Friday, September 08, 2017

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូឆា អញ្ជើញសម្ពោធ «សួនមិត្តភាពកម្ពុជា-ថៃ»

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោក ប្រាយុទ្ធ ចាន់អូឆា នាយករដ្ឋមន្រ្តីថៃ ព្រមទាំងភរិយានៃនាយករដ្ឋមន្រ្តីទាំងពីរ នៅល្ងាចថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ អញ្ជើញរួមគ្នាសម្ពោធ «សួនមិត្តភាពកម្ពុជា-ថៃ» ដែលជាទីតាំងនិមិត្តរូបដំបូងគេនៅកម្ពុជាបង្ហាញពីទំនាក់ទំនង និងមិត្តភាបរវាងកម្ពុជានិងថៃ។

អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានឱ្យដឹងថា សួនមិត្តភាពកម្ពុជា-ថៃ ដែលស្ថិតនៅចន្លោះរុក្ខវិថីលេខ៩២ និងវិថីលេខ៩៦ មានទំហំបណ្តោយប្រវែង៤៥៤ម៉ែត្រ និងទទឹងប្រវែង៣១ម៉ែត្រ លាតសន្ធឹងចាប់ពីរង្វង់មូលវត្តភ្នំ រហូតដល់មហាវិថីព្រះមុនីវង្ស ក្នុងភូមិសាស្រ្តវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោកអភិបាល បានបន្តថា សួននេះត្រូវបានកសាងឡើងតាំងពីសម័យអាណានិគមនិយមបារាំងមកម្ល៉េះ ប៉ុន្តែមិនទាន់បានប្រសិទ្ធនាមជាក់លាក់ណាមួយនៅឡើយនោះទេ និងត្រូវបានជួសជុលកែលម្អទៅតាមសម័យកាលជាបន្តបន្ទាប់។ ជាក់ស្តែងក្នុងរយៈពេលកន្លងមករដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុកដាក់កែលម្អសួននេះ ដោយបានរៀបចំអាងបាញ់ទឹក តម្លើងបង្គោលភ្លើង ដាំស្មៅ-ផ្កាចម្រុះពណ៌ និងផ្លាស់ប្តូរកម្រាលថ្មើរជើង ពីថ្មបាយក្រៀម មកជាថ្មក្រានីត លើផ្ទៃក្រឡាសរុបទំហំ ១៤,០៧៤ម៉ែត្រក្រឡា។ លុះនៅដើមឆ្នាំ២០១៧ ផ្តើមចេញពីទំនាក់ទំនងការទូត «កម្ពុជា-ថៃ» ក្រុមហ៊ុន ណុងនូច ប៉ាតាយា ហ្គាឌិន អ៊ែន រីស៊ត បានស្នើសុំធ្វើការកែលម្អ និងលើកកម្ពស់សោភ័ណភាពសួនបន្ថែមទៀត តាមរយៈការតុបតែងដាំដើមរុក្ខជាតិចម្រុះដូចជា ដើមធ្នង់ ស្វាយ ស្លា ជ្រៃ ម្ជុលពេជ្រ ត្នោតប្រាក់ មរមើ តែហុកកៀន និងដើមត្របែកព្រៃសរុបចំនួន ១១,០១៤គុម្ព ដោយនៅតែរក្សាទ្រង់ទ្រាយ រចនាបទនៃសួនដើមដដែល ធ្វើឲ្យផ្ទៃសួនទាំងមូលកាន់តែមានសោភ័ណភាពស្រស់បំព្រង បន្ស៊ីគ្នាទៅនឹងរមណីយដ្ឋានប្រវត្តិសាស្រ្តវត្តភ្នំ និងហេដ្ឋារចនាសម្ព័ន្ធបំពាក់ភ្ជាប់ក្នុងតំបន់នេះ។

លោកអភិបាលរាជធានីភ្នំពេញ បានចាត់ទុកសមិទ្ធិផល «សួនមិត្តភាពកម្ពុជា-ថៃ» បានកើតចេញអំពីមនុញ្ញផលនៃសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន តាមរយៈកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា និងមិត្តភាពយូរអង្វែងនៃទំនាក់ទំនងការទូត «កម្ពុជា-ថៃ» ក្នុងនាមជាប្រទេសជិតខាង ភូមិផងរបងជាមួយគ្នា ក្នុងន័យរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្រ្តរវាងកម្ពុជា-ថៃឱ្យកាន់តែរឹងមាំ និងស្ថិតស្ថេរជានិរន្តរ៍។

សូមបញ្ជាក់ថា លោក ប្រាយុទ្ធ និងភរិយា ព្រមទាំងគណៈរដ្ឋមន្រ្តីថៃ បានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជានៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៧ តបតាមការអញ្ជើញរបស់លោកហ៊ុន សែន។ ដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោក ប្រាយុទ្ធ ក្នុងឋានៈជានាយករដ្ឋមន្រ្តីរបស់ថៃ នៅក្នុងប្រទេសកម្ពុជានេះ គឺដើម្បីចូលរួមដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចម្រុះកម្ពុជា-ថៃ លើកទី៣ ក្រោមប្រធានបទ «ភាពជាដៃគូ ដើម្បីសន្តិភាព និងវិបុលភាព»៕





No comments:

Post a Comment