Wednesday, September 18, 2019

ពិធីអបអរសាទរទិវាទេសចរណ៍ពិភព លោកលើកទី៤០ ក្នុងបុព្វហេតុ​សម្រាប់ការអភិវឌ្ឍឆ្ពោះទៅ“កម្ពុជាស្អាត កម្ពុជាបៃតង”

ឧត្ដរមានជ័យ ៖ នៅថ្ងៃទី១៧ ខែកញ្ញា​ ឆ្នាំ២០១៩​ មន្ទីរទេសចរណ៍ខេត្តឧត្ដរមានជ័យ សហការជាមួយ​រដ្ឋបាលក្រុង​សំរោង​ បានប្រារព្ធទិវាទេសចរណ៍ពិភពលោក​លេីកទី៤០​ ក្រោមប្រធានបទ​ “ទេសចរណ៍​ និងការងារ​៖​ អនាគតកាន់តែប្រសេីរសម្រាប់យេីងទាំងអស់គ្នា​”​។ ពិធីនេះត្រូវបានរៀបចំឡេីងនៅច្រកទ្វារអន្តរជាតិអូរស្មាច់ ក្រោមអធិបតីភាពលោក ឌី រ៉ាដូ អភិបាលរងខេត្ត តំណាងលោក ប៉ែន កុសល្យ អភិបាលខេត្តឧត្ដរមានជ័យ និងដោយមានការចូលរួមពីមន្ត្រីរាជការជុំវិញខេត្ត វរៈការពារព្រំដែនគោកលេខ៤០២ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងយុវជនកាកបាទក្រហម លោកគ្រូ អ្នកគ្រូ​ សិស្សានុសិស្ស ប្រជាការពារភូមិ អាជីវករ​ និងបងប្អូនប្រជាពលរដ្ឋ​ សរុប៨៥០នាក់។
ជាមួយគ្នានេះដែរ​ នៅក្នុងរបាយការណ៍ស្វាគមន៍របស់​លោកស្រី ធិននី មុនីរស្មី ប្រធានមន្ទីរទេសចរណ៍ខេត្តឧត្ដរមានជ័យ បានឱ្យដឹងថា ភ្ញៀវទេសចរ ដែលមកកំសាន្ត និងស្នាក់នៅ ក្នុងខេត្តឧត្តរមានជ័យ តាមទិន្ន័យសរុបនៅក្នុងឆមាសទី១​ ឆ្នាំ២០១៩ ពិនិត្យឃើញថាអ្នកទេសចរក្នុងស្រុក សរុបមានចំនួន៨០,៤០១នាក់ បើប្រៀបធៀបឆមាសទី១​ ឆ្នាំ២០១៨ មានការកើនឡើង​ ៩%​ ចំណែកឯភ្ញៀវទេសចរអន្តរជាតិសរុបមានចំនួន២,៥៣៦នាក់ បើប្រៀបធៀបត្រីមាសទី១​ ឆ្នាំ២០១៨ ថយចុះ​ ១%។
គួរបញ្ជាក់ដែរថា កំណើនភ្ញៀវទេសចរ មានការកើនឡើងគួរឱ្យកត់សម្គាល់អំឡុងពេលឈប់​សម្រាក ពិធីបុណ្យជាតិផ្សេងៗផងដែរ។
ទន្ទឹមនេះផងដែរលោក ឌី រ៉ាដូ អភិបាលរងខេត្ត​ បានលើកឡើងថា៖ ការរៀបចំទិវាទេសចរណ៍ពិភពលោកឆ្នាំ២០១៩នេះ មានគោលបំណងដើម្បីស្វែងរកនូវការចូលរួមរបស់វិស័យទេសចរណ៍ទៅក្នុងគោលដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងជាការរួមចំណែកដ៏សកម្ម ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្ត ក៏ដូចជាវិស័យទេសចរណ៍កម្ពុជាយើងឱ្យមានភាពរីកចំរើន ព្រមទាំងការអភិរក្សនូវបរិស្ថាន កាត់បន្ថយភាពក្រីក្រ បង្កើនមិត្តភាព រក្សាសន្តិភាព និងបង្កើនឱកាសការងារតាមរយៈកំណើននៃវិស័យទេសចរណ៍ឱ្យសមស្របតាមប្រធានបទស្តីពី“ទេសចរណ៍ និងការងារ “អនាគតកាន់តែប្រសើរសម្រាប់យើងទាំងអស់គ្នា និងរក្សាបាននូវភាពស្អាត បៃតង ក្នុងការការពារនូវបរិស្ថាន នៅតាមបណ្តាសហគមន៍ និងតាមទីសាធារណៈ។

ឆ្លៀតក្នុងឱកាសនោះ លោកក៏បានជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធ ត្រូវចូលរួមលើកកម្ពស់ចលនាប្រឡងប្រណាំង “ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ និងបដិសណ្ឋារកិច្ចល្អ ” ក្នុងន័យ ធ្វើឱ្យគ្រប់គោលដៅទេសចរណ៍ ដែលមាននៅតាមមូលដ្ឋាននីមួយៗទាក់ទាញភ្ញៀវទេសចរបានកាន់តែច្រើនថែមទៀត ហើយចលនានេះគឺជាចលនាមហាជនមួយ ដែលបានបណ្តុះគំនិត ស្មារតី និងការទទួលខុសត្រូវដល់ស្ថាប័នពាក់ព័ន្ធចូលរួមសហការ​គ្នា​ ជាពិសេសប្រតិបត្តិករទេសចរណ៍ ក្នុងបុព្វហេតុ​សម្រាប់ការអភិវឌ្ឍឆ្ពោះទៅ“កម្ពុជាស្អាត កម្ពុជាបៃតង ”៕



No comments:

Post a Comment