Thursday, June 29, 2017

លោក​ស្រី ​ម៉ៅ ​ម៉ាល័យ ​កែ​ គឹមយ៉ាន​ ផ្ដល់​កាដូ​សាឡង់​ចម្លង​ស្ទឹងស្ពានស្រែង​​ជាការអរគុណ​ដល់​ប្រជាពលរដ្ឋ​ក្រោយ​ការ​បោះឆ្នោត

ខេត្ត​សៀមរាប៖​ សាឡង់​ទំហំ​ ៦ម៉ែត្រគុណ​៨ម៉ែត្រ និង​ផ្លូវលំ១ខ្សែ​ តភ្ជាប់​ពីវត្តពោធិ៍ (ភូមិរោគ) ​ឆ្ពោះទៅកំពង់ចម្លងគៀនចំបក់​ ភូមិមុខឈ្នៀង​ ឃុំស្ពានស្រែង​ ស្រុកភ្នំស្រុក​ ខេត្ត​បន្ទាយមានជ័យ ​ឈមនឹងភូមិគៀនស្រែ ឃុំត្រាំសសរ ស្រុកស្រីស្នំ ខេត្តសៀមរាម ជាចំណងដៃ ជូនប្រជាពលរដ្ឋក្រោយពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្ងៃទី៤ មិថុនា កន្លងមក។ លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានរៀបចំពិធីបែបសាសនា និងពិធីប្រគល់សាឡង់សម្រាប់ប្រើប្រាស់នេះ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧។
លោក យឹម សំណាង អភិបាលស្រុកភ្នំស្រុក បានឱ្យដឹងថា សាឡង់មួយគ្រឿងនេះ ពិតជាបានសម្រាលនូវការលំបាក របស់បងប្អូនប្រជាពលរដ្ឋ ក្នុងស្រុកចំនួនពីរ គឺស្រុកស្រីស្នំ នៃខេត្តសៀមរាប និងស្រុកភ្នំស្រុកនៃខេត្តបន្ទាយមានជ័យ ក្នុងការប្រាស្រ័យទាក់ទងគ្នា ពិសេសដឹកជញ្ជូនកសិផលមកលក់នៅទីរួមខេត្ត។ មួយវិញទៀត សាឡង់នេះ បានដើរតួយ៉ាងសំខាន់សម្រាប់ចម្លងសិស្សានុសិស្ស ពីត្រើយភូមិត្រាំសសរ នៃស្រុកស្រីស្នំ ឱ្យបានមករៀននៅសាលា ក្នុងឃុំស្ពានស្រែង។
លោក យឹម សំណាងថា ក៏បានបញ្ជាក់ថា សាឡង់នេះ ជាមធ្យោបាយដ៏ចម្បង សម្រាប់ប្រជាពលរដ្ឋ ជាច្រើនភូមិក្នុង ឃុំស្ពានស្រែង និងឃុំត្រាំសសរ ក្នុងការធ្វើដំណើដឹកកសិផល ផលនេសាទ បញ្ជូនអ្នកជម្ងឺទៅមណ្ឌលសុខភាព និងចម្លងសិស្សានុសិស្សទៅសាលារៀនផងដែរ។ តំណាងពលរដ្ឋ ក៏បានថ្លែងថា នេះជាគុណបំណាច់យ៉ាងធំធេង របស់លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ដែលជានិច្ចកាលលោកស្រីតែងតែគិតគូរពីទុក្ខលំបាក របស់បងប្អូននៅទីជនបទចុងកាត់មាត់ញក។

លោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍ ខេត្តបន្ទាយមានជ័យ ក៏បានផ្តាំផ្ញើឱ្យបងប្អូនទាំងអស់ធ្វើយ៉ាងណាត្រូវចេះថែរក្សា កុំយកថ្លៃលើសហួសហេតុ ពិសេសអ្នកជម្ងឺមិនត្រូវទារលុយពីការចម្លងឡើយ។ ថ្វីត្បិតតែសាឡង់នេះ ជាចំណងដៃក្រោយការបោះឆ្នោតក៏ដោយ មិនមែនបញ្ឈប់ការជួយត្រឹមនេះទេ ឱ្យតែបងប្អូនមានទុក្ខលំបាកគឺនៅតែមានវត្តមានលោកស្រីជានិច្ច៕





No comments:

Post a Comment