Wednesday, June 28, 2017

កម្ពុជា-ចិន ខិតខំបង្កើនកិច្ចសហប្រតិបត្តិការ លើវិស័យអប់រំ​បណ្តុះបណ្តាល​បច្ចេកទេស ​និងវិជ្ជាជីវៈ​ ដើម្បីឆ្លើយ​តបទៅនឹង​តម្រូវការ​ពលកម្ម​ជំនាញ​

ក្នុងជំនួបពិភាក្សាការងាររវាងលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារកម្ពុជា ជាមួយលោក ចិន សិននីង អភិបាលរងខេត្តជាំងស៊ូ នៅទីក្រុងណានជីង នាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជាសេនាធិការ បានឯកភាពជាមួយរដ្ឋបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន នឹងខិតខំបង្កើនកិច្ចសហប្រតិបត្តិការថែមទៀត លើវិស័យអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីឆ្លើយតបទៅនឹងតម្រូវការពលកម្មជំនាញ ខណៈវិស័យឧស្សាហកម្មនៅកម្ពុជា កំពុងមានការលូតលាស់ និងស្របទៅនឹងគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

នាឱកាសនោះ ភាគីទាំងពីរបានលើកឡើងពីចំណងមិត្តភាពយ៉ាងល្អរវាង កម្ពុជា-ចិន តាំងពីថ្នាក់ដឹកនាំសម័យមុនរហូតមកដល់បច្ចុប្បន្ន ជាពិសេសក្នុងសម័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានធ្វើឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ឈានដល់កម្រិតយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោករដ្ឋមន្ត្រី អ៊ិត សំហេង បានឲ្យដឹងថា ផ្តើមចេញពីចំណុចនេះ ធ្វើឱ្យការវិនិយោគពាណិជ្ជកម្មទេសចរណ៍ចិននៅកម្ពុជា កើនឡើងជាលំដាប់។

លោករដ្ឋមន្ត្រី បានលើកឡើងទៀតថា ភាគីកម្ពុជាបានអរគុណចំពោះភាគីចិន ដែលបានផ្តល់ការគាំទ្រសព្វបែបយ៉ាងដល់កម្ពុជា ជាពិសេសខេត្តជាំងស៊ូ បានគាំទ្របង្កើតឱ្យមានការវិនិយោគ នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ដែលប្រែក្លាយតំបន់នេះ ទៅជាតំបន់ឧស្សាហកម្ម មានរោងចក្រជាង១០០ និងផ្តល់ការងារដល់ប្រជាពលរដ្ឋជិត២ម៉ឺននាក់ មិនត្រឹមតែប៉ុណ្ណោះ នាពេលអនាគត ភាគីទាំងពីរមានសុឆន្ទៈប្រែក្លាយតំបន់សេដ្ឋកិច្ចពិសេសនេះ ឱ្យទៅជាទីក្រុងទំនើបមួយ ដែលមានទាំងខ្សែចង្វាក់ផលិតកម្ម សេវាកម្ម លំនៅដ្ឋាន ព្រមទាំងសាលារៀន។

លោករដ្ឋមន្រ្តីបានបន្តថា ភាគីចិនក៏បានបង្កើតឱ្យមានវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ សម្រាប់ជួយអភិវឌ្ឍធនធានមនុស្ស មិនត្រឹមតែសម្រាប់ក្រុមហ៊ុនដែលនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនោះទេ តែក៏សម្រាប់លើកស្ទួយធនធានមនុស្ស ជាពិសេសលើវិស័យអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ សម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ ហើយនាពេលថ្មីៗនេះ ក៏មានការបើកឱ្យមានការហោះហើរត្រង់ពីទីក្រុងអ៊ូស៊ី នៃខេត្តជាំងស៊ូ មកកាន់ខេត្តព្រះសីហនុ ដែលជើងហោះហើរនេះ បានបង្កលក្ខណៈងាយស្រួលមួយកម្រិតទៀតដល់ការវិនិយោគ ព្រមទាំងបានទាក់ទាញអ្នកវិនិយោគកាន់តែច្រើនឡើង សម្រាប់ប្រទេសកម្ពុជា៕




No comments:

Post a Comment