Friday, September 08, 2017

អភិបាលខេត្តប៉ៃលិន បំផុសឱ្យប្រជាពលរដ្ឋយកផលិតផលមកតាំងពិពណ៌ក្នុង​វេទិការថ្នាក់​ជាតិ​លើក​ទី៤

ខេត្តប៉ៃលិន៖ លោក កើត សុធា អភិបាលខេត្តប៉ៃលិន បាន​លើក​ឡើងក្នុងកិច្ច​ប្រជុំ​ពិភាក្សា​ការ​ងារ​ជា​មួយថ្នាក់ដឹកនាំ អង្គភាព មន្ទីរជំនាញជំវិញ​ពាណិជ្ជកម្មខេត្ត នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ​២០១៧  ដើម្បីត្រៀមរៀបចំវេទិការថ្នាក់ជាតិលើកទី៤ ស្តីពីការជំរុញការអនុវត្តគោល​នយោបាយ​អភិវឌ្ឍន៍​ពាណិជ្ជកម្ម កសិឧស្សាហកម្មកម្ពុជា នៅខេត្តប៉ៃលិន លោក កើត សុធា អភិបាល​ខេត្ត​ប៉ៃលិន បានជំរុញដល់ថ្នាក់ដឹកនាំ អង្គភាព មន្ទីរស្ថា ប័នជំនាញជុំវិញខេត្តទាំងអស់ ត្រូវ​សហការ​គ្នា ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យមកចូលរួម ដាក់តាំងបង្ហាញផលិតផល​របស់គាត់ឱ្យ​បាន​ផុល​ផុស ដើម្បីឆ្លើយតបនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញ​ការអនុវត្ត​​គោល​នយោបាយ អភិវឌ្ឍន៍ កសិពាណិជ្ជកម្ម កសិឧស្សាហកម្មនៅកម្ពុជា ។  លោកបានមានប្រសាសន៍បន្តថា ការរៀបចំវេទិការនេះពិតជាមានសារៈ​សំខាន់ណាស់​ដើម្បីឱ្យ​ ប្រជាពលរដ្ឋ​មានឱកាសបញ្ចេញស្នាដៃ និងសមិទ្ធិផលនានារបស់ខ្លួន ក្នុងការដាក់តាំងបង្ហាញ ពីផលិតផល កសិកម្ម កសិ-ពាណិជ្ជកម្ម កសិ-ឧស្សាហកម្ម គ្រឿងយន្តកសិកម្ម ដើម្បីអោយ​ភ្ញៀវ​ជាតិ អន្តរជាតិ បានស្គាស់ពីវប្បធម៌ប្រពៃណី ស្ថានភាពជីវភាពរស់នៅ ការប្រកបមុខរបរ និង កសិផល​នានា របស់បងប្អូនប្រជាពលរដ្ឋ នៅក្នុងតំបន់ផងដែរ។ នៅក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានសំនូមពរដល់ គ្រប់អង្គភាព មន្ទីរជំនាញស្ថាប័នជំវិញខេត្តទាំងអស់ ត្រូវធ្វើ​ផែន​​​ការរៀបចំជាមុនទៅតាមភារៈកិច្ចតួនាទីរៀងៗខ្លួន  ដោយផ្តល់ភារៈ​កិច្ចជូនដល់មន្រ្តី​ទទួល​បន្ទុក ផ្នែកការ​ពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋឱ្យមានម្ចាស់ការ និងទទួលខុស​ត្រូវខ្ពស់ ។

សូមជម្រាបផងដែរថា ការប្រារព្ធពិធីវេទិការថ្នាក់ជាតិលើកទី៤ ស្តីពីការជំរុញការអនុវត្តគោល​នយោ​បាយ​អភិវឌ្ឍន៍​​កសិពាណិជ្ជកម្ម កសិឧស្សាហកម្មកម្ពុជា នៅខេត្តប៉ៃលិន នឹងប្រព្រឹត្តិទៅ​ចាប់ថ្ងៃ​ទី៧-ដល់ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៧ នេះ នៅទីធ្លាមុខសាលាខេត្តប៉ៃលិន ក្បែរវិមានឯករាជ្យ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និង​ប្រជាពលរដ្ឋ​មកពី ២៥រាជធានីខេត្តទូទាំងប្រទេសផងដែរ ៕











No comments:

Post a Comment