Wednesday, June 28, 2017

លោក សួស យ៉ារ៉ា៖ ពាក្យថា​ «សង្រ្គោះជាតិ»​ គឺជាពាក្យ​មួយដែល​មានដើមកំណើត​ ពីគណបក្ស​ប្រជាជនកម្ពុជា​

ក្នុងឱកាស អបអរសារទរខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១-២៨.០៦.២០១៧) ក្រោមវត្តមានលោក មាស សុភា ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧ នៅស្នាក់ការគណបក្ស ប្រជាជនកម្ពុជា ខេត្តព្រះវិហារ លោក សួស យ៉ារ៉ា សមាជិកនៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអ្នកតំណាងរាស្ត្រមណ្ឌលព្រះវិហារ បានលើកឡើងថា ពាក្យថា «សង្រ្គោះជាតិ» គឺជាពាក្យមួយដែលមានដើមកំណើត ពីគណបក្សប្រជាជនកម្ពុជាត្រូវប្រើ បើផ្អែកតាមប្រវត្តិសាស្ត្រ មិនមែនគណបក្សផ្សេង យកទៅប្រើបោកបញ្ឆោត ប្រជាពលរដ្ឋនោះទេ។

លោក សួស យ៉ារ៉ា បានថ្លែងបន្តថា ទោះបីលោកជាយុវជនជំនាន់ក្រោយក៏ពិតមែន តែប្រវត្តិសាស្ត្ររបស់ប្រទេសជាតិ ត្រូវតែដឹង និងទទួលស្គាល់ទាំងអស់គ្នា។

កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៧ បន្ទាប់ពីលោកទៅទស្សនានៅខេត្តត្បូងឃ្មុំ ជាមួយថ្នាក់ដឹកនាំ និងឥស្សរជនជាន់ខ្ពស់នានា ក្រោមវត្តមាន លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រធានគណបក្ស ជាកន្លែងដែលលោកនាយករដ្ឋមន្រ្តី ធ្វើការតស៊ូសង្រ្គោះប្រទេសជាតិ និងប្រជាពលរដ្ឋចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។

លោក សួស យ៉ារ៉ា បន្តថាផ្តើមចេញពីតំបន់នោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសង្គ្រោះខ្មែរគ្រប់ភាគី ក្លាយជាខ្មែរតែមួយ ជ្រកក្រោមដំបូលរាជរដ្ឋាភិបាល ដោយគ្មានការបែងចែកដូចមុននោះទេ ហើយនាំគ្នាកសាងប្រទេសជាតិ ឲ្យមានសន្តិភាព មានការអភិវឌ្ឍរហូតមកដល់សព្វថ្ងៃ។ លោកបន្ថែមថា ដូច្នេះពាក្យសង្រ្គោះជាតិ យើងត្រូវផ្តល់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាស្ថាបនិកតែមួយគត់។ ហើយពាក្សសង្រ្គោះជាតិ ជាកម្មសិទ្ធិដើមរបស់គណបក្សប្រជាជនកម្ពុជា ដោយឡែក គណបក្សផ្សេងដែលយកពាក្យសង្រ្គោះជាតិមកប្រើ គឺជាការបោកប្រាស់សុទ្ធសាធ បើផ្អែកតាមប្រវត្តិរបស់គណបក្សនោះ តើគេបានសង្គ្រោះអ្វីខ្លះ?

លោក សួស យ៉ារ៉ា បានឲ្យដឹងទៀតថា លោកនឹងធ្វើជាអ្នកឧទ្ទេសនាម ក្នុងពេលសមរម្យណាមួយ ជាមួយប្រធានគណបក្សខេត្ត សមាជិកបក្ស សមាជិកា និងប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ទៅទស្សនាកន្លែងតស៊ូពិតប្រាកដ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅខេត្តត្បូងឃ្មុំ។

លើសពីនោះ លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នានៅឆ្នាំ២០១៨ ដើម្បីគាំទ្របេក្ខភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិក្រោយៗទៀត៕




No comments:

Post a Comment