Wednesday, January 09, 2019

កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាច្រើន ដែលប្រកួតប្រជែងផលិតសំលៀកបំពាក់ និងស្បែកជើង សម្រាប់ការនាំចេញ

មិនមែនមានតែប្រទេសកម្ពុជាមួយទេ ដែលជាប្រទេសផលិតសំលៀកបំពាក់ និងស្បែកជើងសម្រាប់ការនាំចេញនោះ គឺមានប្រទេសច្រើនណាស់ ដែលត្រូវធ្វើការប្រកួតប្រជែងគ្នា។ នេះបើតាមការលើកឡើង របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ ក្នុងឱកាសជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីជិត២ម៉ឺននាក់ មកពីរោងចក្រ សហគ្រាសចំនួន១២ ដែលជំនួបនេះធ្វើឡើងនៅ ភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
លោកបានបន្តថា ប្រទេសដែលមានប្រាក់ឈ្នួលទាបជាងយើង គឺជាប្រទេសដែលគេងាយនឹងបង្វែររោងចក្រទៅកាន់ទីនោះ ហើយក្នុងករណីដែលយើងបាត់បង់រោងចក្រ ប្រទេសដែលមានប្រាក់ឈ្នួលទាបជាងយើង ជាអ្នកទាញរោងចក្រពីយើងទៅកាន់ទីនោះ ដែលអាចនឹងធ្វើឱ្យប្រទេសរបស់យើង បាត់បង់ការងារធ្វើសម្រាប់កម្មករនិយោជិត។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា សម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំ២០១៩នេះ គឺមានការប្រកួតប្រជែងជាមួយប្រទេសដទៃ។ សម្រាប់កម្ពុជាយើង ឆ្នាំ២០១៨ គឺ១៧០ដុល្លារ ឆ្នាំ២០១៩នេះ គឺ ១៨២ដុល្លារ ប្រទេសបង់ក្លាដេស ឆ្នាំ២០១៨ គឺ ៦៧ដុល្លារ ឆ្នាំ២០១៩នេះ គឺ៩៩ដុល្លារ ប្រទេសស្រីលង្ការ ឆ្នាំ២០១៨គឺ ៦៧ដុល្លារ ឆ្នាំ២០១៩នេះ នៅ៦៧ដុល្លារដដែល ប្រទេសឥណ្ឌា ឆ្នាំ២០១៨គឺ ៧៧ដុល្លារ- ១៤៣ដុល្លារ ឆ្នាំ២០១៩នេះ គឺ ៨១ដុល្លារ-១៥០ដុល្លារ ប្រទេសមីយ៉ាន់ម៉ា ឆ្នាំ២០១៨ គឺ ១០៨ដុល្លារ ឆ្នាំ២០១៩ គឺ១០៨ដុល្លារដដែល ប្រទេសឥណ្ឌូណេស៊ី ឆ្នាំ២០១៨ គឺ ១០៦ដុល្លារ- ២៦៧ដុល្លារ ឆ្នាំ២០១៩ គឺ១០៦ដុល្លារ- ២៦៧ដុល្លារដដែល ប្រទេសវៀតណាម ឆ្នាំ២០១៨ គឺ១២២ដុល្លារ-១៧៥ដុល្លារ ឆ្នាំ២០១៩ គឺ ១២៨ដុល្លារ-១៨៤ដុល្លារ នៅប្រទេសឡាវ ឆ្នាំ២០១៨ គឺ១៣៣ដុល្លារ នៅឆ្នាំ២០១៩ គឺ១៣៣ដុល្លារដដែល នៅប៉ាគីស្ថាន ឆ្នាំ២០១៨ គឺ ១៣៤ដុល្លារ ឆ្នាំ២០១៩ គឺ១៣៦ដុល្លារ។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសំណូមពរដល់កម្មករនិយោជិតទាំងអស់ ព្យាយាមពង្រឹងចំណេះដឹង និងសមត្ថភាពរបស់ខ្លួន ឱ្យកាន់តែមានគុណភាពខ្ពស់ ដោយសារកត្តាទីផ្សារប្រកួតប្រជែង និងកត្តាប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត៕





No comments:

Post a Comment