Friday, September 08, 2017

លោក ម៉ម ប៊ុនហេង ស្នើចិនវិនិយោគលើផ្នែកសាងសង់មន្ទីរពេទ្យភ្នែក បរិក្ខារទំនើប រថយន្ដគ្លីនិកព្យាបាលភ្នែកចល័ត និងបណ្ដុះបណ្ដាលបច្ចេកទេសវះកាត់ ដល់កម្ពុជា

លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានស្នើឱ្យអង្គការមូលនិធិ អាស៊ាន សម្រាប់បង្ការភាពពិការ ភ្នែក (Asian Foundation for Prevention of Blindness) ដែលមានទីស្នាក់ការ នៅទីក្រុង ហុងកុង ពិនិត្យ មើលលទ្ធភាព នៃការវិនិយោគលើផ្នែកចំនួន៤សំខាន់ៗ នៅកម្ពុជា រួមមាន៖ មន្ទីរពេទ្យភ្នែក ប្រចាំតំបន់ ក្នុង ខេត្តកំពង់ចាម ឧបករណ៍ -បរិក្ខារពេទ្យទំនើ​ប រថយន្ដគ្លីនិកព្យាបាលភ្នែកចល័ត និងការបណ្ដុះ​បណ្ដាល​បច្ចេក​ទេសវះកាត់ភ្នែក ដល់គ្រូពេទ្យកម្ពុជា ព្រោះនេះជាតម្រូវការចំបាច់ ។

លោក ម៉ម ប៊ុនហេង បានថ្លែងបែបនេះក្នុងឱកាស ទទួលដំណើរទស្សនកិច្ចរបស់ លោក Leung chun-ying អនុប្រធានគណៈកម្មាធិការ ពិគ្រោះយោបល់នយោបាយរបស់ចិន នឹងសហការី មកកម្ពុជា នៅថ្ងៃទី០៧ ខែកញ្ញា​​ នេះនៅសណ្ឋាគារអ៊ីនធឺខន ។

លោក ម៉ម ប៊ុនហេង បានថ្លែងបន្ដថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋកម្ពុជា កាន់តែមានបញ្ហាភ្នែក ច្រើនឡើងៗ ដែលបណ្ដាធ្វើឱ្យមានភាពខ្វះខាត អគារ ឧបករណ៍ បរិក្ខារពេទ្យ សម្រាប់ផ្គត់ផ្គង់ការព្យាបាល និងវះកាត់ភ្នែក​ជូនពូកគាត់ ដែលកត្ដាទាំងនេះ ទាមទារឱ្យមានកិច្ចសហការ យ៉ាងជិតស្និទ្ធ និងវិនិយោគពីដៃគូជាតិ-អន្ដរជាតិ បន្ថែមទៀត ។ ម្យ៉ាងវិញទៀតរាជរដ្ឋាភិបាលកម្ពុជា ក៏រីករាយត្រៀមស្វាគមន៍ ចំពោះគោលបំណងចង់មក​វិនិយោគរបស់មហាមិត្ដចិនផងដែរ ។

ឆ្លើយតប នឹងសំណើររបស់លោក ម៉ម ប៊ុនហេង ខាងលើនេះ ​លោក Leung chun-ying គ្រោងនឹងផ្ដល់​រថយន្ដ​គ្លី​និកព្យាបាលភ្នែកចល័តមួយយគ្រឿង ដែលមានគ្រឿងបរិក្ខារពេទ្យ គ្រប់គ្រាន់ សម្រាប់ការ​ធ្វើការព្យា​បាល និងវះកាត់បានភ្លាមៗ ដែលតម្លៃសរុបរហូតដល់ទៅជិត៤០ម៉ឺនដុល្លារ ដែលអាចព្យាបាល​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេសបាន ពិសេសនៅតំបន់ដាច់ស្រយាល ជៀសវាងការធ្វើដំណើរឆ្លងខេត្ដ ដើម្បីធ្វើការព្យាបាលឬ វះកាត់​ភ្នែក តែតម្រូវឱ្យខាងក្រសួងសុខាភិបាលកម្ពុជា ធ្វើការសហការរួមគ្នា ដោយធ្វើយ៉ាងម៉េច ធ្វើការវះកាត់ភ្នែក ឱ្យបានចំនួន២ពាន់ករណី ក្នុងមួយឆ្នាំ ។

លោកបន្ដថា ចំពោះសំណើរមួយចំនួនទៀត លោកនឹងធ្វើការពិភាក្សា ស្វែងយល់បន្ថែមទៀត ដើម្បីឈានដល់​ការ​​ឯកភាពលើលទ្ធភាព នៃការវិនិយោគលើផ្នែកទាំងអស់នេះ​នៅកម្ពុជា ។

គួររលឹកដែលថាកន្លងមក រាជរដ្ឋាភិបាលចិនបានជួយដល់កម្ពុជា ជាច្រើនដូចជា ផ្តល់ជូនរថយន្តសង្រ្គោះបន្ទាន់ ចំនួន២០០គ្រឿង ម៉ាស៊ីនអេក្រូចំនួន២០០គ្រឿង ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលចិន ជាច្រើនទៀតផងដែរ ៕











No comments:

Post a Comment