Wednesday, June 28, 2017

អាមេរិក​ទម្លាយ​រឿង​សម្ងាត់៖ ​យោធាស៊ីរី​កំពុង​រៀបចំ​គម្រោង​វាយប្រហារ​ដោយ​ប្រើអាវុធគីមី​ទៀត​ហើយ!

(វ៉ាស៊ីនតោន)​៖ សេត​វិមាន​សហរដ្ឋអា​មេរិកបា​នឱ្យដឹងថា​ រដ្ឋាភិបាល​ស៊ីរី​ទំនងជា​កំពុងរៀប​ចំ​ធ្វើ​ការវាយ​ប្រហារដោយ​អាវុធ​គីមីសារ​ជាថ្មីម្តង​ទៀត ​និងបាន​ព្រមានប្រធានាធិបតី​ស៊ីរីលោក​ បាស្សា អា​ល់ អាស្សាដ​ ថា រូបលោករួមទាំងកងទ័ពរបស់លោក នឹងទទួលរងគ្រោះដោយលទ្ធផលធ្ងន់ធ្ងរជាក់ជាពុំខានឡើយបើសិនជាហ៊ានបើកការវាយប្រហារបែបដូច្នោះមែននោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia ដកស្រង់ពីទីភ្នាក់ងារ Reuters នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមិថុនា ឆ្នាំ២០១៧។

សេចក្តីថ្លែងការណ៍របស់សេតវិមានបានលើកឡើងថា ការរៀបចំនាពេលថ្មីៗនេះរបស់ស៊ីរី គឺដូចទៅនឹងសកម្មភាពទាំងប៉ុន្មានដែលត្រូវបានធ្វើឡើងនៅមុនការវាយប្រហារដោយអាវុធគីមី កាលពីថ្ងៃទី០៤ ខែមេសាកន្លងទៅនេះ ដែលបានផ្តាច់យកអាយុជីវិតប្រជាជនស៊ីវិលស្លូតត្រង់យ៉ាងតិច ៧០នាក់ រួមមានទាំងកុមារតូចៗផងដែរ ហើយទង្វើរនេះហើយដែលបានជំរុញឱ្យប្រធានាធិបតី ដូណាល់ ត្រាំ ចេញបញ្ជាឱ្យកងនាវាចម្បាំងអាមេរិកបាញ់មីស៊ីលចំនួន ៥៩គ្រាប់ ស្រោចទៅលើមូលដ្ឋានទ័ពអាកាសមួយកន្លែងក្នុងប្រទេសស៊ីរី ទោះបីជារដ្ឋាភិបាលលោក អាស្សាដ បានបដិសេធថា មិនបានបើកការវាយប្រហារដោយអាវុធគីមីក៏ដោយ។

គួរបញ្ជាក់ផងដែរថា ការសម្រេចបាញ់មីស៊ីលជិត ៦០គ្រាប់ ទៅលើមូលដ្ឋានទ័ពស៊ីរីនោះ គឺជាសកម្មភាពព្រមានដោយផ្ទាល់មួយរបស់សហរដ្ឋអាមេរិក នៅក្នុងអំឡុងសង្រ្គាមស៊ីវិលរយៈ០៦ឆ្នាំ របស់ប្រទេសស៊ីរី ហើយវាក៏បានបង្កើនហានិភ័យនៃការប្រឈមមុខដាក់គ្នា របស់ទីក្រុងវ៉ាស៊ីនតោនជាមួយប្រទេសរុស្ស៊ី និងអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តយោធាដ៏សំខាន់របស់ លោក អាស្សាដ ថែមទៀតផង៕


No comments:

Post a Comment