Wednesday, September 18, 2019

ពលករទេសន្តរប្រវេសន៍ នឹងទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមនៅពេលធ្វើមាតុភូមិនិវត្តន៍ ឬផ្លាស់ទីកន្លែងធ្វើការនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ស្តីពីលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារចុះថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ បានឱ្យដឹងថា អង្គសន្និសីទសម្រេចបានលទ្ធផលសំខាន់ៗដូចខាងក្រោម៖
ទី១- បានឯកភាពគ្នាលើផែនទីបង្ហាញផ្លូវទីក្រុងសៀមរាបដើម្បីឆ្ពោះទៅកាន់ការចេញសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការងារ ស្ដីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៃប្រទេស CLMTV (Siem Reap Roadmap toward Labour Ministerial Declaration on the Portability of Social Security for Migrant Workers in the CLMTV Countries) ដែលជាត្រីវិស័យក្នុងការសម្រេចឱ្យបាននូវក្របខ័ណ្ឌរួមមួយដើម្បីធានាថាពលករទេសន្តរប្រវេសន៍ នឹងទទួលបានអត្ថប្រយោជន៍ពីរបបសន្តិសុខសង្គមនៅពេលធ្វើមាតុភូមិនិវត្តន៍ ឬផ្លាស់ទីកន្លែងធ្វើការនៅក្នុងប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាម។
ទី២- បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីលទ្ធផលនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣នេះ ដោយសង្កត់ធ្ងន់ លើការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែប្រសើរឡើងដើម្បីឈានទៅសម្រេចឱ្យបាននូវកិច្ចគាំពារពលករទេសន្តរប្រវេសន៍ក្នុងប្រទេស CLMTV តាមរយៈការដាក់ចេញនូវយន្តការចល័តភាពរបបសន្តិសុខសង្គម។
គួរបញ្ជាក់ថា នៅសណ្ឋាគាររអប្សរាជាឡេស ខេត្តសៀមរាប កម្ពុជាបានធ្វើជាម្ចាស់ផ្ទះ ដោយមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV កិច្ចសហប្រតិបត្តិការវិស័យរបបសន្តិសុខសង្គម» ហើយសន្និសីទនេះ ត្រូវបានប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចពិភាក្សានៃអង្គសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣នេះ ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណង លើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការឯកភាពគ្នាលើយន្តការរួមមួយ ឆ្ពោះទៅកាន់ការរៀបចំក្របខ័ណ្ឌរួមស្តីពីចល័តភាពរបបសន្តិសុខសង្គមសម្រាប់ពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV។

លទ្ធផលខាងលើនេះ គឺជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌតំបន់ដើម្បីការពារ និងលើកកម្ពស់សុខុមាលភាព និងផលប្រយោជន៍របស់ពលករទេសន្តរប្រវេសន៍ដែលកំពុងធ្វើការនៅបរទេស បន្ថែមលើកិច្ចគាំពារសង្គម និងការលើកកម្ពស់ជីវភាពរបស់កម្មករនិយោជិតនៅក្នុងប្រទេស ស្របតាមក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គម (២០១៦-២០២៥), គោលនយោបាយជាតិ ស្តីពីមុខរបរ និងការងារ (២០១៥-២០២៥) និងគោលនយោបាយស្តីពីទេសន្តរប្រវេសន៍ការងារសម្រាប់ប្រទេសកម្ពុជា (២០១៩-២០២៣)៕



No comments:

Post a Comment