Thursday, November 15, 2018

យោងតាមច្បាប់ជាធរមានទោះ១០០០ឆ្នាំទៀត ក៏មិនអាចកើតបានដែរ សម្រាប់ការលើកលែងទោសឲ្យអ្នកដែលមិនមានទោស ឬតុលាការមិនទាន់កាត់ឲ្យមានទោស

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ បានថ្លែងផ្តល់កិច្ចសម្ភាសដល់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ឲ្យដឹងយ៉ាងដូច្នេះថា «យោងតាមច្បាប់ជាធរមានទោះ១០០០ឆ្នាំទៀត ក៏មិនអាចកើតបានដែរ សម្រាប់ការលើកលែងទោសឲ្យអ្នកដែលមិនមានទោស ឬតុលាការមិនទាន់កាត់ឲ្យមានទោស ឬកាត់ហើយតែសាលក្រមមិនទាន់ចូលជាស្ថាពរ កុំថាឡើយត្រឹមសេះដុះស្នែង។
ជុំវិញរឿងនេះដែរ លោកនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា មនុស្សដែលចូលចិត្តវាយប្រហារលោក គឺគេអត់ចេះស្តាប់ និងសិក្សាពីសំដី ដែលបង្កប់ដោយន័យ នយោបាយនិងផ្លូវច្បាប់ដែលរូបលោកបាននិយាយនោះទេ ដូចនេះទើបគេរៀបអន្ទាក់ដាក់លោក តែពេលនេះគេដើរជាន់អន្ទាក់ខ្លួនឯងហើយ។ លោក ហ៊ុន សែន បន្តថា «ដោយសារការភ្នាល់លើកនេះ ជាការភ្នាល់ដាក់ជិវិតនយោបាយ ដែលអ្នកបបួលខ្ញុំភ្នាល់គឺជាជនពាលខាងនយោបាយ ដូចនេះតម្រូវឲ្យខ្ញុំត្រូវមានភស្តុតាង និងសូមស្នើឲ្យមេធាវីខ្ញុំរក្សាទុកភស្តុតាងនេះតាមផ្លូវច្បាប់»។
គួរបញ្ជាក់ថាការប្រកាសផ្តាំផ្ញើរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ទៅកាន់ក្រុមអ្នកច្បាប់ និងមេធាវីដែលមាននិន្នាការប្រឆាំងបែបនេះ បានធ្វើឡើងបន្ទាប់ពីក្រុមអ្នកច្បាប់ និងមេធាវីទាំងនោះ បានលើកឡើងតាមរយៈវិទ្យុអាស៊ីសេរី​ នៅយប់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ការមិនដោះលែងលោក កឹម សុខា ជាការរំលោភលើឯករាជ្យភាពរបស់តុលាការ និងរដ្ឋធម្មនុញ្ញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា «ក្រុមអ្នកច្បាប់ និងមេធាវីដែលគាំទ្រជនពាលខាងនយោបាយ ត្រូវរៀនស្តាប់សម្តីរបស់ខ្ញុំឲ្យច្បាស់ មុនធ្វើការបកស្រាយទាំងមិនដឹងខ្យល់អី។ អ្នកឯងមិនត្រឹមតែខ្វះសមត្ថភាពផ្នែកផ្លូវច្បាប់ធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែជាបុគ្គលគ្មានកាយសម្បទាគ្រប់គ្រាន់ក្នុងការស្តាប់យល់ និងវិភាគឲ្យបានត្រឹមត្រូវ នូវភាសារបស់នាយករដ្ឋមន្ត្រី»៕

No comments:

Post a Comment