Thursday, November 15, 2018

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលីក្នុងពិធីពិសារអាហារការងារពេលព្រឹក

នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីបើកកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី ក្នុងពិធីពិសារអាហារការងារពេលព្រឹក។ ប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ស្កុត ម៉ូសីស សុន (Scott Morrison) ដែលទទួលបានការជ្រើសតាំងជានាយករដ្ឋ មន្រ្តីថ្មីរបស់ប្រទេសអូស្រ្តាលី និងដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី នាពេលនេះ។ មេដឹកនាំនៃប្រទេសអាស៊ានក៏បានធ្វើការកត់សំគាល់នូវលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី កាលពីខែមីនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី ដែលយើងទាំងអស់គ្នា ត្រូវបន្តជំរុញការអនុវត្តដោយពេញលេញ និងប្រកបដោយប្រសិទ្ធភាពបំផុត។
មេដឹកនាំនៃប្រទេសអាស៊ាន និងអូស្រ្តាលី មានសេចក្តីរំភើបចំពោះកំណើននៃទំហំពាណិជ្ជកម្ម រវាងតំបន់ទាំងពីរដោយគិតត្រឹមឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មអាស៊ាន និងអូស្រ្តាលី មានទំហំ ៥៩ប៊ីលានដុល្លាអាមេរិក កើនជាង១១,៧% ប្រៀបធៀបនិងឆ្នាំ២០១៦ ហើយការវិនិយោគ ដោយផ្ទាល់របស់អូស្រ្តាលីមកកាន់តំបន់អាស៊ានកើនឡើងប្រមាណ ៣៣,៤%។ នេះគឺជាសញ្ញាវិជ្ជមានមួយដែលអាស៊ាន និងអូស្រ្តាលី បន្តជំរុញនិងគាំទ្របន្ថែមទៀតតាមរយៈការលើកកម្ពស់សកម្មភាពនៃការផ្សព្វផ្សាយធុរកិច្ច និងការពង្រឹងការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ក៏ដូចជាវិស័យសាធារណៈ និងឯកជន ដោយផ្តោតជាពិសេសលើសហគ្រាសធុនតូច និងមធ្យម។ នៅក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការនោះដែរ បណ្តាមេដឹកនាំអាស៊ានក៏បានស្វាគមន៍ចំពោះការពង្រីកផែនការកូឡំបូថ្មីរបស់អូស្រ្តាលីដល់បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ដើម្បីលើកកម្ពស់ថែមទៀតនូវការតភ្ជាប់រវាងប្រជាជននិងប្រជាជនឱ្យកាន់តែទូលំទូលាយដោយជួយគាំទ្រដល់សិស្ស និស្សិតអូស្រ្តាលី មកសិក្សានិងអនុវត្តការងារនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។
ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន-អូស្រ្តាលី លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី ដោយបានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ អាស៊ាន-អូស្រ្តាលី ពិសេសការ ជំរុញកំណើនសេដ្ឋកិច្ចពាណិជ្ជកម្ម និងការតភ្ជាប់ពីគ្រប់ផ្នែកទាំងអស់រវាងអាស៊ាននិងអូស្រ្តាលី។ នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការនោះដែរ កិច្ចប្រជុំ បានឯកភាពគ្នាក្នុងការឈានទៅចេញសេចក្តីប្រកាសព័ត៌មានរបស់ប្រធានកិច្ចប្រជុំក្រៅផ្លូវការ និងពិធីទទួលទានអាហារការងារពេលព្រឹកនៃមេ ដឹកនាំអាស៊ាន-អូស្រ្តាលី៕




No comments:

Post a Comment