Monday, January 08, 2018

សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង ផ្តល់អំណោយមនុស្សធម៌ដល់ជនពិការ១០០នាក់

កំពង់ឆ្នាំង៖ លោក គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាអនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា រួមជាមួយលោក លោកស្រី សមាជិករាជរដ្ឋាភិបាល អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងអាជ្ញាធរខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ បានចែកអំណោយជូនជនពិការចំនួន១០០នាក់ នៅក្នុងសាលាខេត្តកំពង់ឆ្នាំង ។

នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល បានមានប្រសាសន៍ទៅកាន់ជនពិការថា ថ្ងៃនេះជាថ្ងៃបុណ្យជាតិ៧មករា ជាថ្ងៃកំណើតទី២របស់ប្រជាជនកម្ពុជា ដែលបានរស់រានមានជីវិតដោយសារថ្ងៃ៧មករាឆ្នាំ១៩៧៩ ។ ជ័យជម្នះ៧មករាបានមកដោយសារការលះបង់សាច់ស្រស់ ឈាមស្រស់ របស់យុទ្ធជន យុទ្ធនារី និងមានការចូលរួមគាំទ្ររបស់ប្រជាជនយើង ដូច្នេះប្រមុខរាជរដ្ឋាភិបាលមិនបំភ្លេចនូវគុណបំណាច់អ្នកស្នេហាជាតិរបស់យើងនោះទេ ។

ជាក់ស្តែងក្នុងថ្ងៃបុណ្យ៧មករានេះ ដោយមានការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង បានរៀបចំអំណោយមានអង្ករ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ចែកជូនជនពិការចំនួន១០០នាក់ មកពីស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង។

លោកឧបនាយករដ្ឋមន្ត្រី គង់ សំអុល បានបញ្ជាក់ថា អំណោយទាំងអស់នេះ គឺជាអំណោយមុស្សធម៌របស់កាកបាទក្រហមកម្ពុជា ចែកជូនជនពិការដោយមិនប្រកាន់និន្នាការនយោបាយឡើយ ដោយក្នុងម្នាក់ៗទទួលបាន អង្ករ១ការ៉ុងស្មើ៣០គីឡូក្រាម មី១កេះ ឃីត១កញ្ចប់ និងថវិកា៤ម៉ឺនរៀល។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើផងដែរ ដល់អាជ្ញាធរក្រុង ស្រុកត្រូវយកចិត្តទុកដាក់ គិតគូរអំពីសុខទុក្ខរបស់ជនពិការគ្រប់ៗរូប ដោយមិនត្រូវអោយជនពិការណាម្នាក់ ឈឺស្លាប់ដោយគ្មានពេទ្យព្យាបាល ឬក៏ដាច់ពោះស្លាប់ដោយសារអត់បាយនោះឡើយ។

ក្នុងពិធីនោះដេរតំណាងជនពិការ បានលើកឡើងថា ពួកលោកជាជនពិការសូមអរគុណយ៉ាងជ្រាលជ្រៅ ចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលតែងបានគិតគូរជានិច្ចដល់ជនពិការក្រីក្រទាំងអស់ ដោយមិនប្រកាន់និន្នាការអ្វីឡើយ។ ជនពិការទាំងអស់សូមអរគុណណាស់ចំពោះប្រមុខរាជរដ្ឋាភិបាល ចំពោះកាកបាទក្រហមកម្ពុជា ដោយពួកលោកទាំងអស់គ្នា និងប្តេជ្ញាចិត្តគាំទ្រថ្ងៃ៧មករាជារៀងរហូត ព្រោះថាបើគ្មានថ្ងៃ៧មករាឆ្នាំ១៩៧៩ គ្មានគណបក្សប្រជាជនកម្ពុជា ក៏គ្មានជីវិតរស់មកដល់ថ្ងៃនេះដែរ និងបើគ្មានថ្ងៃ៧មករា ក៏គ្មានអ្វីៗដូចសព្វថ្ងៃនេះដែរ៕






No comments:

Post a Comment