Friday, October 30, 2015

លោក កឹម សុខា ត្រូវបានដកដំណែងអនុប្រធានទី១រដ្ឋសភា ដោយសម្លេង៦៨ លើ៦៨

តំណែងអនុប្រធានទី១ នៃរដ្ឋសភា របស់លោក កឹម សុខា ត្រូវបានរដ្ឋសភាបោះឆ្នោត ដកតំណែងហើយ នៅព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១៥នេះ បន្ទាប់ពីរដ្ឋសភាបានបើកកិច្ចប្រជុំ ដែលមានរបៀបវារៈបោះឆ្នោតដកតំណែង លោក កឹម សុខា នៅវេលាម៉ោង៩៖១០នាទីព្រឹក ថ្ងៃសុក្រនេះ។ ការដកតំណែងនេះ ក៏ធ្វើឡើងបន្ទាប់ពីមានបាតុកម្មដោយសន្តិវិធីកាលពីថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥កន្លងទៅនៅមុខរដ្ឋសភា ដោយប្រជាពលរដ្ឋបានសំណូមពរឲ្យ ដកដំណែង លោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភា ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សូមជំរាបថា កិច្ចប្រជុំរដ្ឋសភាដើម្បីបោះឆ្នោតទម្លាក់តំណែង លោក កឹម សុខា ធ្វើឡើងក្រោម អធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ហើយ រដ្ឋសភាបានសម្រេចបោះឆ្នោតទម្លាក់ តំណែងអនុប្រធានទី១ នៃរដ្ឋសភារបស់លោក កឹម សុខា ដោយសម្លេង៦៨ លើ៦៨។
ក្នុងរបៀបវារៈប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបញ្ជាក់ថា កិច្ចប្រជុំពិនិត្យ ដកតំណែងរបស់លោក កឹម សុខា នេះធ្វើឡើងតាមសំណើររបស់ ឯកឧត្តម ប៉ែន បញ្ញា និង ឯកឧត្តម ជាម យៀប តំណាងក្រុមតំណាងរាស្រ្ត ៦៣រូប មកពីគណបក្សប្រជាជនកម្ពុជា។
ការដកដំណែង លោក កឹម សុខា នេះដែរ រដ្ឋសភាក៏មានឯកសារស្តីពីសម្រង់ញត្តិ របស់ប្រជាពលរដ្ឋដែលទាមទារឲ្យដកដំណែងអនុប្រធានទី១នៃរដ្ឋសភាពីលោក កឹម សុខា ដោយក្នុងនោះញត្តិរបស់ប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ ចំនួនប្រមាណជាង៥០០០នាក់ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥, ញត្តិរបស់ប្រជាពលរដ្ឋ ខេត្តកំពង់ចាម ចំនួន ១៩.១៨៤នាក់ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥, ញត្តិរបស់ប្រជាពលរដ្ឋ ខេត្តត្បួងឃ្មុំ ចំនួន ១០.៣៨១នាក់ ចុះថ្ងៃទី ២៦ ខែតុលា ឆ្នាំ២០១៥, ញត្តិរបស់ប្រជាពលរដ្ឋ ខេត្តបន្ទាយមានជ័យ ចំនួនប្រមាណជាង ១៥.០០០នាក់ ចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០១៥ និងញត្តិរបស់ប្រជាពលរដ្ឋ ខេត្តស្វាយរៀង ចំនួន ១៨៣.០០០នាក់ ចុះថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០១៥។
ក្រៅពីនោះក៏មានញត្តិរបស់តំណាងរាស្ត្រ គោរពជូន សម្តេចប្រធានរដ្ឋសភា ដោយបាន សរសេរថា យើងខ្ញុំជាតំណាងរាស្ត្រ ដែលមានឈ្មោះ និងហត្ថលេខា ប៉ែន បញ្ញា និង ជាម យៀប សូមជម្រាបជូនថា លោក កឹម សុខា តំណាងរាស្រ្តមណ្ឌល ខេត្តកំពង់ចាម ក្រោយពីបានទទួល តំណែងអនុប្រធានទី១ រដ្ឋសភា បានប្រព្រឹត្តផ្ទុយពីបទប្បញ្ញត្តិ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា និងច្បាប់ស្តីពីលក្ខនត្តិកៈតំណាងរាស្ត្រ។ ជាមួយគ្នានេះ នៅពេលចុះមូលដ្ឋានជួបប្រជាពលរដ្ឋ ឬសមាជិកខ្លួន ឬទៅបរទេសក្នុង លក្ខណៈឯកជន លោក កឹម សុខា តែងតែឆ្លៀតប្រើសិទ្ធិជាអនុប្រធានទី១ រដ្ឋសភា រំលោភលើ រដ្ឋធម្មនុញ្ញ បទបញ្ជាផ្ទៃក្នុងរដ្ឋសភា និងច្បាប់ជាធរមានផ្សេងៗទៀត។ ជាងនេះទៅទៀត លោក កឹម សុខា បានរំលោភលើកិច្ចព្រមព្រៀងថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៥ និងសេចក្តីថ្លែងការណ៍រួម រវាងថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សទាំងពីរ ថ្ងៃទី ០៩ ខែតុលា ឆ្នាំ២០១៥។ លោក កឹម សុខា បានវាយប្រហារ ជេរប្រមាថ ជាបន្តបន្ទាប់មកលើគណបក្ស និងថ្នាក់ដឹកនាំគណបក្សប្រជាជន កម្ពុជាផ្ទុយនឹងគោលការណ៍នៃវប្បធម៌សន្ទនា រវាងគណបក្សទាំងពីរ។ ញុះញង់បញ្ហាព្រំដែន ព្រមទាំងបញ្ឆេះនូវគំនុំជាតិសាសន៍ ជាមួយប្រទេសជិតខាង ហើយបង្កឲ្យមានចលាចល ដែលធ្វើឲ្យប៉ះពាល់ដល់ទំនៀមទម្លាប់ល្អរបស់សង្គម ដល់សណ្តាប់ធ្នាប់សាធារណៈ និងដល់ សន្តិសុខជាតិ និងធ្វើសកម្មភាពឃោសនា ញុះញង់បំបែកបំបាក់ បង្កអស្ថិរភាពក្នុងសង្គមជាតិ។
ផ្អែកលើមូលដ្ឋានដ៏រឹងមាំ និងសំណូមពរដ៏ទទូចរបស់ប្រជាពលរដ្ឋ និងអ្នកតំណាងរាស្ត្រ ដែលជាសមាជិករដ្ឋសភា ក៏ដូចជាលទ្ធផលនៃការបោះឆ្នោតនៅព្រឹកនេះ ការដកតំណែងលោក កឹម សុខា ត្រូវបានធ្វើឡើងដោយរលូនជាទីបំផុត។ ទន្ទឹមនឹងរដ្ឋសភា បានបោះឆ្នោត ដកតំណែង លោក កឹម សុខា ពីអនុប្រធានទី១រដ្ឋសភាមកទីប្រឹក្សា និងជំនួយការរបស់លោក កឹម សុខា ទាំង២៣រូប ក៏ត្រូវបញ្ចប់តំណែងជាស្វ័យប្រវត្តិជាមួយនឹងលោក កឹម សុខា នេះផងដែរ៕
អត្ថបទ៖ ច័ន្ទ ទេវី





No comments:

Post a Comment