រជាជន កម្ពុជាដែលត្រូវថែរក្សាសន្តិភាព និងការអភិវឌ្ឍឱ្យខាងតែបាន ទប់ស្កាត់ និងបង្ក្រាបក្រុមក្បត់ជាតិ ឃុបឃិតនឹង បរទេសបំផ្លាញ ខ្មែរតាមរយៈការបំផ្ទុះបដិវត្តន៍ពណ៌ ការអធិបតេយ្យជាតិទៅដាក់ក្រោមជើងបរទេស ការអំពាវនាវឱ្យបរទេសដាក់សម្ពាធ និងទណ្ឌកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល និងប្រជជនកម្ពុជា ការវាយបំបែក ឆ្នាំងបាយប្រជាជានតាមរយៈការស្នើឱ្យបរទឹសកុំផ្តល់ជំនួយឱ្យកម្ពុជា កុំវិនិយោគនៅកម្ពុជា និងកុំទិញទំនិញពី កម្ពុជា។ ទាំងនេះជាទង្វើក្បត់ជាតិដែលមិនអាចអត់ឱនឱ្យបានឡើយ។

កម្ពុជាបច្ចុប្បន្នខុសពីកម្ពុជាអតីត! ពីមុនគេស្គាល់កម្ពុជា ដោយសារតែរបបវាលពិឃាតខ្មែរក្រហម និងរូបភាព អាក្រក់ៗផ្សេងទៀតតាមការលាបពណ៌របស់បក្សប្រឆាំង និងជនបរទេសមួយចំនួន ឬអង្គការក្រៅរដ្ឋាភិបាលខ្លះ ដែលចាំបាច់ត្រូវសរសេររបាយការណ៍អាក្រក់ពីកម្ពុជាដើម្បីទទួលបានជំនួយ ប៉ុន្តែពេលនេះកម្ពុជាពិតជា បាន បោះជំហានទៅមុខ និងល្បីល្បាញខាងទេសចរណ៍ វប្បធម៌ កំណើនសេដ្ឋកិច្ច ការអភិវឌ្ឍ ការថែរក្សាបាននូវ សុខសន្តិភាព ស្ថេរភាពនយោបាយ និងជាប្រទេសមួយ ដែលមានកេរ្តិ៍ឈ្មោះល្អក្នុងបេសកកម្មមនុស្ស ធម៌ ក្រោមឆ័ត្រ អង្គការសហប្រជាជាតិ និងជាដៃគូជាមួយប្រទេសនានាទាំងតូចទាំងធំដោយស្មើភាព និងស្មើសិទ្ធិ! នេះជាមោទនភាពពិតរបស់ជាតិ និងប្រជាជនកម្ពុជា មិនមែនដូចបក្សប្រឆាំង និងប្រធានអង្គការមានតែក្បាល ខ្លះខិតខំទាញទម្លាក់កម្ពុជាដែលជាប្រទេសផ្តល់កំណើតឱ្យខ្លួន ចូលទៅក្នុងភក់ជ្រាំ។ ការថែរក្សាសន្តិភាពបាន កម្ពុជានឹងទទួលបាននូវឱកាសគ្រប់បែបយ៉ាងទាំងផ្នែកការអភិវឌ្ឍ សេដ្ឋកិច្ច សង្គមកិច្ច ធនធានមនុស្ស និង ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត ។
ហេតុនេះហើយបានជា កម្ពុជាត្រូវចាត់វិធានការចាំបាច់នានាដើម្បីការពារសន្តិភាព ដែលរកបានមកដោយ ការបូជាសាច់ស្រស់ឈាមស្រស់ របស់ប្រជាជនកងទ័ព និងថ្នាក់ដឹកនាំ របស់យើងឱ្យបាន ហើយប្រឆាំង ដាច់ខាតចំពោះការប៉ុនប៉ងបំផ្លាញប្រទេសគ្រប់បែបយ៉ាងពីក្រុមបក្សប្រឆាំងដឹកនាំដោយ សម រង្ស៊ី និង កឹម សុខា ព្រមទាំងបរិវាររបស់ខ្លួន។ ទង្វើក្បត់ជាតិទាំងនេះ និងការឃុបឃិតជាមួយបរទេសបក្សសង្គ្រោះជាតិ នឹងត្រូវប្រឈមមុខនឹងការសម្រេចពីតុលាការកំពូល រំលាយបក្សនេះចោល និងហាមឃាត់សមាជិក គណៈ អចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយក នៃគណបក្សសង្គ្រោះជាតិប្រមាណជាង ១០០នាក់មិនឱ្យធ្វើនយោបាយ រយៈពេល៥ឆ្នាំផងដែរ! ការគ្រប់គ្រងស្ថានការណ៍មិនឱ្យបក្សប្រឆាំងសម្រេចបានជោគជ័យនូវផែនការ បដិវត្តន៍ ពណ៌របស់ខ្លួនគឺជាភាពជោគជ័យយ៉ាងធំធេងរបស់ប្រជាជនកម្ពុជា និងជាភព្វសំណាង របស់កម្ពុជាដែលមាន មេដឹកនាំដូច សម្តេចតេជោ ហ៊ុន សែន ដែលបានជួយរំដោះជាតិ និងសង្គ្រោះជីវិតប្រជាជន ពីរបបខ្មែរក្រហម នាំយកសន្តិភាពពេញលេញជូនកម្ពុជា តាមរយៈនយោបាយឈ្នះ-ឈ្នះ ការអភិវឌ្ឍប្រទេសជាតិឱ្យរីកចម្រើន និងមានកំណើនសេដ្ឋកិច្ចប្រមាណជាង ៧%ក្នុងមួយឆ្នាំ។

ក្រោយពីរងសោកនាដកម្ម និងការដាក់ទណ្ឌកម្ននយោបាយ និងសេដ្ឋកិច្ចទាំងអយុត្តិធម៌កាលពីអតីតកាល ពេលនេះកម្ពុជាពិតជាមានមោទនភាពដែលមានសុខសន្តិភាព និងការអភិវឌ្ឍ ហើយបានដើរតួនាទីសំខាន់ ទាំងនៅក្នុងតំបន់ និងពិភពលោក។

ស្នាមញញឹមមេដឹកនាំកម្ពុជានៅពេលនេះក៏ជាស្នាមញញឹមរបស់ប្រជាជនខ្មែរ ដែរ និងជាស្នាមញញឹមប្រកប ដោយមោទនភាពជាតិខ្មែរ ហើយយើងជាជនជាតិខ្មែរត្រូវនាំគ្នាជ្រោងទង់ជាតិខ្មែរ មោទនភាពជាតិនេះឱ្យ គង់វង្សជារៀងរហូត៕

ដោយ៖ ចៅចាក់ស្មុក








No comments:

Post a Comment