ប៉ុន្មានថ្ងៃនេះប្រព័ន្ធឃោសនារបស់បរទេសដែលផ្សាយជាភាសាខ្មែរ ហើយដែលនរណាក៏ដឹងដែរថាជាចៅហ្វាយរបស់ក្រុមប្រឆាំងនៅកម្ពុជា បានខិតខំផ្សាយឆ្កិះរំលឹកអំពីអំពើហឹង្សានៅផ្លូវ វេង ស្រេង កាលពីថ្ងៃទី០៣-០៤ ខែមករា ឆ្នាំ២០១៤ ដែលបង្កឡើងដោយការញុះញង់របស់ សម រង្ស៊ី និងក្រុមប្រឆាំង ដើម្បីដុតកំហឹងយុវជនសារជាថ្មីទៀត ឱ្យស្អប់រដ្ឋអំណាចដែលការពិត រឿងនេះគឺជាឧបាយកលរបស់អតីតបក្សប្រឆាំង ក្នុងការចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើកម្លាំងបដិវត្តន៍ប្រជាជនដូចនៅបណ្តាប្រទេសអារ៉ាប់ដូច្នោះដែរ។ គេនៅចាំបានថា អំពើហឹង្សានោះ បានធ្វើឱ្យមានចលាចលនៅរាជធានីភ្នំពេញ នាំឱ្យប្រជាពលរដ្ឋភ័យរន្ធត់ រហូតដល់មានការខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន និងឈានដល់មានការស្លាប់ និងរបួស ដល់យុវជនដែលជឿតាមការញុះញង់របស់មេក្លោងបាតុកម្មគឺ សម រង្ស៊ី និងបក្ខពួករបស់គាត់ទៀតផង។ មកដល់ចំណុចនេះ ក្រុមប្រឆាំង និងប្រព័ន្ធឃោសនារបស់គេបានខិតខំបំភ្លៃការពិត ដោយផ្សព្វផ្សាយថា ព្រឹត្តិការណ៍ហឹង្សា ដែលឈានដល់ក្លាយជាចលនាកុប្បកម្មនៅផ្លូវវេងស្រេងនោះ ជាការសម្តែងមតិ និងជាការតវ៉ាអហឹង្សាទៅវិញ។ តើអ្វីទៅជាការសម្តែងមតិអហឹង្សា? ហើយតើអ្វីទៅជាការតវ៉ាដោយអំពើហឹង្សា និងជាចលនាកុប្បកម្ម?
ការសម្តែងមតិដោយអហឹង្សា គឺជាកាយវិការបង្ហាញពីការចង់បានរបស់បុគ្គល ឬក្រុមណាមួយ នៅទីតាំងមួយមានរយៈពេលកំណត់ច្បាស់លាស់ ដោយមិនបង្កឱ្យមានការប៉ះពាល់ដល់សិទ្ធិពលរដ្ឋដ៏ទៃទៀត ដោយការសរសេរពាក្យស្លោក និងការស្រែកទាមទារ ដោយមានសណ្តាប់ធ្នាប់។ ផ្ទុយទៅវិញ ការតវ៉ាដែលមានអ្នកនយោបាយជាមេក្លោងដឹកមុខកាលនោះ គឺ សម រង្ស៊ី ផ្ទាល់តែម្តងដែលបានចុះទៅញុះញង់កម្មករនៅមុខរោងចក្រឱ្យឈប់ធ្វើការ ហើយចេញមកធ្វើបាតុកម្ម វាយរំលំទ្វាររោងចក្រ ដែលជាទ្រព្យសម្បត្តិឯកជនរបស់គេ និងបិទផ្លូវសាធារណៈ ដុតកង់ឡាន។ តើជាការសម្តែងមតិដោយអហឹង្សាឬ? ការប្រកាសជាចំហរដោយ ហូរ វ៉ាន់ ឱ្យយុវជនបិទផ្លូវនៅតំបន់សួនឧស្សាហកម្ម ផ្លូវវេងស្រេង និងការប្រើចំពាមកៅស៊ូគ្រាប់ដែក ដបសាំង និងគ្រាប់ឃ្លី បាញ់ទៅលើសមត្ថកិច្ច ព្រមទាំងការប្រើដំបងដែកវាយទៅលើសមត្ថកិច្ច តើវាជាការសម្តែងមតិដោយអហឹង្សា ឬជាការតវ៉ាដោយអំពើហឹង្សា? សកម្មភាពទាំងនេះ គឺពិតប្រាកដណាស់ ជាអំពើហឹង្សាដែលចាំបាច់រដ្ឋអំណាចត្រូវឆ្លើយតបវិញដោយវិធានការណ៍ច្បាប់។
ប្រការដែលអាចបញ្ជាក់ច្បាស់ជាងនេះពីចេតនាអាក្រក់បំផុតរបស់ក្រុមប្រឆាំងដែលដឹកនាំដោយ សម រង្ស៊ី ក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលនៅពេលនោះ គឺការញុះញង់ ឱ្យក្រុមបាតុករឈានទៅអនុវត្តនូវចលនាកុប្បកម្មតែម្តង តាមរយៈការប្រើប្រាស់គ្រាប់បែកដបសាំង (Molotov Cock-tail ) និងដាវសាម៉ូរៃ ជាអាវុធប្រឆាំងតបជាមួយសមត្ថកិច្ច ដែលសកម្មភាពនេះ គឺដូចគ្នាបេះបិទ ទៅ និងចលនាបដិវត្តន៍ពណ៌ នៅពិភពអារ៉ាប់ដូច្នោះដែរ។ តើសកម្មភាពបែបនេះឬ ដែលក្រុមប្រឆាំង និងប្រព័ន្ធឃោសនាបរទេសផ្សាយជាភាសាខ្មែរចាត់ទុកថាជា ការសម្តែងមតិដោយអហឹង្សានោះ?
ការធ្វើកុប្បកម្មដ៏ហឹង្សានេះបានកើតឡើងនៅពាក់កណ្តាលអាធ្រាត្រដែលមិនមែនជាករណីធម្មតានៃការធ្វើបាតុកម្មតវ៉ាដោយអហិង្សា របស់កម្មករនិយោជិតឡើយ តែវាជាការរៀបគម្រោងការដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតទៅវិញទេ។
ក្នុងកុប្បកម្មហឹង្សានាពេលនោះ ក្រុមអ្នកតវ៉ាបានព្យាយាមប្រើដំបង គប់ដុំថ្ម និងដបសាំងទៅលើ សមត្ថកិច្ចយ៉ាងសាហាវ។ ដោយមើលឃើញពីសភាពមិនធម្មតានេះ អាជ្ញាធរមានសមត្ថកិច្ចក៏បានធ្វើការបង្រ្កាបរហូតរំលាយកុប្បកម្ម ដែលមានឧបាយកលទុច្ចរិតនេះបានជាស្ថាពរ។ រៀងរាល់លើក សម រង្ស៊ី មិនថានៅក្រៅ ឬក្នុងប្រទេសឡើយ ជនល្មោភអំណាចម្នាក់នេះតែងតែញុះញង់ឱ្យប្រជាពលរដ្ឋ ពិសេសយុវជនបង្កចលាចលក្រោមលេសនៃការសម្តែងមតិ ប៉ុន្តែក្រោយពេលមានសោកនាដកម្មដល់ពលរដ្ឋ ទណ្ឌិតរូបនេះមិនដែលទទួលកំហុសពីទង្វើរបស់ខ្លួនម្តងណាឡើយ ។
ជារួម ការចាត់វិធានការណ៌ទប់ស្កាត់អំពើកុប្បកម្មនៅផ្លូវវេងស្រេង កាលពីឆ្នាំ២០១៤ បានទាន់ពេលវេលា គឺជាភ័ពសំណាងខ្លាំងណាស់សម្រាប់ប្រជាជនកម្ពុជា ព្រោះថាក្រោយការបែកធ្លាយវីដេអូសារភាពរបស់ កឹម សុខា អំពីផែនការនៃការផ្តួលរំលំរាជរដ្ឋាភិបាលទើបយើងមើលឃើញកាន់តែច្បាស់អំពីគោលបំណងនៃការធ្វើកុប្បកម្មនៅផ្លូវវេងស្រេង កាលពីពេលនោះ គឺជាឈ្នួនបំផ្ទុះភ្លើងសង្គ្រាមដណ្តើមអំណាចរបស់ក្រុមប្រឆាំងដោយប្រើកម្លាំងប្រជាជនដូចនៅប្រទេស ទុយនេស៊ី ស៊ែប៊ី អញ្ចឹងដែរ។ រាជរដ្ឋាភិបាលស្របច្បាប់មានកាតព្វកិច្ចពេញលេញក្នុងការថែរក្សា និងការពារដាច់ខាតនូវសុខសន្តិភាព សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គម។ ដូច្នេះ ស្ថាប័នច្បាប់នឹងមិនអនុញ្ញាតឱ្យមេក្លោងរៀបចំផែនការបដិវត្តពណ៌នៅកម្ពុជារួចផុតពីសំណាញ់ច្បាប់ឡើយ។ ម្យ៉ាងទៀត រហូតមកដល់ពេលនេះ ក្រុមសហជីពមួយចំនួន និងក្រុមគ្រួសារជនរងគ្រោះ នៅតែទាមទារឱ្យមានការទទួលខុសត្រូវចំពោះអ្នកស្លាប់បាត់បង់ជីវិតខណៈទ្រព្យសម្បត្តិសាធារណៈ ជាច្រើនត្រូវបានខូចខាតដោយគ្មានសំណង។ ដូច្នេះ ច្បាប់នឹងមិនអត់ឱនឱ្យមេក្លោងដែលញុះញង់ឱ្យមានអំពើកុប្បកម្មនេះឡើយហើយនរណាក៏ដឹងដែរថាមេក្លោងដែលបង្កឱ្យមានសោកនាដកម្មនៅផ្លូវវេងស្រេង នាពេលនោះ គឺ សម រង្ស៊ី និង កឹម សុខា នេះ ឯង ៕
ដោយ៖ សួន ចំរើន
No comments:
Post a Comment