Wednesday, September 18, 2019

ទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្ដី ស ខេង នាំយកអំណោយចែកជូនពលរដ្ឋមូស្លីមចំនួន ៧០០គ្រួសារដែលរងគ្រោះដោយទឹកជំនន់

ត្បូងឃ្មុំ ៖ នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ ក្រុមប្រជាពលរដ្ឋខ្មែរមូស្លីមចំនួន៧០០គ្រួសារបានសំដែងការសប្បាយរីករាយនៅគ្រាដែលបានឃើញក្រុមការងារមកពីក្រសួងមហាផ្ទៃដឹកនាំដោយលោក សុះ មូហាំម៉ាត់ ទីប្រឹក្សាលោក ឧបនាយករដ្ឋមន្រ្ដី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាំយកអំណោយមកជូនពួកគាត់ខណៈដែលស្ថានការណ៍កំពុងមានអាសន្តអន់ក្រ ។
នៅក្នុងឱកាសនោះ លោក សុះ មូហាំម៉ាត់ ទីប្រឹក្សាលោកឧបនាយករដ្ឋមន្រ្ដី ស ខេង និងជាប្រធានសមាគមប្រភពល្អកម្ពុជា បាននាំយកការផ្តាំផ្ញើសួរសុខទុក្ខនឹករលឹកពីលោកឧបនាយករដ្ឋមន្រ្ដី ដែលលោកតែងតែយកចិត្តទុកដាក់ចែករំលែកទុក្ខលំបាកប្រជាពលរដ្ឋដោយមិនប្រកាន់ពូជសាសន៍ឡើយ។
លោកបន្តថា ដោយសារតែឃើញពីទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋកំពុងជួបប្រទះបញ្ហាគ្រោះទឹកជំនន់ ហើយមានចិត្តអាណិតអាសូរ ទើបលោកបានស្នើរទៅរដ្ឋគូវែតមេត្តាផ្ដល់ជំនួយមកដល់ប្រជារាស្ត្រខ្មែរដែលកំពុងរងគ្រោះដោយទឹកជំនន់នេះផង ព្រោះការលិចផ្ទះសំបែងនេះ ពិតជាលំបាកណាស់ទៅហើយ។ ជាការឆ្លើយតបនឹងសំនូមពរ ខាងសប្បុរសជននៃរដ្ឋគូវែតក៏បានទទួលសំនូមពរហើយផ្ដល់ជំនួយជាអំណោយគ្រឿងឧបភោគបរិភោគមួយចំនួនធំ យកមកជូនដល់គ្រួសាររងគ្រោះទាំងអស់ដើម្បីដោះទាល់មួយគ្រាៗសិន ។
លោកទីប្រឹក្សា ក៏បានមានប្រសាសន៍ផ្ដាំផ្ញើរថា ទីណាមានទុក្ខលំបាក ទីនោះមានក្រុមការងារគណៈបក្សប្រជាជនកម្ពុជា ដែលតែងតែដឹងសុខទុក្ខប្រជារាស្ត្រ ជួយប្រជារាស្ត្រជានិច្ច មិនដូចក្រុមមនុស្សប្រឆាំងទុច្ចរិតមួយចំនួនទេ ដែលនិយាយឲ្យតែរួចពីមាត់ហើយគ្មានឃើញជួយពលរដ្ឋនោះទេ ។
លោក សុះ មូហាំម៉ាត់ ក៏បានផ្ដល់ជាសារប្រុងប្រយ័ត្នកូនតូចៗនៅរដូវទឹកឡើងនេះពីសត្វមានពិស សត្វល្អិតទាំងឡាយ ពិសេសមើលថែកូនចៅកុំឲ្យចុះលែងទឹកផ្ដេសផ្ដាសក្រែងមានបញ្ហាជាយថាហេតុកើតឡើង ។

សូមជម្រាបថា ប្រជាពលរដ្ឋ៧០០គ្រួសារដែលរងគ្រោះ ដោយសារទឹកជំនន់ដែលទទួលបានអំណោយ ដែល៤០០គ្រួសារស្ថិតក្នុងភូមិកំពង់ទ្រាស ឃុំកំពង់ទ្រាស ស្រុកក្រូចឆ្មារ និង ៣០០គ្រួសារទៀត ស្ថិតនៅភូមិទ្រា៥ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ៕









No comments:

Post a Comment