Thursday, June 29, 2017

លោក កែវ រ៉េមី ស្នើឱ្យអង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្សផ្តល់យុត្តិធម៌ឱ្យរាជដ្ឋាភិបាលក្នុងការងារសិទ្ធិមនុស្ស

ភ្នំពេញ៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានលើកឡើងនៅក្នុងសិក្ខាសាលាថ្នាក់ជាតិស្តីពី ” ការពិគ្រោះយោបល់ និងវាយតម្លៃពាក់កណ្ដាលអាណត្តិ លើការអនុវត្តអនុសាសន៍ក្រោយការត្រួតពិនិត្យជាសាកលតាមកាលកំណត់ (UPR) របស់ប្រទេសកម្ពុជា ” ថា សូមឱ្យមានការសហការគ្នា ប្រកបដោយវិជ្ជាជីវៈ និងផ្ដល់យុត្តិធម៌ដល់ការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ដោយប្តូរការគិតអវិជ្ជមានក្នុងការងារសិទ្ធមនុស្ស។ មួយវិញទៀត សូមកុំគិតដូចអ្នកខ្លះលើកឡើងថា កម្ពុជាជាប្រទេសដែលមានស្ថានការណ៍សិទ្ធិមនុស្សអាក្រក់អី សូមផ្លាស់ប្តូរទស្សនៈនេះ ដើម្បីធ្វើការជាមួយគ្នា (រាជរដ្ឋាភិបាល និងសង្គមស៊ីវិល) កុំគ្រាន់តែដើម្បីវ៉ៃប្រហារ និងចោទប្រកាន់។

នៅក្នុងពិធីបើកសិក្ខាសាលា នៅសណ្ឋាគារសាន់វ៉េ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ លោក កែវ រ៉េមី ក៏បានគូសបញ្ជាក់ផងដែរថា ស្ថានការណ៍សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា គឺមានលក្ខណៈល្អប្រសើរ ជាពិសេសគឺប្រជាពលរដ្ឋ អាចប្រើប្រាស់សិទ្ធបញ្ចេញមតិយ៉ាងទូលំទូលាយ។ លោកបានថ្លែងថា ដោយបច្ចេកវិទ្យាកាន់តែជឿនលឿនទៅមុខ គួបផ្សំនឹងការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទនៅកម្ពុជា មានតំលៃថោក ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អ៊ីនធឺណេត នៅកម្ពុជាកាន់តែមានចំនួនច្រើនឡើង និងអាចប្រើប្រាស់បានយ៉ាងទូលំទូលាយ ពិសេសគឺបណ្តាញទំនាក់ទំនងសង្គម (Social Media) តែម្តង។ ប៉ុន្តែទោះបីយ៉ាងណា លោក កែវ រ៉េមី បានបញ្ជាក់ថា ការប្រើប្រាស់សិទ្ធត្រូវស្ថិតនៅក្រោមច្បាប់ និងមិនត្រូវប៉ះពាល់ដល់សិទ្ធអ្នកដទៃឡើយ។

លោក កែវ រ៉េមី បានបន្តថា មានប្រទេសខ្លះ មានតែគណបក្សមួយប៉ុណ្ណោះ តែកម្ពុជាវិញ គឺប្រជាធិបតេយ្យសេរីពហុបក្ស ដែលនេះបង្ហាញពីការផ្តល់សិទ្ធសម្រាប់ការធ្វើនយោបាយ ជូនអ្នកនយោបាយនានា និងប្រជាពលរដ្ឋទូទៅមានសិទ្ធសេរីភាពយ៉ាងពេញលេញ ក្នុងការជ្រើសរើសអ្នកតំណាងដែលខ្លួនពេញចិត្ត។ លោកបានបន្ថែមថា ដោយសារនៅកម្ពុជាមានគណបក្សច្រើន មានគណបក្សខ្លះ បានចោទប្រកាន់ថា ការបង្កើតគណបក្សនយោបាយដើម្បីចូលរួមប្រកួតប្រជែង គឺជាការបំបែកសន្លឹកឆ្នោតរបស់បក្សខ្លួនទៅវិញ នេះជាការចោទប្រកាន់មួយដែលមិនសមរម្យ។ មួយវិញទៀត អ្នកខ្លះពេលគេចាកចេញពីគណបក្សរបស់ខ្លួនចោទគេថា ក្បត់បក្ស ប៉ុន្តែការពិតទាំងនេះគឺជាសិទ្ធសម្រេចចិត្តក្នុងប្រទេសប្រជាធិបតេយ្យប៉ុណ្ណោះ ដែលប្រជាពលរដ្ឋមានសិទ្ធិជ្រើសរើស បក្សនយោបាយដែលខ្លួនពេញចិត្ត។

លោក កែវ រ៉េមី បានបញ្ជាក់ថា បើនិយាយពីស្ថានការណ៍សិទ្ធមនុស្សនៅកម្ពុជា លោកពិតជាអរគុណខ្លាំងណាស់ចំពោះសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រោះនៅកម្ពុជា ទាំងសិទ្ធអប់រំ សិទ្ធកុមារ សិទ្ធស្ត្រី សិទ្ធសាសនា ជាដើម គឺមានលក្ខណៈល្អប្រសើរ ដែលប្រទេសមួយចំនួននៅលើសកលលោក នៅមិនទាន់មាន និងធ្វើបានល្អនៅឡើយ។ លោកសង្កត់ធ្ងន់ថា ទាំងនេះគឺមកពីការគ្រប់គ្រងប្រទេសបានល្អ ព្រោះបើប្រទេសខ្ទេចខ្ទីហើយ កុំនិយាយពីរឿងសិទ្ធមនុស្ស៕





No comments:

Post a Comment