Friday, September 08, 2017

រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានបាឡេមួយទៀត ខណៈស្ពានជ្រោយចង្វារចាស់ ត្រូវបិទចរាចរណ៍ទាំងស្រុងដើម្បីជួសជុលឡើងវិញ

រដ្ឋបាលរាជធានីភ្នំពេញគ្រោងសាងសង់ស្ពានបាឡេមួយបន្ថែមទៀតដើម្បី បញ្ជៀសការកកស្ទៈចរាចរណ៍គ្រា ដែលស្ពានជ្រោយចង្វារចាស់ នឹងត្រូវបិទចរាចរណ៍ ទាំងស្រុង ដើម្បីធ្វើការជួសជុលកែលំអរ នៅក្រោយពិធី បុណ្យភ្ជុំបិណ្ឌខាងមុននេះ។ នេះតាមការឱ្យដឹងក្នុងកិច្ចប្រជុំពិភាក្សាការងារជាមួយក្រុមហ៊ុន OCIC នៅព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៧នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ។

ការថ្លែងបញ្ជាក់នៅក្នុងកិច្ចប្រជុំដែលមានការចូលរួមពី តំណាងក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធលោក ឃួង ស្រេង បានសំណូមពរឱ្យភាគីពាក់ព័ន្ធ យកចិត្តទុកដាក់សិក្សាឱ្យបានច្បាស់ ពីផលប៉ះពាល់ដែលអាចកើតមានឡើង ខណៈពេលចាប់ផ្តើមសាងសង់ស្ពាន។

ពាក់ព័ន្ធការងារនេះដែរលោក ឃួង ស្រេង ក៏បានណែនាំឱ្យមន្ទីរសាធរណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ធ្វើការជួសជុលកែសំរួលកំណាត់ផ្លូវជាតិលេខ៥ ឱ្យបានល្អប្រសើរ ដើម្បីសំរួលចរាចរណ៍ដល់ប្រជាពលរដ្ឋ។ លើសពីនេះដើម្បីជួយសំរួលក៏ដូចជា ដើម្បីកាត់បន្ថយការចំណាយ របស់ប្រជាពលរដ្ឋ លោកអភិបាលក្រុង បានជំរុញឱ្យមានការរៀបចំដាក់លិខិតស្នើសុំទៅខាងក្រុមហ៊ុន « លីយ៉ុងផាត់ » ដើម្បីកុំឱ្យយកកំរៃចំពោះ រថយន្តប្រភេទទេសចរណ៍ ខណៈឆ្លងកាត់ស្ពានលីយ៉ុងផាត ( ព្រែកព្នៅ ) អំឡុងពេលដែលមានការស្ថាបនា ស្ពានថ្មី។

គួរបញ្ជាក់ថា គំរោងសាងសង់ស្ពានបាឡេនឹងត្រូវប្រើប្រាស់រយៈពេល៦ខែ ចាប់ផ្តើមចេញពីចំណុចឃ្លាំងសាំង ក្រុមហ៊ុនសូគីមិច គីឡូម៉ែត្រលេខ៦ ក្នុងខណ្ឌឬស្សីកែវ ឆ្លងទៅកាន់ តំបន់អភិវឌ្ឍន៍ជ្រោយចង្វារ ស្ថិតក្នុងសង្កាត់ ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ចំណែកស្ពានជ្រោយចង្វារចាស់ គ្រោងបិទដើម្បីធ្វើការជួសជុលនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៧នេះ ហើយ។ បើតាមគំរោងនឹងប្រើរយៈពេល២២ខែ ក្នុងការស្ថាបនា ដោយចំណាយទឹក ប្រាក់ចំនួន៣០លានដុល្លារ ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាល ជប៉ុនតាមរយៈអង្គការ JICA ៕



No comments:

Post a Comment