Monday, January 08, 2018

ស្ថានទូតអាមេរិកនៅកម្ពុជាចូលរួមអបអរសាទរខួប៣៩ឆ្នាំនៃទិវា៧មករា

ស្ថានទូតអាមេរិកប្រចាំនៅប្រទេសកម្ពុជា បានសម្តែងការ អបអរសាទរខួបលើកទី៣៩ឆ្នាំ នៃទិវាថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ – ៧ មករា ឆ្នាំ២០១៨ ដោយបានប្រកាស គាំទ្រជានិច្ចចំពោះទិវាប្រវត្តិសាស្រ្តនេះ ខណៈ រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាមិនអាចបំភ្លេចបាននោះ។

តាមរយៈហ្វេសបុករបស់ខ្លួននាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨ នេះ ស្ថានទូតអាមេរិកបានលើកឡើងថា ថ្ងៃទី៧មករា ឆ្នាំ១៩៧៩ ក្រុងភ្នំពេញត្រូវបានរំដោះចេញពីរបបខ្មែរក្រហមហើយប្រទេសកម្ពុជា បានចាប់ផ្តើមនូវដំណើររបស់ខ្លូនឆ្ពោះទៅរកអនាគតមួយកាន់តែភ្លឺស្វាងនិងពោពេញទៅដោយក្តីសង្ឃឹមថែមទៀត។ «នៅខួបលើកទី៣៩ឆ្នាំនៃប្រវត្តិសាស្រ្តនេះស្ថានទូតអាមេរិកប្រចាំនៅទីក្រុងភ្នំពេញចង់ចាំថាប្រជាជនជាងពីរលាននាក់បានបាត់បង់ជីវិតនៅក្នុងអំឡុងពេលសករាជរបស់ពួកខ្មែរក្រហម ហើយជាច្រើនលាននាក់ទៀតទទួលរងការឈឺចាប់យ៉ាងក្រៃលែងបំផុត»។

សេចក្តីថ្លែងការណ៍ក្នុងទំព័រហ្វេសប៊ុកស្ថានទូតអាមេរិកបន្តទៀតថា អាមេរិកសូមចូលរួមអបអរសាទរយ៉ាងជ្រាលជ្រៅ លើកទឹកចិត្តនិងគាំទ្រជានិច្ចជាមួយនិងប្រជាជនកម្ពុជា ដែលបានងើបចេញពីរបបដ៏ខ្មៅងងិតហើយបានស្ថាបនាប្រទេសឡើងវិញ និងបានធ្វើដំណើរឆ្ពោះទៅរកការ ផ្សះផ្សារជាតិរបស់ខ្លួនបានយ៉ាងល្អនោះ។

ពិធីអបអរសាទរថ្ងៃជ័យជម្នះ ៧មករា ត្រូវបានប្រារព្ធធ្វើ ឡើងយ៉ាងកងរំពង់ជារៀងរាល់ឆ្នាំទាំងមន្រ្តីរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋកម្ពុជានៅទូទាំង ប្រទេស ខណៈពួកគេបានចាត់ទុកថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ជាថ្ងៃកំណើតទីពីរដែលបានវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ដោយពិភពលោកបានចាត់ទុកថា ជារបបដ៏ខ្មៅងងិតដោយបានកាប់សម្លាប់និងធ្វើឲ្យប្រជាពលរដ្ឋខ្មែរស្លាប់និងរងទុក្ខរាប់លាននាក់នោះ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ថាបនិកថ្ងៃរំដោះ៧មករា បានប្រសាសន៍ឲ្យដឹងថា ថ្ងៃ៧ មករា ១៩៧៩ គឺជាថ្ងៃដែលបានបើកឡើងវិញនូវ ទំព័រសករាជថ្មីរបស់កម្ពុជា គឺបានធ្វើឲ្យកម្ពុជាមាននូវ ឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម ហើយប្រទេសសកម្ពុជាមានសុខសន្តិភាពមានការអភិវឌ្ឍរហូតដល់សព្វថ្ងៃនេះគឺបានកើតចេញពីថ្ងៃ៧មករានេះឯង៕


No comments:

Post a Comment