Thursday, November 15, 2018

កម្ពុជាគាំទ្រចំពោះសំណើររបស់រុស្សី ក្នុងការតម្លើងទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-រុស្សី ឲ្យទៅជាដៃគូសន្ទនាយុទ្ធសាស្រ្ត

នៅរសៀលថ្ងៃទី១៤​ ខែវិច្ឆិកា​ ឆ្នាំ​២០១៨​ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានយាងនិងអញ្ជើញ ចូលរួម ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន-រុស្សីលើកទី៣ ជាមួយលោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្ស៉ី។
ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំងអស់ បានសំដែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក វ៉្លាឌីមៀ ពូទីន ប្រធានាធិបតីនៃសហព័ន្ធរុស្សី ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី​លើកទី៣ ដ៏មានសារសំខាន់នេះ។ បណ្តាមេដឹកនាំអាស៊ានបានចាត់ទុកថា វត្តមានរបស់លោកប្រធានាធិបតី រុស្ស៊ី​ មិនត្រឹមតែឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់យ៉ាងខ្លាំងរបស់រុស្ស៉ី ចំពោះទំនាក់ទំនង អាស៊ាន-រុស្សី ប៉ុណ្ណោះទេ ប៉ុន្តែបានរិតចំណងទាក់ទងនេះ ឲ្យកាន់តែស្អិតរមួត​ និងស៊ីជំរៅថែមទៀត។
ថ្លែងបទអន្តរាគមន៍ទៅកាន់បណ្តាមេដឹកនាំអាស៊ាន រុស្សី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន មានប្រសាសន៍ថា លោកសូមវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពគួរឲ្យកត់សំគាល់ នៃកិច្ចសហប្រតិបត្តិការ អាស៊ាន-រុស្សី ជាពិសេសបន្ទាប់ពីការរៀបចំដោយជោគជ័យ នូវកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្សី កាលពីឆ្នាំ២០១៦ នៅទីក្រុងសូឈី សហព័ន្ធរុស្សី។ សុន្ទរកថារបស់លោកនាយករដ្ឋមន្រ្តី ក៏បានជំរុញភាគីទាំងពីរខិតខំបន្ថែមទៀត ដើម្បីសម្រេចបានតាមផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ អាស៊ាន-រុស្សី ឆ្នាំ២០១៦-២០២០ ដើម្បីបង្កើនល្បឿន​ និងជំរុញ កិច្ចសហប្រតិបត្តិការទ្វេភាគី ឲ្យកាន់តែស៊ីជម្រៅថែមទៀត។
លោកនាយករដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បានមានប្រសាសន៍ថា កម្ពុជាយល់ឃើញថាគួររៀបចំឲ្យមាននូវ កិច្ចប្រជុំកំពូលរវាងថ្នាក់ដឹកនាំអាស៊ាន និងរុស្សី ឲ្យបានទៀងទាត់ដើម្បីពង្រឹង​ និងពង្រីកកិច្ចសហប្រតិបត្តិការ អាស៊ាន-រុស្សី ឲ្យកាន់តែស៊ីជំរៅ។ ក្នុងស្មារតីនេះ​ កម្ពុជាគាំទ្រចំពោះសំណើររបស់រុស្សី ក្នុងការតម្លើង ទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-រុស្សី ឲ្យទៅជាដៃគូសន្ទនាយុទ្ធសាស្រ្ត។ ជាមួយ​ និងភាពមិនប្រាកដប្រជា ពីឥទ្ធិពលនៃ សង្រ្គាមពាណិជ្ជកម្ម ក៏ដូចជាការចចារកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់អាស៊ានមួយចំនួន បានឈានដល់ជិតទីបញ្ចប់នោះ កម្ពុជាយល់ឃើញថា ការសិក្សាសមិទ្ធលទ្ធផលរួមនៃតំបន់ពាណិជ្ជកម្ម សេរីគ្រប់ជ្រុងជ្រោយរវាងអាស៊ាន និងសហភាពអីរ៉ាស៊ី គួរត្រូវបានចាប់ផ្តើម និងជំរុញបញ្ចប់ឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្សីលើកទី៣ នេះដែរ មេដឹកនាំអាស៊ាន​ និងរុស្សី បានឯកភាពគ្នាឈាន ទៅចេញសេចក្តីប្រកាសរបស់ ប្រធានកិច្ចប្រជុំកំពូលអាស៊ាន-រុស្សីលើកទី៣។ សេចក្តីប្រកាសរបស់ថ្នាក់ដឹកនាំអាស៊ាន រុស្សី ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យសន្តិសុខព័ត៌មាន ទំនាក់ទំនង​ និងបច្ចេកវិទ្យា និងក្នុងការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។ សេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំអាស៊ាន រុស្សី ឆ្លុះ បញ្ចាំងអំពីវឌ្ឍនភាព ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍ ទីក្រុងសូឈី ឆ្នាំ២០១៦ និងផែនការសកម្មភាពទូលំទូលាយរវាងអាស៊ាន និងសហព័ន្ធរុស្សី ឆ្នាំ២០១៦-២០២០។
អនុស្សារណៈ នៃការយោគយល់គ្នារវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃសហព័ណ្ធរុស្សី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យគ្រប់គ្រងគ្រោះមហន្តរាយ។ អនុស្សារណៈនៃការយោគយល់គ្នា រវាងសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍ និងគណៈកម្មការសេដ្ឋកិច្ចអាស៊ី អឺរ៉ុប (អឺរ៉ាស៊ី-Eurasain) ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច។ បន្ទាប់មកបណ្តាមេដឹកនាំអាស៊ាន និងអឺរ៉ុប បានយាងនិងអញ្ជើញជា សាក្សី នៃពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា រវាងគណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី និងអាស៊ាន ស្តីពីសហប្រតិបត្តិការសេដ្ឋកិច្ច ដែលចុះហត្ថលេខាដោយអគ្គលេខាធិការអាស៊ាន និងអគ្គលេខាធិការនៃ គណៈកម្មការសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី ៕





No comments:

Post a Comment