Thursday, March 26, 2015

ឯកឧត្តម​​បណ្ឌិត​​សភាចារ្យ សុខ អាន៖​ បូជនីយ​ដ្ឋាន​ ​នៃ​ការ​ចង​ចាំ​ជា​​សម​ទ្ធិ​ផល​​ថ្មី​​នៅក្នុង​​គំរោង​សំណង់​​ជា​លក្ខណៈ​​ផ្លូវចិត្ត​នៃ​ អវតក


ចេញផ្សាយថ្ងៃ: ( ២៦ - មិនា - ២០១៥ )

នៅ​ព្រឹក​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៥ នៅ​សារមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង ក្រោម​អធិបតីភាព ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល បន្ទុក ​ទីស្តីការគណៈរដ្ឋមន្ត្រី ​និង​វត្ត​មាន​ចូលរួម​ពីឯកឧត្តម ចូវចីម បារ៉ុន វុន ម៉ាស់ ស្កាល (Joachim Baron von Marschall) ​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ព្រមទាំង​តំណាង​អង្គការ​សហ​ប្រជាជាតិ និង​តំណាង​ស្ថានទូត​មួយចំនួន​ប្រចាំ​នៅ​កម្ពុជា រួមទាំង​ក្រុម​គ្រួសារ​ជនរងគ្រោះ​ក្នុង​របប​ខ្មែរក្រហមផងដែរ ​បូជនីយដ្ឋាន​នៃ​ការចងចាំ និង​រំលឹក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដែល​​សាង​សង់​ឡើង​ក្រោម​​ជំនួយ​ឧបត្ថម្ភ​ពី​រដ្ឋាភិបាល​អាល្លឺម៉ង់ តម្លៃ​ប្រមាណ ៩ម៉ឺន​ដុល្លារ​ តាម​រយៈ​អង្គ​ភាព​គាំ​ពារ​ជន​រង​គ្រោះ​នៃ (អវតក) ត្រូវបាន​សម្ពោធដាក់​ឲ្យ​ដំណើរ​ការ។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ​បានចាត់​ទុកពិធី​សម្ពោធ​បូជនីយដ្ឋាន​នៃ​ការ​ចង​ចាំ និង​រំលឹក​វិញ្ញាណក្ខន្ធ​ជនរង​គ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យនា​ពេល ​នេះ​ថា គឺ​ជា​សម​ទ្ធិ​ផល​ថ្មី​ដ៏​សំខាន់​មួយ​ទៀត នៅក្នុង​គំរោង​សំណង់​ជា​លក្ខណៈ​ផ្លូវចិត្ត និង​សមូហ​ភាព ដល់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម ដែល​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជាបានសម្រេច​ឡើង​។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ​ សុខ អាន បាន​មាន​ប្រសាសន៍​ថា តាងនាម​ឲ្យ​រាជ​រដ្ឋាភិ​បាល​កម្ពុជា និង​ក្នុងនាម​ក្រុមការងារ​សាលាក្តី​ខ្មែរក្រហម និង​ភាគី​ហត្ថលេខី​កិច្ច​ព្រម​ព្រៀង សូម​សម្តែង​នូវ​ការកោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហការ​ដ៏​ល្អ និង​ការ​ចូលរួមចំណែក​ដ៏​ថ្លៃថ្លា​របស់​បណ្តា​ប្រទេស​ម្ចាស់ជំនួយ ជាពិសេស​សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់ ដែល​បានផ្តល់​ការគាំទ្រ​ដល់​ការចូលរួម​របស់​ជន​រងគ្រោះ ក្នុងនាម​ជាដើម​បណ្តឹងរដ្ឋប្បវេណី និង​ក្នុង​គំរោង​សំណង​ដល់​ជនរងគ្រោះ​។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ដែល​ជា​ប្រធាន​ក្រុម​ការ​ងារ​សាលាក្តី​ខ្មែរក្រហម​ និង​ភាគី​ហត្ថលេខីលើ​កិច្ច​ព្រមព្រៀង​រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជា​ជាតិក៏បាន​រម្លឹកថា នៅ​ឆ្នាំ​១៩៩៧ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ស្នើសុំ​ការជួយឧបត្ថម្ភ​គាំទ្រ និង​ការចូលរួម​ពី​អង្គការសហប្រជាជាតិ ដើម្បី​ស្វែងរក​យុត្តិធម៌​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​សា​ហាវ​យង់ឃ្នង (បណ្តាល​ឲ្យ​ប្រជាជន​ជាង ៣លាន​នាក់ បាន​បាត់​បង់​ជីវិត) ​នៅ​ក្នុង​ ប្រទេស​កម្ពុជា ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ បង្កឡើង​ដោយ​របប​ប្រល័យពូជសាសន៍ ប៉ុល ពត ដែល​ពុំបាន​រក​យុត្តិធម៌​ជា​យូរណាស់​មកហើយ​។ អង្គការ​សហ​ប្រជាជាតិ បាន​ឆ្លើយតប​វិជ្ជមាន​ចំពោះ​សំណើ​នេះ ហើយ​បានធ្វើ​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​រាជ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​បង្កើត​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា ដែលជា​យន្ត​ការ​ថ្មី​មួយ​ដ៏​មាន​សារៈសំខាន់ សម្រាប់​ប្រព័ន្ធយុត្តិធម៌​អន្តរជាតិ​។​ ឯកឧត្តម​បណ្ឌិត​សភា​ចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា ដើម្បី​រក​យុត្តិធម៌​ចំពោះ​ឧក្រិដ្ឋកម្ម​ដ៏​សា​ហាវ​យង់​ឃ្នង​ទាំង​នេះ ដែល​មិនមែន​គ្រាន់​តែ​ជា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​នឹង​ប្រជាជន​កម្ពុជា​ ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្សជាតិ​ទាំង​មូល​ផង រាជ​រដ្ឋាភិ​បាល​កម្ពុជា ​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​កិត្តិ​បណ្ឌិត​សម្តេច​អគ្គមហាសេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះ​រាជាណាចក្រកម្ពុជា បាន​និង​កំពុងធ្វើ​កិច្ច​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​សហគមន៍​អន្តរជាតិ ​ក្នុង​ក្រប​ខ័ណ្ឌ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលា​ការ​កម្ពុជា ដើម្បី​ធ្វើការ​កាត់​ទោស​មេដឹកនាំ​កំពូល និង​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​របស់​របប​ខ្មែរក្រហម។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា បូជនីយដ្ឋាន​នៃ​ការចងចាំ និង​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ នេះ ត្រូវ​បាន​សាងសង់ឡើង នៅលើ​ទីតាំង​បូជនីយដ្ឋាន​ចាស់ ដែល​សាងសង់​ពី​ឈើ​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៨០ ដោយ​រដ្ឋាភិបាល​កម្ពុជា បន្ទាប់ពី​របប​ប្រល័យ​ពូជសាសន៍ ប៉ុល ពត បាន​ដួលរលំ​។ កាល​ពី​ ៥០ឆ្នាំ​មុន​ទីនេះ (វិទ្យាល័យ​ពញ្ញាយ៉ាត ក្រោយ​មក​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ) គឺ​ជា​ទីធ្លាសម្រាប់​សិក្សានុសិស្ស​រត់​លេង​ដែល​ពោរ​ពេញ​ដោយ​សម្លេង​សើច​ ក្អាកក្អាយ និង​ប្រកប​ដោយ​សុទិដ្ឋិនិយម​ពី​អនាគត ហើយកាល​ពី​ ៤០ឆ្នាំ​មុន ស្រ​មោល​នៃ​សង្គ្រាម​បាន​គ្រប​ដណ្តប់​មក​លើ​ទីធ្លា​សាលា​រៀន​នេះ ប៉ុន្តែ​គ្មាន​នរណា​ម្នាក់​អាច​ដឹង​បាន​ថា ភាព​ខ្មៅ​ងងឹត​នោះ​មា​ន​ទំហំ​ប៉ុណ្ណា​​ទេ នៅ​ឆ្នាំ​បន្ត​បន្ទាប់​នោះ។ ទីធ្លា​នេះ​បាន​ក្លាយ​ជាកន្លែង​ប្រកប​ដោយ​អំពើ​យង់​ឃ្នង ការ​ឈឺ​ចាប់ និង​ការ​ភ័យ​រន្ធត់។ ប៉ុន្តែ​ស្លាក​ស្នាម​នៃ​អំពើ​យង់​ឃ្នងការ​ឈឺ​ចាប់​នេះ​ហើយ​ ដែល​ជា​ហេតុ​នាំ​ដល់​ការ​កាត់​ទោស​អ្នក​ដែល​ទទួល​ខុស​ត្រូវ​ចំពោះ​ ឧក្រិដ្ឋកម្ម​ ដែល​បាន​ប្រព្រឹត្តិ​នៅទីនេះ (សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង)។
ឯកឧត្តម​បណ្ឌិត​សភាចារ្យ សុខ អាន ​បាន​បញ្ជាក់ថា “​ថ្ងៃនេះ យើង​មកជួប​ជុំគ្នា ចូលរួម​ក្នុង​ពិធី​សម្ពោធ​បូជនីយដ្ឋាន​នៃ​ការចងចាំ និង​រំលឹក​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ដើម្បី​ជាការ​ឧទ្ទិស​ដល់​ជនរងគ្រោះ ដែល​បាន​បាត់បង់​ជីវិត ជាពិសេស​អ្នក​ដែល​ត្រូវ​បាន​ឃុំឃាំង ធ្វើ​ទារុណកម្ម និង​បាត់​បង់ជីវិត​នៅ​គុក​ទួលស្លែង​នេះ ក៏ដូចជា​កន្លែង​ពាក់​ព័ន្ធ​ផ្សេងទៀត ដូចជា​វាលពិឃាត​ជើងឯក និង​ការដ្ឋាន​បង្ខំ​ឲ្យ​ធ្វើការ​នៅ​ព្រៃ​ស (​មន្ទីរ ស​-២៤)”​។ ថ្ងៃ​នេះ​ យើង​ទាំង​អស់​គ្នា​ឈរ​នៅ​ទីនេះ ដើម្បី​ផ្តល់​កិត្តិយស និង​ចងចាំ​ដល់​អ្នក​ដែល​បាន​បាត់​បង់​ជីវិត និង​ប្រកាស​នូវការ​ប្តេជ្ញាចិត្តរបស់​យើង​ក្នុង​ការ​ទប់ស្កាត់នូវ​ ឧក្រិដ្ឋកម្ម​បែប​នោះ មិន​ឲ្យ​វិល​ត្រឡប់​មក​វិញ​ទាំង​នៅ​កម្ពុជា ក៏ដូច​ជាទីកន្លែង​ដទៃ​ទៀតនៅលើ​ពិភពលោក​នេះ។
ឯកឧត្តម ក្រាញ់ តូនី ប្រធាន​ការិយាល័យ​រដ្ឋ​បាល​ស្តីទីនៃ (អវតក) បាន​ឲ្យ​ដឹង​ថា យោង​តាម​សំណើ​របស់លោក ជុំ ម៉ី និង​លោក ប៊ូ ម៉េង ដែលជា​ដើម​បណ្ដឹង​រដ្ឋប្បវេនី និង​ជន​រងគ្រោះ​ដទៃទៀតនៃ​អង្គជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា អង្គភាព​គាំពារ​ជន​រងគ្រោះបាន​ស្វះ​ស្វែង​រក​ថវិកា ដើម្បី​សាង​សង់​បូជនីយដ្ឋាន​នេះ​ឡើង​វិញ ដោយ​មានការ​ឧបត្ថម្ភ​ថវិកា​ពីក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និងការ​អភិវឌ្ឍន៍​អាល្លឺម៉ង់ (BMZ) នាឆ្នាំ​២០១២។ អង្គភាព​គាំពារ​ជន​រងគ្រោះ​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៃក្រសួង​ វប្បធម៌ និ​ងវិចិត្រ​សិល្បៈ រួម​ទាំង​សារមន្ទីរ​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង ក៏​បាន​ផ្តួច​ផ្តើម​ពិភាក្សា និង​រៀប​ចំផែនការ​កសាង​បូជនីយដ្ឋាន​រលឹក​វិញ្ញាណក្ខន្ធ​នេះ​ឡើង​។ ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក៏​បាន​ស្នើ​សុំ​គោល​ការណ៍​សាង​សង់​បូជនីយដ្ឋាន​ពីរាជរដ្ឋាភិបាល ដែល​បាន​អនុញ្ញាត្ត និង​យល់​ព្រម​តាម​រយៈ​លិខិត​លេខ ០៧ សជណ ចុះ​ថ្ងៃទី​ ០៣ ខែមករា ឆ្នាំ​២០១៣។
តាង​នាម​ឲ្យ​លោក ប៊ូ ម៉េង និងលោក នង ច័ន្ទ​ផល ដែល​នៅរស់ពី​គុក​ទួល​ស្លែង លោក ជុំ ម៉ី បាន​សម្តែងការ​រំជួល​ចិត្តចំពោះ​ការ​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ​នៃ​ របប​ខ្មែរ​ក្រហម ដោយ (អវតក) និង​ថ្លែង​អំណរគុណ​ចំពោះរាជរដ្ឋាភិបាល​កម្ពុជា អង្គ​ភាព​គាំពារ​ជន​រងគ្រោះ និងស្ថាន​ទូត​សហព័ន្ធ​អាល្លឺម៉ង់ ដែល​បានផ្តល់​ការគាំទ្រ​ក្នុង​ការ​សាង​សង់​បូជនី​យដ្ឋាន​នៃការ​ចងចាំ នៅ​ក្នុង​សារមន្ទីរ​គុកទួល​ស្លែង៕


No comments:

Post a Comment