Monday, October 25, 2021

សត្វផ្សោត ទន្លេមេគង្គដែលរស់នៅអន្លង់ឈើទាល នៃអន្តរព្រំប្រទល់រវាង កម្ពុជានិង ឡាវកំពុងឈានទៅបាត់បង់ទាំងស្រុង


ភ្នំពេញ៖ សត្វផ្សោតទន្លេមេគង្គ (Orcaella brevirostris) ដែលរស់នៅដាច់ស្រយាលពីគេ ក្នុងអន្លង់ឈើទាល ស្ថិតជាប់នឹងព្រំប្រទល់នៃសាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ កំពុងឈានទៅបាត់បង់ទាំងស្រុង។នេះបើតាមការចេញសេចក្តីប្រកាសរួមគ្នារវាងរដ្ឋបាលជលផលកម្ពុជាអង្គការអាស៊ីនៃអង្គការ WWF និង អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN)នៅថ្ងៃទី២៤ ខែ តុលាឆ្នាំ ២០២១។ គួរបញ្ជាក់ថាសត្វផ្សោតទន្លេមេគង្គ ត្រូវបានអ្នកវិទ្យាសាស្ត្រចាត់ថ្នាក់ក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទសត្វជិតផុតពូជ។ នៅក្នុងប្រទេសក្រកម្ពុជា សត្វផ្សោតទាំងនេះកំពុងរស់នៅតាមទីជម្រកសំខាន់ៗនៃទន្លេមេគង្គ ចាប់ពីទីរួមខេត្តក្រចេះ រហូតដល់ព្រំប្រទល់នៃប្រទេសឡាវ ត្រង់ប៉ែកខាងក្រោមនៃល្បាក់ខោន ដែលមានចម្ងាយ១៨០គម។


បើតាមលទ្ធផលជំរឿនសត្វផ្សោតក្នុងឆ្នាំ ២០២០ បានប៉ាន់ប្រមាណថាមានចំនួនត្រឹមតែ៨៩ ក្បាលប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលចំនួនកូនផ្សោតដែលបានកត់ត្រាថ្មីៗ។ ក្រុមសត្វផ្សោតដែលរស់នៅក្នុងអន្លង់ឈើទាល គឺជាក្រុមរស់នៅដាច់ដោយឡែកពីក្រុមសត្វផ្សោតដទៃទៀត ដែលកំពុងរស់នៅតាមដងទន្លេមេគង្គក្នុងប្រទេសកម្ពុជា។


ប្រភពខាងលើនេះបានបញ្ជាក់ថាបើផ្អែកតាមការសិក្សាអង្កេត ចំនួនសត្វផ្សោតនៅអន្លង់ឈើទាលបានថយចុះជាបន្តបន្ទាប់មកត្រឹម៣ក្បាលក្នុងឆ្នាំ២០១៨ និង១ក្បាលក្នុងឆ្នាំ២០២១។ តាមការពិនិត្យជាក់ស្តែង អន្លង់ឈើទាលនេះ រងនូវហានិភ័យខ្ពស់ ដែលធ្វើឱ្យសត្វផ្សោតរស់ក្នុងអន្លង់នោះបានស្លាប់ជាបន្តបន្ទាប់ ដោយសារការប្រែប្រួលរបបទឹកផ្នែកខាងលើនៃទន្លេមេគង្គ និងកិច្ចសហការក្នុងការទប់ស្កាត់ការនេសាទដោយប្រើឧបករណ៍ហាមឃាត់ក្នុងតំបន់ព្រំដែននៃប្រទេសទាំងពីរ។ ម៉្យាងទៀត សត្វផ្សោតមួយចំនួននៅអន្លង់ឈើទាលនេះក៏បានស្លាប់ បណ្តាលមកពីអាយុកាលផងដែរ។ ចំនួនសត្វផ្សោតនៃអន្លង់អន្តរព្រំដែនឡាវ-កម្ពុជា បានធ្លាក់ចុះជាបន្តបន្ទាប់នេះ អ្នកវិទ្យាសាស្ត្របានប្រកាសរួចមកហើយកាលពីឆ្នាំ ២០១៦ ថា ហ្វូងផ្សោតដែលរស់នៅក្នុងអន្លង់ឈើទាលនេះនឹងឈានទៅផុតពូជនៅថ្ងៃខាងមុខ។


លោកបណ្ឌិត Randall Reeves ប្រធានក្រុមអ្នកជំនាញវិទ្យាសាស្រ្តផ្នែកពពួកថនិកសត្វទឹកនៃអង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធម្មជាតិ (IUCN) បានបញ្ជាក់ប្រាប់ថា៖ «សត្វផ្សោតនៃអន្លង់អន្តរព្រំដែនឡាវ-កម្ពុជានឹងឈានទៅបាត់បង់ហើយ ដោយសារវានៅសេសសល់ចំនួនតិចតួចណាស់ ហើយត្រូវបានអ្នកវិទ្យាសាស្រ្តដឹងថាវាបានរស់នៅដាច់ឆ្ងាយពីហ្វូងធំៗដទៃទៀត ដែលកំពុងរស់នៅក្នុងអន្លង់នៃខ្សែទឹកខាងក្រោមទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង»។


នៅក្នុងឆ្នាំ ២០០៧ ការតាមដានស្ថានភាព និងចំនួនសត្វផ្សោតដោយផ្អែកលើអត្តសញ្ញាណរូបថតដែលធ្វើឡើងដោយរដ្ឋបាលជលផលនៃរាជរដ្ឋាភិបាលកម្ពុជា និងអង្គការ WWF បានកត់ត្រាទុកសត្វផ្សោតពេញវ័យចំនួន ៨ ក្បាល ដែលធ្លាប់បានរស់នៅក្នុងអន្លង់អន្តរព្រំដែនឡាវ-កម្ពុជានេះ។ ការតាមដានក្រោយៗទៀតដែលបានប្រព្រឹត្តទៅតាមវដ្តនៃការធ្វើជំរឿនសត្វផ្សោត បានបង្ហាញថា ចំនួននេះបានធ្លាក់ចុះ ត្រឹមចំនួន ៣ ក្បាល នៅក្នុងឆ្នាំ ២០១៨ និងមកនៅត្រឹមតែមួយក្បាលប៉ុណ្ណោះ នៅក្នុងឆ្នាំ ២០២១ នេះ ដោយផ្សោតមួយក្បាលនេះមានអត្តលេខសម្គាល់ លេខ ៣៥ ។


ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានថ្លែងឱ្យដឹងថា៖ « ការថយចុះចំនួនសត្វផ្សោតនៅអន្លង់ឈើទាល (អន្លង់អន្តរព្រំប្រទល់) ដែលនឹងឈានទៅបាត់បង់នាពេលខាងមុខ ជាសញ្ញាប្រកាសអាសន្នមួយដល់អនាគតនៃថនិកសត្វដ៏សំខាន់ប្រភេទនេះ។ បច្ចុប្បន្ន ទោះបីជា សត្វផ្សោតនៅសល់តែចំនួនមួយក្បាលក្នុងអន្លង់ឈើទាលនេះក៏ដោយ ក៏រដ្ឋបាលជលផលនៅតែបន្តខិតខំការពារ និងពង្រឹងកិច្ចសហការជាមួយភាគីឡាវ ក្នុងការគ្រប់គ្រងធនធានជលផលដ៏មានតម្លៃនេះ។


ជាមួយគ្នា ឯកឧត្តម ពុំ សុថា បានបញ្ជាក់បន្ថែមថា៖ «សត្វផ្សោតទន្លេមេគង្គត្រូវបានការពារ និងអភិរក្សយ៉ាងតឹងរឹង ដោយច្បាប់ស្តីពីជលផល និងអនុក្រឹត្យស្តីពីការបង្កើតតំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គនៃព្រះរាជាណាចក្រកម្ពុជា។

សត្វផ្សោតទន្លេមេគង្គបានប្រឈមនឹងការគំរាមកំហែងកាន់តែខ្លាំងឡើងៗអស់រយៈកាលជាច្រើនទសវត្សរ៍មក ហើយ។ កត្តាគំរាមកំហែងដែលជាមូលហេតុចំបងៗដែលបានបណ្តាលឱ្យចំនួនសត្វផ្សោតនៅក្នុងអន្លង់អន្តរព្រំដែនធ្លាក់ចុះជាបន្តបន្ទាប់រួមមានការស្លាប់ដោយជាប់នឹងមងនេសាទ ការអភិវឌ្ឍទំនប់វារីអគ្គីសនីនៅខ្សែទឹកបែកខាងលើមេគង្គដែលបង្កការរាំងនូវលំហូរទឹកជាធម្មជាតិ ការនេសាទហួសកំម្រិត និងការអនុវត្តវិធីសាស្រ្តនេសាទបែបបំផ្លាញ ដូចជាការប្រើឧបករណ៍ឆក់ជាដើម។ កត្តាគំរាមកំហែងទាំងនេះក៏កំពុងបន្តដាក់សម្ពាធខ្លាំងឡើងៗលើការរស់រានមានជីវិតរបស់សត្វផ្សោតនៃទន្លេមេគង្គទាំងមូល។


នៅក្នុងឆ្នាំ ២០២០ និងក្នុងឆមាសទី ១ នៃឆ្នាំ ២០២១ នេះ ការងារល្បាតតាមទីជម្រករបស់សត្វផ្សោត តាមបណ្តោយដងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង បានសម្រេចបានលទ្ធផលសំខាន់ៗដូចជាការរឹបអូសនូវមងនេសាទខុសច្បាប់ សរុបប្រវែងប្រមាណ ១១២.០០០ ម៉ែត្រ ព្រមទាំងរឹបអូសនូវសន្ទូចរនងដាក់ក្នុងទីជម្រកផ្សោតសរុបប្រវែងប្រមាណជាង ១៣១.០០០ ម៉ែត្រផងដែរ។ ការងារល្បាតក៏បានទប់ស្កាត់និងរឹបអូសផងដែរនូវការនេសាទដោយឧបករណ៍ឆក់សរុបចំនួន ២០ ករណីផងដែរ។


ទាក់ទិនក្នុងរឿងនេះដែរឯកឧត្ដម ពុំ សុថា បានមានប្រសាសន៍ថា៖ «សូមអាជ្ញាធរពាក់ព័ន្ធនៃប្រទេសទាំងពីរ ពង្រឹងកិច្ចសហប្រតិបត្តិការជិតស្និទ បន្ថែមទៀត ដើម្បីចូលរួមគ្រប់គ្រងធនធានជលផលនៅតំបន់អន្តរព្រំប្រទល់ ដែលជាប្រយោជន៍ដល់សហគមន៍មូលដ្ឋាននៃប្រទេសទាំងពីរ និងការរស់រាននៃសត្វផ្សោតដែលនៅសល់ក្នុងអន្លង់ឈើទាលនេះ»។


លោកស្រីបណ្ឌិត Uzma Khan អ្នកសម្របសម្រួលកម្មវិធីអភិរក្សសត្វផ្សោតទន្លេ និងប្រព័ន្ធទន្លេប្រចាំតំបន់អាស៊ីនៃអង្គការ WWF និងជាសមាជិកនៃក្រុមអ្នកជំនាញវិទ្យាសាស្រ្តផ្នែកពពួកថនិកសត្វទឹកនៃអង្គការសហភាពអន្តរជាតិដើម្បីអភិរក្ស ធម្មជាតិ (IUCN) បានឱ្យដឹងថា៖ «យើងកំពុងតែមើលឃើញការបាត់បង់ដ៏គួរឱ្យសោកសង្រេងនូវសត្វផ្សោតអន្តរព្រំប្រទល់ដែលជាសត្វនិមិត្តរូបដ៏សំខាន់មួយប្រភេទនេះ។ វាពិតជាការសោកស្តាយមួយដ៏ខ្លាំងពន់ពេក។» លោកស្រី បានបន្ថែមទៀតថា៖ «ខណៈពេលដែលការឈានជិតទៅផុតពូជរបស់សត្វផ្សោតនៃអន្លង់អន្តរព្រំប្រទល់នឹងចូលមកដល់ យើងសូមអំពាវនាវដល់រដ្ឋាភិបាលឡាវ និងកម្ពុជាក្នុងការរួមសហការគ្នាដើម្បីបញ្ឈប់ការប្រើប្រាស់មង និងវិធីនេសាទខុសច្បាប់ដទៃៗទៀតទាំងនៅក្នុង និងជុំវិញអន្លង់អន្តរព្រំប្រទល់ ក៏ដូចជារួមគ្នាបន្ទាន់ដើម្បីរៀបចំផែនការស្តារឡើងវិញនូវទីជម្រកដោយរក្សា និងធានាឱ្យបាននូវលំហូរទឹកជាធម្មជាតិ សម្រាប់ការរស់រានរបស់សត្វផ្សោត និង ត្រីមេពូជផ្សេងៗជាច្រើនប្រភេទទៀត»។


ប្រតិបត្តិការទំនប់វារីអគ្គីសនីនៅតាមដងទន្លេមេគង្គ បានបង្កឱ្យមានផលវិបាកយ៉ាងធ្ងន់ធ្ងររួចហើយដល់ប្រព័ន្ធទន្លេដែលស្ថិតនៅផ្នែកខាងក្រោមនៃទំនប់ទាំងនោះ។ រាល់គម្រោងសាងសង់ទំនប់វារីអគ្គីសនីដទៃៗទៀតដែលបានស្នើឡើងនៅលើដងទន្លេមេគង្គនឹងបង្កើនហេតុប៉ះពាល់ និងផលវិបាកកាន់តែធ្ងន់ធ្ងរបន្ថែមទៀតដល់ការរស់រានមានជីវិតរបស់សត្វផ្សោតដែលនៅសេសសល់ក្នុងទន្លេមេគង្គ ព្រមទាំងធនធានជលផលជាច្រើនប្រភេទផ្សេងៗទៀត។ ឯកឧត្ដម ពុំ សុថា បានទទូចស្នើដល់ប្រទេសនៅផ្នែកខាងលើនៃដងទន្លេមេគង្គថា៖ «រាល់ការអភិវឌ្ឍ ជាពិសេស ការសាងសង់ទំនប់វារីអគ្គិសនី គួរធ្វើការសិក្សា និងវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ធនធានធម្មជាតិ និងសង្គម ឱ្យបានពេញលេញ មុននឹងធ្វើការសម្រេចចិត្តជាចុងក្រោយ។


ជាមួយគ្នា ឯកឧត្តមប្រតិភូ ក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដែលបានសម្រេចពន្យាពេលនៃការអនុម័តគម្រោងវារីអគ្គិសនីនៅតាមដងទន្លេមេគង្គ ដូចជា គម្រោងទំនប់វារីអគ្គិសនីសំបូរ ក្នុងខេត្តក្រចេះ ជាដើម។ ដោយឡែកលោក គង់ ចាន់ធី ប្រធានបណ្តាញសហគមន៍នេសាទ ស្រុកបុរីអូរស្វាយសែនជ័យ ក្នុងខេត្តស្ទឹងត្រែងនៃប្រទេសកម្ពុជាបានឱ្យដឹងថា៖ «សត្វផ្សោតទន្លេមេគង្គត្រូវបានប្រជាជនកម្ពុជាគោរព និងចាត់ទុកថាជាសត្វដ៏ពិសិដ្ឋ ព្រោះវាគាំទ្រដល់ការចិញ្ចឹមជីវិតរបស់យើង ដោយផ្តល់នូវប្រភពសម្រាប់រកប្រាក់ចំណូល និងការងារយ៉ាងសំខាន់មួយដល់ប្រជាជនសហគមន៍ដែលប្រកបរបរទេសចរណ៍ធម្មជាតិមើលសត្វផ្សោត»។


លោក គង់ ចាន់ធី បានបន្ថែមទៀតថា៖ «ប្រជាជនកម្ពុជាមានជំនឿថា ទីណាមានផ្សោត ទីនោះមានត្រី។ បើគ្មានត្រី និងគ្មានផ្សោតទេ ការរស់នៅរបស់សហគមន៍យើងក៏នឹងត្រូវអន្តរាយផងដែរ»។ ឯកឧត្តម ពុំ សុថា និងលោក សេង ទៀក នាយកអង្គការ WWF ប្រចាំប្រទេសកម្ពុជា បានឯកភាពគ្នាថា នាពេលអនាគត ប្រសិនបើសត្វផ្សោតមួយក្បាលដែលកំពុងរស់នៅក្នុងអន្លង់ឈើទាលនេះ បានបាត់បង់បន្ថែមទៀត រដ្ឋបាលជលផល និងអង្គការ WWF នឹងរៀបចំធ្វើរូបសំណាកសត្វផ្សោត ដាក់តាំងនៅលើច្រាំងទន្លេមេគង្គនៃអន្លង់ឈើទាល ដើម្បីរំលឹកដល់សាធារណៈជន និងកូនចៅជំនាន់ក្រោយ បានចងចាំនូវវត្តមានសត្វផ្សោត ដែលធ្លាប់រស់នៅទីនោះ៕ដោយ៖ម៉ាដេប៉ូ






No comments:

Post a Comment