Thursday, November 12, 2020

លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ វាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ

 កំពង់ឆ្នាំង៖ ក្នុងគោលបំណងជំរុញដល់ដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ននានា មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយអោយកាន់តែទទួលបានលទ្ធផលល្អនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដំណើរដោយលោក ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ ខភម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជានាយសេនាធិការចំរុះ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងនាយទាហានជាន់ខ្ពស់ក្នុងក្រសួងការពារជាតិ និងអគ្គបញ្ជាការ កងទ័ពជើងគោកនិងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញចុះត្រួតពិនិត្យដំណើរការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីធ្វើការវាយតម្លៃអំពីដំណើរការសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺននេះសំរាប់ការត្រៀមធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាញ់កាំភ្លើងកងទ័ពជើងគោកអាស៊ានក៏ដូចជាកីឡាស៊ីហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងឆ្នាំ២០២៣នៅពេលខាងមុខផងដែរ។

លោក ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរទាំងអស់បានចុះទៅពិនិត្យការដ្ឋានសាងសង់មណ្ឌលទីលានបាញ់គ្រាប់ពិត ដែលមាន៖ ទីលានបាញ់កាំភ្លើងខ្លីនារី ទីលានបាញ់កាំភ្លើងខ្លីបុរស ទីលានបាញ់កាំភ្លើងយន្ត ទីលានបាញ់កាំភ្លើងវែង ទីលានបាញ់កាំភ្លើងការ៉ាប៊ីន។ ក្រៅពីនេះមានសាងសង់ អគារវេទិកាយោធា អគារកីឡាកររង់ចាំបាញ់ ឃ្លាំងដាក់អាវុធ និងគ្រាប់ត្រៀមបាញ់ ចំណតរថយន្ត អគារហ្វឹកហាត់ជំនាញប្រឆាំងភេវរកម្ម ឃ្លាំងដាក់គ្រាប់ ឃ្លាំងដាក់កាំភ្លើង បន្ទប់ដុតអុស អគារស្នាក់នៅ និងផ្ទះបាយសម្រាប់កងការពារ និងអគារហ្វឹកហាត់តាមបច្ចេកទេសប្រព័ន្ធស៊ីមូឡេហ្សិន (Simulation)។

លោក ទៀ បាញ់ ព្រមទាំងប្រតិភូអមដំណើរទាំងអស់ បានចុះទៅពិនិត្យការដ្ឋានសាងសង់ស្ថានីយផលិតទឹកស្អាតទី២ អគារទីចាត់ការ ស្ថានីយ៍ចម្រោះទឹកស្អាត អគារស្នាក់នៅ វេទិកាសំរាប់ការប្រារព្ធពិធី និងអាងស្តុកទឹក និងបានជួបសំណេះសំណាលជាមួយសិក្ខាកាមនៅក្នុងមជ្ឈមណ្ឌលកងរាជអាវុធហត្ថភ្នំជំរាយផងដែរ។

ក្នុងឱកាសចុះពិនិត្យការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ននានា មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ នាពេលនោះ លោក ទៀ បាញ់ បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃដំណើរការសាងសង់មជ្ឈមណ្ឌលហ្វឹកហ្វឺន ដែលនេះមានលក្ខណៈល្អប្រពៃ គឺចំទិសដៅដែលយើងចង់បានដែលត្រូវប្រើប្រាស់ជាពហុវិស័យ និងឈានដល់កំរិតអន្តរជាតិថែមទៀត។

លោក ទៀ បាញ់ ក៏បានឯកភាពចំពោះការស្នើសុំប្តូរឈ្មោះ ពីមជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថភ្នំជំរាយ ទៅជាភ្នំជុំរីករាយវិញ។ ទាក់ទងទៅនឹងការទទួលធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាបាញ់កាំភ្លើងកងទ័ពជើងគោកអាស៊ាន ឆ្នាំ២០២២ លោក បានបញ្ជាក់ថា ប្រសិនបើការសាងសង់ហេដ្ឋារចនាសម្ព័ននានា ក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជំរាយបានរួចរាល់ និង មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ កម្ពុជានឹងប្រកាសទទួលធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡាបាញ់កាំភ្លើងកងទ័ពជើងគោកអាស៊ាននេះ៕





No comments:

Post a Comment