Friday, April 10, 2015

ឯកឧត្តម សម រង្ស៊ី និង​លោក​ជំទាវ​ និង​ចូលរួម​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត​ នៅ​ខេត្ត​សៀម​រាប​ ជាមួយ​សម្តេច​តេជោ ​ហ៊ុន ​សែន​

សម្តេច​តេជោ ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ​នៅថ្ងៃទី ០៩​ ខែមេសា​ ឆ្នាំ ​២០១៥នេះ ​នៅមុខ​រដ្ឋសភា​ជាតិ បន្ទាប់ពី​ចេញពី​ប្រជុំ​សភា ​ដើម្បី​បោះឆ្នោត​ជ្រើស​តាំង​សមាសភាព​ គ.ជ.ប ​ថ្មី ​បាន​មាន​ប្រសាសន៍​ថា​ តបតាម​ការអញ្ជើញ​ របស់​សហភាព​ សហព័ន្ធ​យុវជន​កម្ពុជា​ ឯកឧត្តម ​សម​ រង្ស៊ី​ និង​លោក​ជំទាវ​ នឹង​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ព្រឹត្តិ​ការណ៍​អង្គរ​សង្រ្កាន្ត ​នៅ​ឯខេត្ត​សៀមរាប​ជាមួយ ​និង​សម្តេច​ដែរ​។​
សម្តេច​តេជោ ​បាន​លើក​ឡើង​ថា​ នេះ​ជាប្រវត្តិ​របស់​កម្ពុជា ​ហើយ​ប្រហែល​ជាកើត​ឡើង​ជាលើក​ដំបូង​នៅ​លើ​ទឹក​ដី​កម្ពុជា​។​ សម្តេច​បន្តថា ​ក្នុង​ប្រវត្តិ​សាស្ត្រ​ទាំង​ពី​អតីត​កាល​ និង​រហូត​មក​ដល់​ពេល​នេះ ​ដែល​មានគណបក្ស​នៅក្នុង​រដ្ឋាភិបាល ​និង​គណបក្ស​នៅក្រៅ​រដ្ឋា​ភិបាល​ ចូលរួម​ជាមួយ​គ្នា​ក្នុង​វេទិកា​នៃ​ទិវា​ចូល​ឆ្នាំរួមគ្នា។
សម្តេច ​បានរំលឹកថា​ ទិវាចូល​ឆ្នាំគេ​តែងតែ​ ចែកគ្នា​ទៅ​កន្លែងរៀងៗ​ខ្លួន​ ប៉ុន្តែ​ឆ្នាំនេះ​ ជាឆ្នាំពិសេស​ដែល​ ឯកឧត្តម ​សម ​រង្ស៊ី ​ក្នុងនាម​ជាបក្ស​ ក្រៅ​រដ្ឋាភិបាល ​និងសម្តេច​ ក្នុងនាម​រាជរដ្ឋាភិបាល​គឺចូលរួម​ជាមួយគ្នា​ក្នុង​ការបើក​អង្គរ​សង្រ្កាន្ត​នៅឯទី​ក្រុង​សៀមរាប។​
ជាមួយ​គ្នានេះ​ដែរ​ ឯកឧត្ត​ម​ សម ​រង្ស៊ី ​បាន​លើក​ឡើងថា ​ពេលនេះ​យើងឈាន​ជិត​ទៅ​ដល់​ចូលឆ្នាំ​ថ្មី​ហើយ ​គឺដូច​សម្តេច​នាយក​រដ្ឋ​មន្ត្រី​ មាន​ប្រសាសន៍​អញ្ចឹង ​កាយវិការ​របស់​យើង ​នៅ​ពេល​នេះ ​គឺ​ជា​សារ​នយោបាយ​មួយ​ជូន​ចំពោះ​ជន​រួមជាតិ​ខ្មែរ ​ឲ្យ​លោក​មាន​សេចក្តី​ ទុក​ចិត្ត​លើ​ថ្នាក់​ដឹក​នាំ​ប្រទេស​កម្ពុជា ​។ ​គឺថ្នាក់​ដឹក​នាំគ្រប់​គណបក្ស​ចេះ​និយាយគ្នា​ ចាប់ដៃ​គ្នារក​ដំណោះ​ស្រាយ​ដោយ​សន្តិវិធី ​គឺខ្មែរ​ បាន​សុខ​ ខ្មែរ​ឈប់​ឈ្លោះគ្នា​ ខ្មែរ​ខិតខំ​ប្រើ​ប្រាជ្ញា​របស់ខ្លួន​ដើម្បី​កសាង​ប្រទេស​ជាតិ​ជាមួយ​គ្នា​៕

អត្ថបទ៖ ច័ន្ទ ទេវី

No comments:

Post a Comment