Monday, November 13, 2017

រុស្ស៊ី ព្រមផ្តល់ជំនួយសម្រាប់ការបោះឆ្នោតនៅកម្ពុជា និងគាំទ្រពេញទំហឹងចំពោះចំណាត់ការទាំងឡាយក្នុងការរក្សាស្ថិរភាពនយោបាយ

តាមរយៈសំណើរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រទេសរុស្ស៊ី បានសម្រេចផ្តល់ជំនួយសម្រាប់ដំណើរការបោះ ឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៦ នាឆ្នាំ២០១៨ខាងមុខនេះ ជាមួយការគាំទ្រយ៉ាងពេញទំហឹងចំពោះវិធានការ និងចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងការថែរក្សាសន្តិសុខ និងស្ថិរភាពនយោបាយ។

ការសម្រេចផ្តល់ជំនួយសម្រាប់ដំណើរការបោះឆ្នោតនៅឆ្នាំ២០១៨នេះ បានធ្វើឡើងនៅក្នុងជំនួបសំណេះសំណាលរវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកនាយករដ្ឋមន្រ្តីរុស្ស៊ី លោក ឌីមេទ្រី ម៉ាក់ម៉េដេវ។ លោក ឌីមេទ្រី ម៉ាក់ម៉េដេវ បានថ្លែងថា ក្រៅពីផ្តល់ជំនួយសម្រាប់ការបោះឆ្នោតហើយនោះ លោក ក៏នឹងផ្តល់អ្នកសង្កេតការណ៍មកចូលរួមសង្កេតការណ៍លើការបោះឆ្នោតនៅកម្ពុជាផងដែរ។

នាយករដ្ឋមន្រ្តីរុស្ស៊ី បានថ្លែងថា កម្ពុជា គឺជាមិត្តដ៏ស្និទ្ធស្នាលរបស់រុស្ស៊ី ហើយរុស្ស៊ីក៏គាំទ្រទាំងស្រុងចំពោះចំណាត់ការទាំងឡាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សានូវស្ថិរភាពនយោបាយ និងសន្តិភាពនៅក្នុងប្រទេស ដោយមិនអនុញ្ញាតឱ្យបរទេសចូលមកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនោះ។ ក្នុងជំនួបខាងលើនេះ លោកនាយករដ្ឋមន្រ្តីរុស្ស៊ី ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងការជួសជុលមន្ទីរពេទ្យរុស្ស៊ីផងដែរ ហើយដំណើរការជួសជុលនឹងចាប់ផ្តើមឡើងនាពេលឆាប់ៗខាងមុខនេះ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានស្នើដល់នាយករដ្ឋមន្រ្តីរុស្ស៊ីឱ្យពិចារណាលុបបំណុលដែលកម្ពុជាជំពាក់។ ត្រង់បញ្ហានេះ នាយករដ្ឋមន្រ្តីរុស្ស៊ីបានឆ្លើយតបថា នឹងបង្កើតក្រុមការងារ ដើម្បីសិក្សាទៅលើបញ្ហានេះ។ ជំនួបពិភាក្សារវាងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ឌីមេទ្រី ម៉ាក់ម៉េដេវ ក៏បានពិភាក្សាផ្តោតជាសំខាន់ទៅលើការបង្កើនទំហំពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។ នាយករដ្ឋមន្រ្តីកម្ពុជា និងរុស្ស៊ី ក៏បានពិភាក្សាក្នុងការបើកឱ្យមានហោះហើរត្រង់ពីរុស្ស៊ី ទៅខេត្តព្រះសីហនុងផងដែរ៕





No comments:

Post a Comment