Thursday, November 12, 2020

អភិបាលរងខេត្តក្រចេះ ដឹកនាំកិច្ចប្រជុំឆមាសទី៣ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

ក្រចេះ៖ នៅថ្ងៃទី១២ ខែវិច្ឆកា ឆ្នាំ២០២០ លោក ប៉ែន លីណាត អភិបាលរងខេត្តក្រចេះ ជាប្រធានក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំឆមាសទី៣ ឆ្នាំ២0២០ របស់ក្រុមកាងារបច្ចេកទេស លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ខេត្តក្រចេះ។ដោយមានការចូលរួមពីលោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ រួមអង្គការដៃគូ កិច្ចប្រជុំនេះធ្វើឡើងដោយមន្ទីរអភិវឌ្ឍ ជនបទ និងគាំទ្រដោយអង្គការ KWWA នៅសាលប្រជុំសាលា ខេត្តក្រចេះ។

លោក លឹម ជាហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានបញ្ជាក់ពីផែនការសកម្មភាពខេត្តជំហានទី២ ដែលបានចូលរួមកសាងផែនការ ពីបណ្តាភាគីពាក់ព័ន្ធនានា ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានបញ្ជាក់ថា ពីក្របខណ្ឌលទ្ធផលចុងក្រោយថា ប្រជាជននៅទីជនបទ ត្រូវទទួលបាននូវការប្រើប្រាស់ទឹកស្អាត និងអនាម័យ ប្រកបដោយ សមធម៌ និរន្តរភាព និងសុវត្ថិភាព ឬយ៉ាងហោចណាស់ ៩០% នៃប្រជាជនបទត្រូវទទួលបានសេវាផ្គត់ផ្គង់ទឹកជនបទកម្រិតមូលដ្ឋាន និង៨០% នៃប្រជាជនត្រូវទទួលបាននូវសេវាអនាម័យកម្រិតមូលដ្ឋាន។ការផ្គត់ផ្គង់ទឹកស្អាតនៅទីក្រុង និងតំបន់ទីប្រជុំជនរបស់ខេត្ត មានការរីកចម្រើនគួរឲ្យកត់សំគាល់ ជាពិសេសក្នុងបណ្តាឆ្នាំថ្មីៗកន្លងទៅនេះការផ្គត់ផ្គង់ទឹក ជូនប្រជាពលរដ្ឋនៅជនបទ តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្គត់ផ្គង់ទឹករួមមាន៖ ការផ្តល់អណ្តូងស្នប់ ស្រះសហគមន៍ អាងត្រងទឹកភ្លៀង សហគមន៍គ្រួសារ និងប្រពន័្ធចែកចាយទឹកសហគមន៍ ដែលធ្វើឲ្យប្រជាជនទទួលបានទឹកប្រើប្រាស់មានលក្ខណៈប្រសើរឡើង។ 

លោកបន្តថាយោងតាមទិន្នន័យគោលនៃមន្ទីរអភីវឌ្ឍន៍ជនបទខេត្តស្តីពីការងារទឹកស្អាត សុខភាព និង អនាម័យរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ អត្រាផ្គត់ផ្គង់ទឹកជនបទ គឺមាន៧៥% កើនឡើង ៦% ធៀបនឹងឆ្នាំ២០១៨ ដែលមានត្រឹម ៦៨.៩% (ទិន្នន័យទឹកស្អាត និងអនាម័យ ខេត្តក្រចេះ MIS ត្រឹមឆមាសទី៣ ឆ្នាំ២០២០) ។ អត្រាគ្របដណ្តប់ផ្នែកអនាម័យជនបទ គិតត្រឹមឆ្នាំ២០២០ គឺមាន៥៥% កើនឡើង១១% ធៀបនឹងឆ្នាំ២០១៨ ដែលមានត្រឹម៤៤% (ទិន្នន័យទឹកស្អាត និងអនាម័យ ខេត្តក្រចេះ MIS ត្រឹមឆមាសទី ៣ ឆ្នាំ២០២០) អត្រាកំណើននៃផ្នែកទាំងពីរនេះ គឺដោយសារមានការណែនាំ និងចង្អុលបង្ហាញពីសំណាក់ថ្នាក់ ដឹកនាំក្រសួងអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំខេត្ត ព្រមទាំងមានការចូលរួមពីមន្ទីរស្ថាប័នពាក់ព័ន្ធអាជ្ញាធរគ្រប់ថ្នាក់ ដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ និងមានកិច្ចសហការចូលរួម របស់ប្រជាពលរដ្ឋ នៅតាមសហគមន៍ ដែលជាអ្នកទទួលផលផងដែរ។

ក្នុងឱកាសនោះលោក ប៉ែន លីណាត បានថ្លែងថា កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ ព្រោះវាបានផ្ដល់ឱកាស ឲ្យភាគីពាក់ព័ន្ធ អាជ្ញាធរខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍នានា បានជួបពិភាក្សា ចែករំលែកបទពិសោធន៍ ផ្លាស់ប្ដូរទស្សនៈ គំនិតគនិតយោបល់ ក្នុងការស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីសំរេចឲ្យបាននូវគោលដៅផែនការ សកម្មភាពខេត្ត ស្ដីពីការ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ របស់រាជរដ្ឋាភិបាលកម្ពុជា និងឈានទៅសំរេចនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ 

លោកបន្តទៀតថា ស្ថានភាពអនាម័យជនបទ ជាបញ្ហាប្រឈមដ៏ធំមួយ ក្នុងវិស័យសុខភាពសាធារណៈ របស់ប្រជាពលរដ្ឋ នៅសហគមន៍ លើការប្រតិបត្តិអនាម័យ ឲ្យបានជាប្រចាំ ដើម្បីឈានទៅរកធ្វើការផ្លាស់ប្តូរទម្លាប់ ពីការរស់នៅគ្មានអនាម័យឲ្យក្លាយទៅជា ការរស់នៅមានអនាម័យ ដើម្បីលើកកម្ពស់វិស័យ សុខភាពសាធារណៈ និងជីវភាពរស់នៅ របស់ពួកគាត់ឲ្យមានភាពប្រសើរឡើង នៅតាមសហគមន៍ជនបទ។ការផ្លាស់ប្ដូរ ដោយងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ជាប្រចាំ ពិតជាបានរួមចំណែក ក្នុងការលើកកម្ពស់អនាម័យ នៅក្នុងសហគមន៍ ព្រមទាំងជៀសបាន នូវការឆ្លងរីករាលនៃជំងឺនានា នៅពេលប្រជាពលរដ្ឋងាកមកទទួលទានទឹកស្អាត និងប្រើប្រាស់បង្គន់ជាប្រចាំ ព្រមទាំងបានរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើតសេដ្ឋកិច្ចជាតិផងដែរ៕







No comments:

Post a Comment