Wednesday, June 28, 2017

ក្រសួងរៀបចំដែនដី រៀបចំផែនការសាងសង់ផ្ទះជាង​៣០០ខ្នង​ ជូនគ្រួសារយោធិន​ និងនគរបាល​ តាមបណ្ដោយ​ព្រំដែន​ ក្នុងខេត្ត​មួយចំនួន​

បើតាមលោក បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកលំនៅដ្ឋាននៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្រសួងបានរៀបចំផែនការសាងសង់ផ្ទះជាង៣០០ខ្នង សម្រាប់ឆ្នាំ២០១៧នេះ ជូនគ្រួសារយោធិន និងនគរបាល តាមបណ្ដោយព្រំដែនក្នុងខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៧នេះ ក្នុងវេទិកាលំនៅដ្ឋានថ្នាក់ជាតិ នៅសណ្ឋាគារអ៊ីនធឺរខន់ ធីណេនថល លោកអគ្គនាយក បេងហុង សុជាតិ​ ខេមរ៉ូ បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានប្រគល់ភារកិច្ចជូនក្រសួងរៀបចំដែនដី ដែលអនុវត្តដោយអគ្គនាយកលំនៅដ្ឋាន បានសាងសង់ផ្ទះជូនអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារពួកគេបានចំនួន១,៦៨០ខ្នង និងបានសាងសង់ផ្ទះជូនគ្រួសារយោធិន និងនគរបាលបានចំនួន ៤,០៧៧ខ្នង នៅតាមបណ្ដោយព្រំដែនក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។

លោកថ្លែងយ៉ាងដូច្នេះថា ក្រសួងបានរៀបចំផែនការសាងសង់ផ្ទះ ប្រចាំឆ្នាំ២០១៧ ជូនគ្រួសារយោធិន និងនគរបាល តាមបណ្ដោយព្រំដែនក្នុងខេត្តស្វាយរៀង ខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ចំនួន៣៦៧ខ្នង។

លោក ខេមរ៉ូ បានបន្តថា ក្រសួងរៀបចំដែនដី បានដាក់ឲ្យដំណើរការគម្រោងសាងសង់លំនៅដ្ឋានសមរម្យចំនួន ២ក្រុមហ៊ុន រួមមាន៖ ទី១៖ គម្រោងលំនៅដ្ឋានសាធារណៈរបស់ក្រុមហ៊ុន World Bridge Land Co.,Ltd  ស្ថិតនៅភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្ដាល ដែលកំពុងកសាងផ្ទះល្វែងចំនួន ២,២៩៧ល្វែង និងទី២៖ គម្រោងសាងសង់លំនៅដ្ឋានតម្លៃសមរម្យរបស់ក្រុមហ៊ុន B & BM Deverlopment Co.,Ltd ស្ថិតនៅភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្ដាល ដែលកំពុងសាងសង់ផ្ទះចំនួន ៥,៣៤០ខ្នង។

សូមបញ្ជាក់ថា ក្រសួងរៀបចំដែនដី តាមរយៈអគ្គនាយកដ្ឋានលំនៅដ្ឋាន បានសហការជាមួយក្រុមហ៊ុន Arakawa របស់ប្រទេសជប៉ុន ប្រតិបត្តិការលើគម្រោងអភិវឌ្ឍឡើងវិញ នូវអគារប៊ូឌីញ «ស» មានសភាពចាស់ទ្រុធទ្រោម ដែលចំណាយថវិកាវិនិយោគពី ៧០-៨០លានដុល្លារអាមេរិក។

លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី បានឲ្យដឹងថា ទុនវិនិយោគលើវិស័យសំណង់ និងលំនៅដ្ឋាន ក្នុងឆ្នាំ២០១៦ កន្លងទៅ មានប្រមាណ ៥,៥៨០លានដុល្លារអាមេរិក។ ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០១៧នេះ មានប្រមាណ ៤,៣៦២លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០១៦ គឺមានកំណើនប្រមាណ ២០ភាគរយ និងបង្កើតការងារជូនប្រជាពលរដ្ឋបានជាង ២០ម៉ឺននាក់ ក្នុងមួយថ្ងៃ។

លោកទេសរដ្ឋមន្រ្តីបានបន្ថែមថា ចំនួនប្រជាជនរស់នៅក្នុងរាជធានី ទីក្រុង និងទីប្រជុំជន នៅឆ្នាំ២០១៤ មានចំនួនប្រមាណ ៤.៥លាននាក់ ស្មើនឹង ២៧.១ភាគរយ និងបន្តកើនឡើងដល់ ៧.៩២លាននាក់ ស្មើនឹង ៤៤ភាគរយ នៅឆ្នាំ២០៣០។ សម្រាប់រយៈពេល១៥ឆ្នាំ (២០១៥-២០៣០) តម្រូវការលំនៅដ្ឋានសម្រាប់តំបន់រាជធានី ទីក្រុង និងទីប្រជុំជន មានប្រមាណ ៨០ម៉ឺនលំនៅដ្ឋាន ដែលគិតជាមធ្យមមានតម្រូវការប្រមាណ ៥ម៉ឺនលំនៅដ្ឋាន ក្នុងមួយឆ្នាំ៕





No comments:

Post a Comment