Thursday, November 15, 2018

នាយករដ្ឋមន្រ្តីសិង្ហបុរី រៀបចំ​ពិធី​លៀងសាយភោជន៍​ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតជូនបណ្តាមេដឹកនាំអាស៊ាន​

នៅរាត្រីថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៣ និងលោកស្រី បានប្រារព្ធពិធីលៀងសាយភោជន៍ជាមហាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយនិងជូនប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន និងប្រទេសជាដៃគូទាំងអស់របស់អាស៊ាន ព្រមទាំងរដ្ឋមន្រ្តីអាស៊ាន និងគណៈប្រតិភូទាំងអស់ ដែលមានវត្តមានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅសាធារណរដ្ឋសិង្ហបុរី។
លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ មានប្រសាសន៍ថា យើងបានចំណាយពេលវេលាដ៏យូរ ក្នុងការរួមគ្នាកសាងសហគមន៍អាស៊ានមួយកាលពីឆ្នាំ២០១៥ ហើយសម្រាប់អនាគតទៅមុខយើងនឹងខិតខំរួមគ្នាបន្តទៀត យើងនឹងបន្តខិតខំរួមគ្នាបន្ថែមទៀត ក្នុងការដោះស្រាយនូវរាល់បញ្ហាប្រឈមនានា ដើម្បីអនាគតដ៏រុងរឿងរបស់តំបន់ ពិសេសដើម្បីប្រជាពលរដ្ឋរបស់យើងទាំងអស់គ្នា។
លោក​ លី​ ស៊ានឡុង​ បានមានប្រសាសន៍បន្តទៀតថា ក្រោមប្រធានបទ ការកសាងនវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន យើងនឹងបន្តធ្វើការពិភាក្សារបស់យើងឲ្យកាន់តែស៊ីជម្រៅថែមទៀត នៅព្រឹកថ្ងៃទី២៨មេសា ដើម្បីបម្រើប្រយោជន៍តំបន់​ និងប្រជាជននៃយើងទាំងអស់គ្នា។ បណ្តាមេដឹកនាំទាំងអស់ ក៏បានតាមដានទស្សនានូវរបាំចម្រៀង របស់ក្រុមសិល្បៈមហាជន របស់ប្រទេសសិង្ហបុរីផងដែរ។
លោក លី ស៊ានឡុង ក៏បានថ្លែងទៅកាន់បណ្តាមេដឹកនាំទាំងអស់ ដែលមានវត្តមានក្នុងពិធីលៀង សាយភោជន៍ជាមហាកិត្តិយសនោះថា លោកពិតជាមានការសប្បាយរីករាយខ្លាំងណាស់ ដែលសិង្ហបុរីសម្រេចបាននូវសមិទ្ធផលដ៏ធំធេង ក្នុងរយៈពេល១ឆ្នាំកន្លងមក ក្នុងនាមជាប្រធាន អាស៊ានប្តូរវេន។ លោកក៏បានប្រសិទ្ធពរជ័យបវរមហាប្រសើរជូនបណ្តាមេដឹកនាំទាំងអស់ ទទួលបាននូវភាពជោគជ័យខ្ពង់ខ្ពស់ថែមទៀត ក្នុងបុព្វហេតុនៃការបម្រើប្រទេស​ និងប្រជាជនទាំងអស់ ទាំងនៅក្នុងតំបន់​ និងក្រៅតំបន់ ៕





No comments:

Post a Comment