Friday, October 19, 2018

ចលនាសង្គ្រោះជាតិកំពុងរៀបចំធ្វើបក្សប្រហារ ដើម្បីបណ្តុប សម រង្ស៊ី ធ្វើជាប្រធានខ្មោចបក្សសង្គ្រោះជាតិ​ជាផ្លូវការនៅខែធ្នូ

ខណៈរាជរដ្ឋាភិបាលកម្ពុជាដឹកនាំ ដោយគណបក្សប្រជាជនកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ បាននិងកំពុងកសាងកិត្តិយស និងកេរ្តិ៍ឈ្មោះ កិត្យានុភាពសម្រាប់ជាតិ និងប្រជាជនកម្ពុជា​ឱ្យកាន់​តែរឹងមាំថែមនៅលើឆាកអន្តរជាតិ ព្រមទាំងទទួលបានជ័យជម្នះ មានប្រៀបលើគ្រប់សមរភូមិទាំងក្នុង និងក្រៅប្រទេស ក្រុមអ្នកនយោបាយប្រឆាំងរត់ចោលស្រុកកំពុងតែបែកបាក់ និងចែកផ្លូវគ្នាដើរ។ កម្លាំងនយោបាយទាំងពីរដឹកនាំដោយ សម រង្ស៊ី និង កឹម សុខា ដែលមានកឹម មនោវិទ្យា ជាកូនស្រីចេញ​មុខ​ដឹកនាំ​កំពុងប្រកួតប្រជែងគ្នា ដើម្បីដណ្តើមឥទ្ធិពល និងអាចគ្រប់គ្រងឥទ្ធិពលដាច់តែ​ឯងលើខ្មោច​គណបក្សសង្គ្រោះជាតិ។
ក្រុម សម រង្ស៊ី និយមបានព្យាយាមគ្រប់គ្រងលើសមរភូមិការទូត និងនាំមុខក្រុម កឹម មនោវិទ្យា ហើយប៉ុនប៉ង​ឡើងគ្រប់គ្រងបក្សសង្គ្រោះជាតិបានស្លាប់ជាខ្មោចទៅហើយ ដែលខ្លួនធ្លាប់គ្រប់គ្រងធ្វើប្រធានឡើងវិញ​តាមរយៈ​ការធ្វើសន្និសីទពិភពលោកសាខាគណបក្សសង្គ្រោះជាតិនៅខែធ្នូខាងមុខ។ ប៉ុន្តែត្រូវបានក្រុម កឹម សុខា និយមវាយបកយ៉ាងចាស់ដៃ ដោយចោទក្រុមសម រង្ស៊ីថា ជាក្រុមដង្កូវក្នុងសាច់ និងជាអ្នកដែលធ្វើ​ឱ្យគណបក្សសង្គ្រោះជាតិរលាយ ហើយចលនាសង្គ្រោះជាតិដឹកនាំដោយ សម រង្ស៊ី គឺជាចលនានយោបាយ គ្មានគោលការណ៍ច្បាស់លាស់ ហើយបាននិងកំពុងអនុវត្តផែនការធ្វើបក្សប្រហារ។
ការបែកបាក់ដ៏ធ្ងន់ធ្ងរ និងការចែកផ្លូវគ្នារបស់កម្លាំងនយោបាយ សម រង្ស៊ីនិយម និងកឹម សុខានិយម នេះត្រូវបានលេចឡើងកាន់តែច្បាស់នៅក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ ជាមួយនឹងព្រឹត្តិការណ៍ ២ សំខាន់គឺ ទី១)នៅឯកិច្ចប្រជុំសហភាពអន្តរសភានៅប្រទេសស្វីស សម រង្ស៊ី ប្រធានចលនាឧទ្ទាមខុសច្បាប់សង្គ្រោះជាតិ ដែលលែងមានតួនាទីអ្វីទាក់ទងនឹងគណបក្សសង្គ្រោះជាតិ បានយកឈ្មោះគណបក្សសង្គ្រោះជាតិ ទៅប្រើប្រាស់ និងព្យាយាមទាញផលប្រយោជន៍នយោបាយសម្រាប់ស្វែងរក ដំណោះស្រាយ លើសំណុំរឿង​របស់ខ្លួនដែលជាប់ជំពាក់ជាមួយច្បាប់ នៅប្រទេសកម្ពុជា។
សម រង្ស៊ី គ្មានឈ្មោះក្នុងកិច្ចប្រជុំបានត្រឹមតែទៅឈរ អើតមើលកិច្ចប្រជុំក្រៅផ្លូវតែប៉ុណ្ណោះ ដើម្បីបង្អួតសកម្មជន​អ្នកគាំទ្ររបស់ខ្លួនក្នុងបំណងបង្ហាញថា ខ្លួនបានដើរតួនាទីសំខាន់ក្នុងការ ស្រោចស្រង់ និងប្រស់ខ្មោចបក្សសង្គ្រោះជាតិឱ្យរស់ឡើងវិញ ទី២) ក្រុមសម រង្ស៊ី និយមដែលកំពុងដឹកនាំ​ចលនាសង្គ្រោះជាតិ​ខុសច្បាប់ បានបន្លំប្រើប្រាស់ឈ្មោះថា ជាប្រធានសាខាគណបក្សនៅតាមប្រទេសនានា បានគ្រោងរៀបចំសន្និសីទពិភពលោកសាខាគណបក្សសង្គ្រោះជាតិ នៅក្រៅប្រទេសដែលគ្រោង​នឹងធ្វើឡើង​នៅថ្ងៃទី១ និងទី២ ខែធ្នូ ឆ្នាំ ២០១៨ នៅរដ្ឋចរជៀ សហរដ្ឋអាមេរិក ដោយមានតំណាងពីប្រទេស​នានា​ក្នុងពិភពលោក។ ការរៀបចំសន្និសីទនេះឡើងនេះ ទោះប្រើក្នុងលេសដើម្បីកំណត់យុទ្ធសាស្ត្រនយោបាយ ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ប៉ុន្តែត្រូវបានប្រភពនានាបង្ហើបឱ្យដឹងថាគឺជាការ ធ្វើបក្សប្រហារ​ពីសំណាក់ក្រុម សម រង្ស៊ី និយមយ៉ាងច្បាស់ដែលចេញមុខដោយឈ្មោះ អ៊ុង រិទ្ធី និងលី សុខា យឹម ស៊ីណន ហៃ វណ្ណា ជុំ សេរីសុខុម ជាដើមដោយមាន សម រង្ស៊ី អេង នៅពីក្រោយខ្នង ដើម្បីលើកបន្តុបទណ្ឌិត សម រង្ស៊ី ធ្វើជាប្រធានស្របច្បាប់ឡើងវិញដឹកនាំខ្មោចបក្សសង្គ្រោះជាតិ។
ទំនងដោយសារតែមើលឃើញពីសកម្មភាពក្បត់ដៃគូរបស់ខ្លួន ដូច្នេះហើយបានជាក្រុមកឹម សុខា និយមបាននាំគ្នាប្រតិកម្មតបតាមរយៈសំឡេង របស់ ហ៊ីង សុខសាន្ត ប្រធានចលនាយុវជន​ខ្មោចបក្សសង្គ្រោះជាតិ និងជាមនុស្សជំនិតរបស់ កឹម សុខា និងកឹម មនោវិទ្យា បានបង្ហាញពីការមិនគាំទ្រលើយុទ្ធសាស្ត្រនយោបាយបែបអង្ករកំប៉ុង ឬនយោបាយកំប៉ុងជើងធូបរបស់ សម រង្ស៊ី។ លើហ្វេសប៊ុករបស់ ហ៊ីង សុខសាន្ត នៅថ្ងៃទី១៨ ខែតុលា នេះ បានសរសេរថា៖ «គណបក្សសង្គ្រោះជាតិមិនមែនជាចលនានយោបាយបែបអាណាធិបតេយ្យ ធ្វើសកម្មភាពតាមអារម្មណ៍ និងនយោបាយច្រាសជើងឡើយ។ យើងមានផែនការសកម្មភាព ផែនការយុទ្ធសាស្ត្រច្បាស់លាស់់។ ន័យនេះចង់បង្ហាញភាពខ្លាំងរបស់សង្គ្រោះជាតិ ហើយដើម្បីប្រាប់ទៅបុគ្គលក្នុងសង្គ្រោះជាតិខ្លះ កុំឱ្យធ្វើអ្វីគ្មានវិន័យ តាមអារម្មណ៍ និងអាណាធិបតេយ្យដែលនាំឱ្យប៉ះពាល់កិត្តិយស​របស់​គណបក្សសង្គ្រោះជាតិ»។
ការលើកឡើងនេះប្រៀបបាននឹងការទះកំផ្លៀង សម រង្ស៊ី និងតំណាងចលនាសង្គ្រោះជាតិ តាមបណ្តាប្រទេស​នានា​ដែលធ្វើសកម្មភាពតាមការនឹកឃើញ និងមានបំណងយកខ្មោច បក្សសង្គ្រោះជាតិទៅគ្រប់គ្រងតែឯង ខណៈ កឹម សុខា កំពុងស្ថិតស្ថានភាពដោះលែងក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។ ការបែកបាក់គ្នារបស់ក្រុមប្រឆាំងនេះ មិនមែនត្រឹមតែ ពាក្យសម្តីទេ គឺរួមទាំងសកម្មភាពថែមទៀតផង។ ភស្តុតាងបង្ហាញយ៉ាងច្បាស់គឺ សម រង្ស៊ី និងកឹម មនោវិទ្យា ឈ្លោះគ្នាដណ្តើមឥទ្ធិពលគ្នា​ហើយជម្លោះ​នេះមាន​តាំង ពីដើម រៀងមក។ គេនៅចាំបានថា កឹម មនោវិទ្យា បានចោទធ្ងន់ៗលើសម រង្ស៊ី ថាមិនមែនជាមនុស្ស​ទទួលខុសត្រូវ និងអាងអីអាងតែរត់គេចខ្លួន ព្រមទាំងចោទ សម រង្ស៊ី ថា ដឹកនាំបក្ស ដោយប្រើប្រាស់​ឥទ្ធិពលបុគ្គលនិយម។ កឹម មនោវិទ្យា លើកឡើងថាពេលដែល សម រង្ស៊ី លាលែងពីតំណែងជា​ប្រធានបក្សសង្គ្រោះជាតិ នោះបក្សនេះនឹងមានឱកាសរៀបចំ យន្តការដឹកនាំច្បាស់លាស់ មិនស្ថិតនៅលើឥទ្ធិពលរបស់បុគ្គលដូចពីមុនឡើយ។
តាមពិតទៅ ក្រុម សម រង្ស៊ី និយម និងកឹម សុខា និយមនេះបានបែកបាក់គ្នាចាប់តាំងពីការរួបរួមគ្នា បង្កើតជា​បក្សតែមួយ នៅខែកក្កដា ឆ្នាំ២០១២ មកម៉្លេះ ព្រោះពួកគេតែងតែដណ្តើម ឥទ្ធិពលគ្នាទៅវិញទៅ​មកនៅ​ក្នុងបក្ស។ បច្ចុប្បន្ននេះពួកគេបែកបាក់ ចែកចានចែកឆ្នាំងគ្នាក្នុងផ្ទៃក្នុង ប៉ុន្តែជារូបភាពធ្វើជាថា​រួបរួមគ្នាព្រោះ​ពួកគេមិនអាចបែកចេញពីគ្នាដាច់ ដូចពីមុនឡើយព្រោះចៅហ្វាយនាយបរទេសរបស់ពួកគេមិនអនុញ្ញាត​ឱ្យចែកក្រុមបក្សពួកទៀតឡើយ។ ការបង្ហាញពីការបែកគ្នាជាពីរកាន់តែខ្លាំងគឺនៅដើមឆ្នាំ ២០១៨ នេះ ពេលដែល សម រង្ស៊ី ប្រកាសបង្កើតចលនាសង្គ្រោះជាតិ ក្រោយពីទទួលស្គាល់ថា គណបក្សសង្គ្រោះជាតិស្លាប់ ហើយមិនអាចជួយសង្គ្រោះបានទៀតឡើយ គឺត្រូវបង្កើតចលនាមួយ ដើម្បីសង្គ្រោះបក្ស និងជួយសង្គ្រោះ កឹម សុខា ពីគុក។ ឥឡូវនេះ សម រង្ស៊ី ហាក់ដូចជាបានឡើងគ្របដណ្តប់ឥទ្ធិពលកម្លាំងនយោបាយនៃ ខ្មោចបក្សសង្គ្រោះជាតិហើយពេលដែលកឹម សុខា នៅក្នុងឃុំហើយ កឹម មនោវិទ្យា មិនមានសកម្មភាពខ្លាំង។ ក្រុមទាំងពីរនេះមិនត្រឹមតែដណ្តើមអំណាច និងឥទ្ធិពលបក្សនៅក្នុងប្រទេសទេ សូម្បីនៅក្រៅប្រទេស​ក៏បាន​ប្រយុទ្ធគ្នា ដើម្បីក្តោបក្តាប់ឥទ្ធិពលនយោបាយលើគ្នាទៅវិញទៅមកដែរ។
កម្ពុជាពិតជាសំណាងណាស់ ដែលក្រុមអ្នកនយោបាយប្រឆាំងល្មោភអំណាចទាំងអស់នេះ ត្រូវបានខ្ចាត់ព្រាត់ និងបន្តការហែកហួរក្រុមគ្នាឯងនៅក្រៅប្រទេស។ កម្ពុជាពិតជាមិនត្រូវការក្រុម ជនក្បត់ជាតិទាំងនេះឡើយ។ ផែនការបំផ្លាញជាតិរបស់ពួកគេមិនទទួលបានជោគជ័យឡើយ ហើយការបំបែកបំបាក់ជាតិខ្មែរ ក៏មិនទទួល​បានជ័យជម្នះទេ គឺពួកគេបានទទួលបរាជ័យនៅគ្រប់សមរភូមិទាំងនយោបាយ ការទូត និងកម្លាំងគាំទ្រ​ពីប្រជាពលរដ្ឋ និងមានការបែកបាក់គ្នា វៃប្រហារគ្នាដណ្តើមឥទ្ធិពលគ្នាទៅវិញទៅមកទៀត។ ចំណែករាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ក្រោមការគាំទ្រដ៏ ច្រើនលើសលុបពី​ពលរដ្ឋម្ចាស់ឆ្នោតទាំងក្នុងនិងក្រៅប្រទេស បានទទួលជោគជ័យសមិទ្ធិផលជាតិ ជាច្រើន និងបានលើក​តម្កើងមុខមាត់ជាតិ ព្រមទាំងពង្រឹងតួនាទីរបស់កម្ពុជាក្នុងតំបន់ និងក្នុងពិភពលោកក្នុងនាមជាដៃគូស្មើសិទ្ធិ និងស្មើភាពជាមួយប្រទេសទាំងអស់នៅលើពិភពលោក ៕

ដោយ៖ ចៅចាក់ស្មុក
ថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៨
ស្រុកកំចាយមារ ខេត្តព្រៃវែង



No comments:

Post a Comment