Thursday, June 29, 2017

ក្រសួងបរិស្ថានបានបំពេញកិច្ចការ ១៨ចំណុច ដើម្បីគាំពារជីវភាពមន្ត្រីរាជការ ពង្រឹងស្មារតី និងសាមគ្គីភាពផ្ទៃក្នុង

យោងតាមគណនី ហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧នេះ បានបង្ហោះផ្សាយនូវអត្ថបទមួយស្តីពី ចំណុច១៨ ដែលក្រសួងបានបំពេញជូនមន្ត្រីរាជការក្នុងក្រសួង ដើម្បីគាំពារជីវភាព ពង្រឹងស្មារតី និងសាមគ្គីភាពផ្ទៃក្នុងមន្ត្រីរាជការក្នុងក្របខណ្ឌក្រសួងបរិស្ថាន។ ខាងក្រោមនេះជាខ្លឹមសារទាំងស្រុងដែលក្រសួងបរិស្ថានបានបង្ហោះផ្សាយ៖

តាំងពីដើមអាណត្តិទី៥នៅចុងឆ្នាំ២០១៣រហូតមកដល់ពេលនេះ ក្រសួងបរិស្ថានបានធ្វើកិច្ចការ ១៨ចំណុចធំៗ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ សុខុមាលភាព បង្កើនសមត្ថភាព លទ្ធភាព និងភាពជាម្ចាស់លើខ្លួនឯង។ ចំណុចទាំងនោះរួមមាន៖ ១- ការឧបត្ថមថវិកាចំនួន៣លានរៀលដល់មន្ត្រីរាជការស្ត្រីដែលសម្រាលបុត្រ ២- ការឧបត្ថមថវិកាចំនួន៣លានរៀល ដល់មន្ត្រីរាជការរៀបអាពាហ៍ពិពាហ៍ ៣-ការឧបត្ថមថវិកាចំនួន៣លានរៀល ដល់គ្រួសារមន្ត្រីរាជការដែលបានទទួលមរណភាព ៤- ផ្តល់អាហារថ្ងៃត្រង់ដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យាដែលមានការខ្វះខាត និងលំនៅដ្ឋានឆ្ងាយពីក្រសួងជាប្រចាំថ្ងៃប្រមាណ៣០០នាក់ ៥- បែងចែកចំណូលរបស់ក្រសួង ជូនមន្ត្រីរាជការក្នុងរយៈពេលបីខែម្តង ៦- ផ្តល់ប្រេងឥន្ធនៈប្រចាំខែជូនមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ៧-ផ្តល់ប្រាក់រង្វាន់ដល់មន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានៅពេលបុណ្យចូលឆ្នាំប្រពៃណី បុណ្យភ្ជុំបិណ្ឌ និងបុណ្យចូលឆ្នាំសកល ៨-ក្រសួងមិនតម្រូវឱ្យមានការរៃអង្គាសថវិកាពីមន្ត្រីរាជការ ដើម្បីវិភាគទានបក្ស ៩- ការបង់ប្រាក់សន្សំចំនួន ៥០០០រៀល ក្នុងមួយខែជូនមន្ត្រីរាជការទាំងអស់ ទៅក្នុងគណនីយសន្សំនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK ដែលទទួលបានការប្រាក់ក្នុងអត្រា ៩% មួយឆ្នាំ ១០-បើកប្រាក់បៀវត្សជូនមន្ត្រីរាជការទៀតទាត់នៅសប្តាហ៍ទី៤នៃខែនីមួយៗតាមប្រព័ន្ធ WING ១១- បើកប្រាក់បេសកកម្មជូនមន្ត្រីរាជការ ទៅតាមគោលការណ៍កំណត់ ១២- រៀបចំការតម្លើងកាំប្រាក់ និងឋានន្តរសក្តិជូនមន្ត្រីរាជការតាមគោលការណ៍ច្បាប់ ១៣- មន្ត្រីរាជការនៃក្រសួងបរិស្ថានទទួលការបញ្ចុះថ្លៃព្យាបាល ២០%នៅមន្ទីរពេទ្យជោរីក្រុងភ្នំពេញ និងមន្ទីរពេទ្យព្រះកេតុមាលា ៥០% តាមរយៈការចុះអនុស្សរណៈរបស់ក្រសួង ១៤-បញ្ចូលមន្ត្រីជាប់កិច្ចសន្យា និងមន្ត្រីស្ម័គ្រចិត្តចំនួន៤៣រូប ដែលបានបំពេញការងារសកម្មនៅក្រសួងអស់រយៈពេលច្រើនឆ្នាំ ទៅក្នុងក្របខណ្ឌក្រសួង ១៥-ពិធីជួបជុំគ្នារវាងមន្ត្រីរាជការ ១៦. លើកកម្ពស់ការចូលរួមរបស់ស្ត្រី និងយុវជនក្រសួង ក្នុងកិច្ចការសង្គម និងកិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន រួមទាំងផ្តល់ ការគាំទ្រថវិកា និងបច្ចេកទេស ១៧-ក្រុមការងារសមាគមនារីក្រសួងចុះសួរសុខទុក្ខ និងឧបត្ថម្ភថវិកាដល់មន្ត្រីចូលនិវត្តន៍ ដែលមានជីវភាពខ្វះខាត មានជំងឺ និងគ្រោះថ្នាក់ផ្សេងៗ និង១៨-រៀបចំសំណេះសំណាល ឧបត្ថមសម្ភារៈ និងថវិកាដល់មន្ត្រីចូលនិវត្តន៍៕





No comments:

Post a Comment