ក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនខ្មែរដែលកំពុងរស់នៅ ធ្វើការ និងសិក្សា ប្រមាណ ២៥០០នាក់ នៅទ្វីបអឺរ៉ុប ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលអាណត្តិទី៧ តាមរយៈយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ បានដាក់ចេញនូវគោលដៅក្នុងការប្រែក្លាយឋានៈប្រជាពលរដ្ឋក្រីក្រ ឱ្យក្លាយទៅជាឋានៈមធ្យម ហើយពលរដ្ឋដែលមានឋានៈមធ្យម ឲ្យក្លាយទៅជាអ្នកមានបន្ថែមទៀត។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរដែលមានជីវភាពមធ្យមមានការកើនឡើងច្រើន ជាក់ស្តែងនៅភ្នំពេញ ប្រជាពលរដ្ឋមានឡាន មានម៉ូតូ ដែលភាគច្រើនពួកគាត់ពុំមែនជាអ្នកមានខ្លាំងនោះទេ ប៉ុន្តែគាត់ក៏មិនមែនក្រនោះដែរ ព្រោះគាត់អាចមានលទ្ធភាពទិញផ្ទះ ទិញឡាន ម៉ូតូប្រើប្រាស់បាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ប្រជាពលរដ្ឋដែលមសនជីវភាពមធ្យម ជាពិសេសមន្រ្តីរាជការ ភាគច្រើនអាចមានលទ្ធភាពទិញផ្ទះល្វែងរស់នៅបាន ដែលនេះហើយជាកំណើននៃជីវភាពមធ្យមដែលយើងចង់បាន។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល មានគោលដៅ ធ្វើយ៉ាងណាឲ្យអ្នកដែលមានជីវភាពមធ្យម ក្លាយទៅជាអ្នកដែលមានជីវភាពធូធារ ហើយអ្នកដែលមានជីវភាពក្រ មកជាអ្នកដែលមានជីវភាពមធ្យម៕
No comments:
Post a Comment