Friday, April 10, 2015

លោកជំទាវ អាយ អាន្នី សុខ អាន អញ្ជើញ​ជាអធិបតី​ក្នុងពិធី​ចំរើនព្រះបរិត្​ត លើក​ជោគជតា ​សិរីសួស្តី មុនចូលឆ្នាំថ្មី នៅទីស្តីការ​គណៈរដ្ឋមន្ត្រី​

ដើម្បីចូលរួមអបអរសារទរចូលឆ្នំាថ្មី ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ និង​មន្ត្រីរាជការ នៃ​ទីស្តីការ​គណៈរដ្ឋមន្ត្រី បានរៀបចំពិធី​ចំរើន​ព្រះ​បរិត្ត សម្រាប់ឱកាសចូលឆ្នាំថ្មី​ប្រពៃណីជាតិ ឆ្នាំមមែ សប្ដ​ស័ក ព.ស ២៥៥៩ ដែលនឹងចូល មកដល់ថ្ងៃខាងមុខនេះ ។
ពិធីនេះ ប្រារព្ធនៅអគារ​មិត្តភាព នាព្រឹកថ្ងៃទី៩ ខែមេសានេះ ដោយមាន​និមន្ត​ សម្ដេចព្រះ អគ្គមហាសង្ឃរាជ សម្ដេចព្រះសង្ឃនាយក គណៈមន្ត្រីសង្ឃ​ និង​ព្រះសង្ឃ ចំនួន៧អង្គ​ ​ចំរើន​ព្រះ​បរិត្ត ប្រោះព្រំ ប្រសិទ្ធ​ពរជ័យ សិរី​សួស្តី ចំពោះលោកជំទាវអាយ អានី សុខ អាន , ព្រមទាំង សមាជិក​សមាជិការាជរដ្ឋាភិបាល , ថ្នាក់ដឹកនាំគ្រប់លំដាប់​ថ្នាក់ និងមន្ត្រីរាជការ​ទាំងអស់ នៃ​ទីស្តីការ​គណៈ​រ​ដ្ឋមន្ត្រី នៅក្នុងការបំពេញភារៈកិច្ច នាឆ្នាំថ្មីខាងមុខ ។
គួរ​កត់សំគាល់ថា ជា​រៀងរាល់ឆ្នាំ នាឱកាស​បុណ្យចូលឆ្នាំថ្មី ប្រពៃណី​ជាតិ ​និង​បុណ្យ​ភ្ជុំបិណ្ឌ​ជាដើម ថ្នាក់ដឹកនាំ ​និង​មន្ត្រីរាជការ ក្រោមឱវាទទីស្តីការគណៈរដ្ឋមន្ត្រី តែងតែ​ប្រារព្ធ​ពិធី ព្រះពុទ្ធសាសនា​បែបនេះ ម្យ៉ាង​ គឺដើម្បី​សុំ​សេចក្តីសុខ​ចំរុងចំរើន ដល់​មន្ត្រី​រាជការ និង​ម្យ៉ាងទៀត ដើម្បីប្រោះព្រំ ឲ្យ​មាន​ភាពសុខដុមរមនា ដល់ទីស្តីការគណៈរដ្ឋមន្ត្រី ដែលជា​ទីតាំងស្ថាប័ន​កំពូលមួយរបស់​រាជរដ្ឋាភិបាល ជា​ក្បាលម៉ាស៊ីនប្រមូលផ្តុំ នូវ​កម្លាំង​បញ្ញាញាណ ​គ្រប់​ស្រទាប់ ដែលបម្រើ​ឲ្យ​គ្រប់កិច្ចការ​នយោបាយរបស់​រាជរដ្ឋាភិបាល ទាំង​លើ​ការងារអភិបាលកិច្ច និង​កំណែ​ទំរង់​នានា ។

ក្រោយពីបញ្ចប់កម្មវិធីចម្រើនព្រះបរិត្ត ​លោកជំទាវ អាយ អាន្នី សុខ អាន ព្រមទាំង​ឯកឧត្ដម លោកជំទាវ ជា​សមាជិក សមាជិកា រាជរដ្ឋាភិបាល និង មន្ត្រីរាជការ​ ក្រោម​ឱវាទ​ទីស្តី​​ការ​គណៈ​រដ្ឋ​មន្ត្រី បាន​បន្តទៅ​ទស្សនារបាំ​ត្រុដ  និង របាំ​ជូនពរ ដែលសិល្បករ សិល្ប​ការិនី សំដែង​នៅ​ខាង​មុខ វិមាន​​សន្តិភាព ដើម្បី​អបអរ​សារ​ទរ ជូនពរ ជាពិសេស បណ្តេញ​ឲ្យ​អស់នូវ​ភាព​ឧបទ្រុប​ទាំង​ឡាយ​ក្នុង​ឆ្នាំ​ចាស់ និង​ផ្លាស់​យក​ជោគជ័យ​ សិរី​សួស្តី សម្រាប់ឆ្នាំថ្មី ៕


No comments:

Post a Comment