Thursday, March 26, 2015

សុន្ទរកថា ឯកឧត្តម​បណ្ឌិតសភាចារ្យ សុខ អាន ក្នុង​ពិធី​សម្ពោធ​បូជនីយ​ដ្ឋាន នៃការ​ចងចាំ និងរំឮក​វិញ្ញណក្ខន្ធ​ជនរង​គ្រោះ ក្នុងរបប​កម្ពុជា​ប្រជាធិប​តេយ្យ នៅសារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង

ចេញផ្សាយថ្ងៃ: ( ២៦ - មិនា - ២០១៥ )
សុន្ទរកថា
ឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី 
ក្នុងពិធីសម្ពោធបូជនីយដ្ឋាននៃការចងចាំ និងរំឮកវិញ្ញណក្ខន្ធជនរងគ្រោះ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នៅសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង
រាជធានីភ្នំពេញ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥
 
-                      សូមក្រាបថ្វាយបង្គំព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ
-                      ឯកឧត្តម Joachim Baron von Marschall ឯកអគ្គរដ្ឋទូតនៃសាធារណៈសហព័ន្ធអាល្លឺម៉ង់​​​ប្រចាំ​កម្ពុជា និងលោកជំទាវ
-                      ឯកឧត្តម លោកជំទាវ រដ្ឋមន្រ្តី រដ្ឋលេខាធិការ
-                      ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាដើមបណ្តឹងរដ្ឋប្បវេណី ​និងបងប្អូនជនរងគ្រោះនៃរបបកម្ពុជា​ប្រជាធិបតេយ្យ​ទាំងអស់
-              ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនប្រជាពលរដ្ឋ និងក្មួយៗសិស្សា​ នុសិស្ស​ទាំងអស់
 
ពិធីសម្ពោធ «បូជនីយដ្ឋាននៃការចងចាំ​និងរំឮកវិញ្ញណក្ខន្ធ​ជនរងគ្រោះ​ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ»  នាពេលនេះ គឺជាសមិទ្ធផលថ្មីដ៏សំខាន់មួយទៀតនៅក្នុងគម្រោងសំណងជាលក្ខណៈផ្លូវចិត្ត និងសមូហភាព ​ដល់ជនរងគ្រោះ​​នៃរបប​​​ខ្មែរ​ក្រហម ដែលអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក.) បានសម្រេចឡើង។ តាងនាមឱ្យរាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុង​នាម​ជាប្រធានក្រុមការងារ​សាលា​ក្តី​ខ្មែរ​ក្រហម​ និង​ភាគីហត្ថលេខី​លើកិច្ចព្រមព្រៀង ខ្ញុំ​សូម​​សម្តែង​នូវការកោតសសើរនិងវាយតម្លៃខ្ពស់ចំពោះ​កិច្ចសហការ​​​ដ៏ល្អ ​និង​​ការចូល​រួម​ចំណែកដ៏ថ្លៃថ្លា​របស់បណ្តាប្រទេសម្ចាស់ជំនួយ ជាពិសេស សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​ ​ដែលបានផ្ដល់ការគាំទ្រ​ដល់​ការ​ចូលរួម​របស់​ ជនរងគ្រោះក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី និងក្នុងគម្រោងសំណង​​ដល់ជនរងគ្រោះ។
ឆ្លៀតក្នុងឱកាសនេះ ខ្ញុំ​សូម​ចូលរួមរំលែកទុក្ខ​យ៉ាង​ក្រៀម​ក្រំជាមួយ​​គ្រួសាររបស់​ជន​រង​គ្រោះ ​ ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​គ្រោះ​ថ្នាក់​នៃ​ការ​ធ្លាក់​យន្តហោះ Airbus A320 ជើងហោះហើរ​លេខ 4U95​25 របស់​ក្រុមហ៊ុន German​wings កាលពីថ្ងៃអង្គារ​កន្លង​ទៅនេះ ​ដែលក្នុងនោះ​​​ភាគច្រើន​នៃ​ជនរង​គ្រោះ​ គឺ​ជាជន​ជាតិ​អាល្លឺម៉ង់។
ខ្ញុំសូមរំឮកថា នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាល​កម្ពុជា​បាន​​ស្នើ​សុំ​ការជួយឧបត្ថម្ភគាំទ្រ​និង​ការចូលរួមពី ​អង្គ​ការ​សហប្រជាជាតិ ដើម្បី​ស្វែងរក​យុត្តិធម៌ចំពោះ​ឧក្រិដ្ឋកម្មដ៏​សាហាវ​​​​​យង់​ឃ្នង​នៅក្នុង​ ប្រទេសកម្ពុជា ពីឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ បង្កឡើង​ដោយរបប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែលពុំបានរកយុត្តិធម៌​​ជាយូរ​ណាស់មកហើយ។ អង្គការ​សហ​ប្រជាជាតិ​​​បាន​ឆ្លើយ​តប​​ជាវិជ្ជមានចំពោះសំណើ​នេះ ហើយបានធ្វើកិច្ចសហការ​យ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋា​ភិបាល​​កម្ពុជា ​ដើម្បីបង្កើតអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជា  ដែលជាយន្តការថ្មីមួយ​​ដ៏មាន​សារៈសំខាន់​​សម្រាប់ប្រព័ន្ធ​យុត្តិធម៌​​ អន្តរជាតិ ។
អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា  បានចាប់ផ្តើមដំណើរការនៅដើម​ឆ្នាំ២​០០៦។ នៅក្នុងឆ្នាំដំបូង​នៃដំណើរការនេះ ផ្នែក​មួយចំនួន​នៃសាលាក្ដី​​បាន​ផ្តោត​ជាសំខាន់លើ​បញ្ហា​នីតិវិធី និងការរៀបចំដំណើរការការងារ រីឯសហព្រះរាជអាជ្ញាបានរៀបចំដីកាសន្និដ្ឋាន​បញ្ជូនរឿងឲ្យស៊ើបសួរ និងបានដាក់ដីកានេះនៅ​ពាក់​​កណ្តាល​​ឆ្នាំ២០០៧។ ក្នុងរយៈ​ពេល៨ឆ្នាំបន្ទាប់ អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បាន​សម្រេចនូវសមិទ្ធផលការងារជាច្រើន ដូចដែល​​ឯកឧត្តម ក្រាញ់ តូនី បាន​បញ្ជាក់នៅក្នុងរបាយការណ៍ខាងលើស្រាប់។ ជាក់ស្ដែង រហូត​​មក​ដល់​ពេលនេះ អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បានចេញសាលក្រមដ៏សំខាន់​ចំនួនពីរ​ គឺសាលក្រមស្ថាពរ​​ក្នុង​​សំណុំ​រឿង​០០១ និងសាលក្រមនៃសំណុំរឿង០០២ ដំណាក់កាល​ទីមួយ ហើយ​​​អ្នក​ដែល​ទទួល​ខុស​ត្រូវ​​នៃ​ឧក្រិដ្ឋកម្មទាំងនោះ ត្រូវបានរកឃើញថាមានពិរុទ្ធភាព ​និង​​ត្រូ​វ​​បាន​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​​​អស់មួយជីវិត។
បន្ទាប់ពីមានការពន្យារពេលអស់ជាច្រើនឆ្នាំ ការចេញសាលក្រមទាំងនោះ គឺជាសមិទ្ធផល​យ៉ាងធំ​ធេង​នៅក្នុងការផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ និង​គ្រួសារ​របស់​ពួកគេ។ បន្ថែមលើនេះ អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា បានផ្តល់ឱកាស​​ឱ្យជន​រងគ្រោះ​ចូលរួមក្នុងអង្គជំនុំជម្រះ​ ដែលប្រការនេះមិនធ្លាប់មានពីមុនមកឡើយ។ ជនរងគ្រោះចំនួនប្រមាណ ៤០០០ នាក់ បាន​ចូលរួម​ជាភាគីដើមបណ្តឹងរដ្ឋប្បវេណីនៅក្នុងដំណើរការ​ព្រហ្មទណ្ឌ និងបានស្នើសុំសំណងជាលក្ខណៈ​​​ផ្លូវចិត្ត និងសមូហភាព  ដូច​មានចែងនៅក្នុងវិធានផ្ទៃក្នុង នៃអង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ គម្រោងសំណងជាច្រើនចំពោះ​ដើមបណ្តឹង​រដ្ឋប្បវេណី ត្រូវបាន​ចៅក្រម​នៃ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូងទទួលស្គាល់ ហើយសង្ឃឹមថាអាចជួយបន្ធូរបន្ថយដល់ភាពឈឺចាប់របស់បងប្អូន​​អស់រយៈ​ពេលជាយូ​ រណាស់មក​ហើយ។ ក្រៅពីសំណង​ដែល​សម្រេចនិងទទួល​ស្គាល់​ដោយ​តុលាការ  អង្គភាពគាំពារ​ជន​រង​គ្រោះ​នៃអង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ កម្ពុជា ដោយ​​សហការ​​ជាមួយ​នឹង​ស្ថាប័នរាជរដ្ឋាភិបាល និង​អង្គការ​ក្រៅរដ្ឋាភិបាលដែលពាក់ព័ន្ធ បាន​បង្កើត​នូវ​គម្រោងសំខាន់ផ្សេងៗទៀត ហៅថា«សំណងក្រៅតុលាការ» ដើម្បី​ផ្តល់​ជា​ប្រយោជន៍​ឲ្យ​កាន់​តែទូលំ​ទូលាយ​ដល់​ជន​រងគ្រោះទូទៅ។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងក្មួយៗសិស្សា​នុសិស្ស​
ដូចយើងទាំងអស់គ្នា​បាន​ដឹងហើយថា នៅក្នុងរបបប្រល័យពូជសាសន៍​ ប៉ុល ពត ប្រជា​ជន​កម្ពុជាជាងបីលាននាក់បានបាត់បង់ជីវិត។ អ្នកទាំងនោះ​ គឺ​ជាជីដូនជីតា ​ឪពុកម្តាយ កូនចៅ សាច់ញាតិ សហសេវិក និង​មិត្តភក្តិរបស់យើង។ យើងទាំងអស់​គ្នា​ដែលរស់រាន​មាន​ជីវិត​ពីរបបនេះ បានរស់នៅដោយក្តីឈឺចាប់ និង​សេចក្តីសោកសង្រេងអស់រយៈ​ពេល​ជាងបី​ទសវត្សរ៍​​មក​ហើយ ដោយសារតែការបាត់បង់អ្នក​ដែលជាទី​ស្រឡាញ់​​របស់យើង ហើយយើង​តែងតែ​មាន​សុបិន្ត​អាក្រក់​​អំពី​អតីតកាលនោះជានិច្ច។ សូម្បីតែក្មួយៗដែលកើត​ក្រោយឆ្នាំ១៩៧៩ ដែលមិនបាន​ជួប​ប្រទះដោយផ្ទាល់នូវ​ឧក្រិដ្ឋកម្មទាំងនោះក៏ដោយ ក៏​ត្រូវ​ប្រឈមនឹងបន្ទុកដ៏ធ្ងន់ធ្ងរដែរ ដោយក្មួយៗបានមើលឃើញ​ឪពុក​ម្តាយ បងប្រុស បងស្រី​ របស់​ខ្លួននៅ​មាន​ក្តី​ឈឺចាប់នៅឡើយ និងបានឃើញការអភិវឌ្ឍរបស់ប្រទេសដើរថយក្រោយនាពេលនោះ បើប្រៀបធៀប​ទៅ​នឹងប្រទេស​នានានៅក្នុងតំបន់ និងពិភពលោក។
ដើម្បីរកយុត្តិធម៌ចំពោះឧក្រិដ្ឋកម្មដ៏សាហាវយង់ឃ្នងទាំងនេះ ដែលមិនមែនគ្រាន់​តែជាឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាជន​កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិទាំងមូលផង រាជរដ្ឋាភិបាល​កម្ពុជា​ ក្រោម​ការដឹកនាំប្រកប​ដោយគតិបណ្ឌិត​របស់ ​សម្តេចអគ្គមហាសេនាបតី​​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​និងកំពុងធ្វើ កិច្ចសហការយ៉ាង​ជិត​ស្និទជាមួយសហគមន៍អន្តរជាតិ នៅក្នុងក្របខ័ណ្ឌនៃអង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បីធ្វើការ​កាត់ទោសមេដឹក​នាំកំពូល និងអ្នកដែលទទួលខុសត្រូវខ្ពស់បំផុតរបស់​របប​ខ្មែរក្រហម។
ថ្ងៃនេះ​ យើងមកជួបជុំគ្នា ចូលរួមក្នុង​ពិធី​សម្ពោធ​បូជនីយដ្ឋាន​នៃការចងចាំ និង​រំឮក​​វិញ្ញាណក្ខន្ធ​ដល់​​ជន​រង​គ្រោះក្នុង​របបកម្ពុជាប្រជាធិបតេយ្យ ដើម្បីជាការ​​​​ឧទ្ទិស​ដល់ជនរងគ្រោះដែលបានបាត់បង់ជីវិត ជាពិសេស​អ្នក​ដែល​ត្រូវ​បានឃុំឃាំង ធ្វើ​ទារុណកម្ម និងបាត់បង់ជីវិត​នៅ​គុក​ទួលស្លែងនេះ ក៏ដូចជា​ទីកន្លែង​ពាក់ព័ន្ធ​ផ្សេងទៀត ដូចជាវាលពិឃាត​ជើងឯកនិង​​ការ​ដ្ឋាន​បង្ខំ​ឲ្យ​ធ្វើ​ការ​នៅព្រៃស (មន្ទីរ​ ស-២៤)​។
បូជនីយដ្ឋាន​នៃការចងចាំ និងរំឮកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះក្នុងរបបកម្ពុជាប្រជាធិបតេយ្យ នេះ ត្រូវបានសាងសង់ឡើងនៅលើទីតាំងបូជនីយដ្ឋាន​ចាស់​ ដែលសាងសង់ពីឈើនៅទសវត្សរ៍ឆ្នាំ១៩៨០ ដោយរដ្ឋាភិបាលកម្ពុជាបន្ទាប់ពីរបប​ប្រល័យពូជសាសន៍ ប៉ុល ពត បានដួលរលំ។  កាលពី៥០ ឆ្នាំមុន ទីនេះគឺជាទីធ្លាសម្រាប់សិស្សានុសិស្សរត់លេង ដែលពោរពេញទៅដោយសំឡេង​សើច​ក្អាកក្អាយ និងប្រកបដោយសុទិដ្ឋិនិយមអំពីអនាគត ហើយ កាលពី៤០ ឆ្នាំមុន ស្រមោលនៃសង្គ្រាមបានគ្របដណ្តប់មកលើទីធ្លាសាលារៀននេះ ប៉ុន្តែគ្មាននរណាម្នាក់អាចដឹងបានថា ភាពខ្មៅងងឹតនោះ នឹងមានទំហំធំប៉ុណ្ណាទេ នៅ​ឆ្នាំ​បន្តបន្ទាប់នោះ។​ ទីនេះបានក្លាយជាទីកន្លែងប្រកបដោយអំពើយង់ឃ្នង ការឈឺចាប់ និងការភ័យរន្ធត់។ ប៉ុន្តែ ស្លាក​ស្នាម​​នៃ​អំពើយង់ឃ្នង ការឈឺចាប់នេះហើយ ដែលជាហេតុនាំទៅដល់ការកាត់ទោសអ្នកដែលទទួលខុសត្រូវចំពោះ​ឧក្រឹដ្ឋកម្ម​​ ដែល​បានប្រព្រឹត្តិនៅទីនេះ។ ថ្ងៃនេះ យើងទាំងអស់គ្នាឈរនៅទីនេះ ដើម្បីផ្តល់កិត្តិយស និងចងចាំដល់អ្នក​ដែល​បានបាត់បង់ជិវិត  និងប្រកាសនូវការប្តេជ្ញាចិត្តរបស់យើងក្នុងការទប់ស្កាត់នូវឧក្រឹដ្ឋកម្មបែបនោះមិនឲ្យវិលត្រឡប់មកវិញ ទាំង​នៅកម្ពុជាក៏ដូចជាទីកន្លែងដទៃទៀតនៅលើពិភពលោកនេះ។ ដូច្នេះ ខ្ញុំជឿជាក់ថា បូជនីយដ្ឋាន​ដែលទើប​សាងសង់​ថ្មី​នេះ មាន​គោលដៅ​ដូចខាងក្រោម៖
១.            បូជនីយដ្ឋាន​នេះ គឺជាទីកន្លែងដ៏សំខាន់មួយ​សម្រាប់អ្នករស់រានមានជីវិត ​និង​ក្រុម​គ្រួសារ​ជនរងគ្រោះ ដើម្បី​រំឮក​ដល់​សាច់​ញាតិ​​​ដែល​បាន​ស្លាប់បាត់បង់ជីវិត និងដើម្បីបន្ធូរបន្ថយនូវក្តីឈឺចាប់ និងសេចក្តីសោកសង្រេង​របស់ខ្លួន។
២.            តាងនាមឱ្យប្រជាជនកម្ពុជាបច្ចុប្បន្ន បូជនីយដ្ឋាននេះគឺជាការទទួលស្គាល់នូវការរងទុក្ខវេទនាដ៏ធំ​ធេងនិង​ មិនអាចបំភ្លេចបានរបស់ជនរងគ្រោះ និង​អ្នក​ដែលនៅ​រស់​រាន​មានជីវិតពីគុកទួលស្លែង ក៏ដូចជារបបកម្ពុជាប្រជាធិប​តេយ្យ​​ទំាងមូល។​
៣.      បូជនីយដ្ឋាននេះ គឺជាការរំលឹកដល់ប្រជាជនកម្ពុជា និងអ្នកដែលមកទស្សនាទីនេះ​ទាំងអស់ ឱ្យនឹកឃើញជានិច្ច និងមិនអាចបំភ្លេចបាន នូវឧក្រិដ្ឋកម្មដ៏រន្ធត់ ដែល​បាន​កើត​ឡើង​នៅក្នុងរបបកម្ពុជា​ប្រជា​ធិប​​តេយ្យ។
៤.      សម្រាប់កូនចៅរបស់យើង បូជនីយដ្ឋាននេះ រួមជាមួយ​នឹងសារ​មន្ទីរ​ប្រល័យ​ពូជ​សាសន៍​​ទួល​ស្លែងផង    គឺជាទីកន្លែងមួយសម្រាប់អប់រំដល់មនុស្សជំនាន់ក្រោយឱ្យចងចាំ និង​​ចូលរួម​ទប់ស្កាត់​កុំឱ្យរបបដ៏ខ្មៅ​ងងឹត​នេះ​វិលត្រឡប់​មកជាថ្មី​ ម្តងទៀត។
ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងក្មួយៗសិស្សា​នុសិស្ស​
ក្នុងឱកាសដ៏វិសេសវិសាលនេះ និងដោយមានវត្តមានជនរងគ្រោះជាច្រើននាក់ ជាពិសេស​អ្នកដែល​នៅរស់​រាន​មានជីវិតពីឧក្រិដ្ឋកម្មនៃគុកទួលស្លែងនេះផង ខ្ញុំសង្ឃឹមយ៉ាង​មុតមាំថា ការសាងសង់បូជនីយដ្ឋាន​នេះឡើង នឹង​ជួយ​បន្ធូរ​បន្ថយ​ផ្នែក​ផ្លូវ​ចិត្ត​របស់បងប្អូន និងសាច់ញាតិ​របស់ជនរងគ្រោះដែលបានបាត់​បង់​អាយុ​ជីវិត​ ក្នុងរបបកម្ពុជាប្រជាធិប​តេ​យ្យ​។
ខ្ញុំសូមអរគុណជាពិសេសដល់លោកពូ ជុំ ម៉ី និងលោកពូ ប៊ូ ម៉េង ដើមបណ្តឹង​រដ្ឋប្បវេណី និង​ជនរងគ្រោះ​ដទៃ​ទៀត​នៃអង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែលបានស្នើសុំឲ្យមានការសាងសង់បូជនីយដ្ឋាននៅសារមន្ទី​ប្រល័យ​​ពូជ​ សាសន៍ទួលស្លែង​នេះ​ និង ផ្តល់​មតិយោបល់​ដ៏មាន​អត្ថ​ន័យក្នុងការធ្វើឲ្យបូជនីយដ្ឋាននេះ​លេចចេញ​ជារូប​ រាង​ពិតប្រាកដឡើង។
ខ្ញុំសូមកោតសរសើរ និងវាយតម្លៃខ្ពស់ដល់អង្គភាពគាំពារជនរងគ្រោះ នៃអង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចំពោះការរៀបចំ និងសម្រប​សម្រួល​​ការ​​សាង​សង់​នេះ ដោយសហការ​ជាមួយនឹងអាជ្ញាធរពាក់ព័ន្ធនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ជាពិសេសអគ្គនាយក​ដ្ឋាន​​បេតិកភណ្ឌ។ ការសាងសង់បូជនីយដ្ឋាន​នេះឡើង គឺជាផ្នែកមួយនៃ​កម្មវិធី​សំណងមានលក្ខណៈផ្លូវចិត្តនិងសមូហភាពរបស់អង្គជំនុំ​ ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដែលរាជរដ្ឋាភិបាល​កម្ពុជា ជានិច្ចជាកាលតែងតែបានគាំទ្រយ៉ាងសកម្ម នាពេលកន្លងមក ក៏ដូចជាទៅអនាគត ដើម្បីបន្តកសាងសមិទ្ធផលនិង​កិច្ច​ខិតខំ​ប្រឹងប្រែងនានា សំដៅផ្តល់សំណង​​លក្ខណៈផ្លូវចិត្តនិង​សមូហភាពផ្សេងៗទៀតជូនដល់ជនរងគ្រោះ និងនាំ​មក​នូវ​សន្តិភាព ស្ថិរភាព និងភាព​សម្បូរណ៍​រុងរឿង​​ជូនប្រជាជន និងប្រទេសកម្ពុជាទាំងមូល។
ខ្ញុំមានជំនឿថា ប្រជាជនកម្ពុជា ក៏ដូចជាអ្នកដែលបានជួយឧបត្តម្ភគ្រាំទ្រ នឹងមាន​អារម្មណ៍​ធូរស្បើយ ហើយ​បន្ត​កិច្ច​សហការល្អជាមួយរាជរដ្ឋាភិបាល ក្នុងការផ្តល់នូវ​យុត្តិធម៌ និងសំណងដល់ជនរងគ្រោះ។
ជាថ្មីម្តងទៀត ខ្ញុំសូមសម្តែងអំណរគុណយ៉ាងស្មោះចំពោះរដ្ឋាភិបាល និងប្រជាជន​អាល្លឺម៉ង់ តាមរយៈ​​ឯកឧត្តមឯកអគ្គរដ្ឋទូត​ Joachim Baron von Marschall ដែល​ជានិច្ច​​កាល​​បានជួយគាំទ្រដល់ដំណើរការ​ស្វែងរកយុត្តិធម៌ និងការផ្សះផ្សារជាតិនៅកម្ពុជា ដោយសហការយ៉ាង​ជិតស្និទ្ធ​ជាមួយអង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​ កម្ពុជាតាំង​ពីដើមដំបូងមក ជាពិសេស​​បានជួយគាំទ្រដល់​អង្គភាពគាំពារជនរងគ្រោះ​ និង​កម្មវិធី​សំណងរបស់អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា និង​បាន​ធ្វើ​ឲ្យបូជនីយដ្ឋាននេះលេចចេញជារូបរាងឡើង។
មុននឹងបញ្ចប់ តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្ត​ គាំទ្រពេញទំហឹងដល់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការ​កម្ពុជា ហើយខ្ញុំ​ក៏សូម​បញ្ជាក់សារជាថ្មីម្តងទៀតនូវឆន្ទៈ​របស់រាជរដ្ឋាភិបាល​ ក្នុងការបន្ត​កិច្ចសហប្រតិបត្តិការល្អជាមួយ​ដៃគូ និង​ភាគី​​ពាក់ព័ន្ធ​ទាំងអស់ ដើម្បីឱ្យអង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការ​កម្ពុជាសម្រេច​បេស​ក​កម្ម​ របស់ខ្លួន​ដោយ​ជោគជ័យ និងដើម្បីផ្ទេរនូវ​កេរដំណែល​​ដ៏មានអត្ថន័យ និង​យូរ​អង្វែង​សម្រាប់​​​ប្រជាជនកម្ពុជា ក៏ដូចជា​មនុស្សជាតិទាំងមូលផងដែរ។
ជាទីបញ្ចប់ ខ្ញុំសូមប្រគេនពរដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមជូនពរដល់​ឯកឧត្តម លោកជំទាវ តំណាង​ស្ថា​នទូតទាំងអស់​ ព្រមទាំងឯកឧត្តម លោកជំទាវ ភ្ញៀវជាតិ និងអន្តរជាតិ លោក លោកស្រី និងជនរងគ្រោះ​ទាំងអស់ដែលមានវត្តមាននៅទីនេះ​ សូមមាន​សុខភាពល្អ​ ទទួលបាន​​ជោគជ័យ​ក្នុងការងារ និងមានសុភមង្គលក្នុងក្រុមគ្រួសារ។​​

No comments:

Post a Comment