Wednesday, January 16, 2019

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាវប្បធម៌អាស៊ីដែលនឹងផ្តល់ផលប្រយោជន៍សម្រាប់មនុស្សជាតិក្នុងតំបន់និងពិភពលោក

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់ថា ក្រុមប្រឹក្សា ACC ពិតជាមានសារៈសំខាន់ណាស់ក្នុងការអភិវឌ្ឍថ្មីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិផ្នែកវប្បធម៌ ដើម្បីជាផលប្រយោជន៍សម្រាប់មនុស្សជាតិក្នុងតំបន់ស្របជាមួយនឹងទីតាំងភូមិសាស្រ្តកម្ពុជាដែលស្ថិតនៅចំចំណុចប្រសព្វរវាងអរិយធម៌ធំៗនៅអាស៊ីដែលជាភាពសម្បូរដោយវប្បធម៌ចម្រុះដែលប្រជាពលរដ្ឋអាចរស់នៅជាមួយគ្នាបាន ជាពិសេស គឺបានលើកកម្ពស់អរិយធម៌មនុស្សជាតិទាំងមូល។ លោកបានថ្លែងដូចនេះ នៅយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ ក្នុងពិធីប្រកាសបើកជាផ្លូវការនៃក្រុមប្រឹក្សាវប្បធម៌អាស៊ី ដែលប្រារព្ធធ្វើឡើងនៅទីលានជល់ដំរី ខេត្តសៀមរាប។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា កម្ពុជាពិតជាមានកិត្តិយសដ៏ឧត្តុង្គឧត្តមដែលបានអញ្ជើញថ្នាក់ដឹកនាំក្រុមប្រឹក្សាវប្បធម៌អាស៊ី មកចូលរួមនិងរួមគ្នាសហការល្អបំផុតជាមួយអង្គការយូណេស្កូ ក្នុងគោលបំណងដើម្បីគ្រប់គ្រងថែរក្សាអភិរក្សបេតិកភ័ណ្ឌវប្បធម៌កម្ពុជាប្រកបដោយជោគជ័យ បន្ទាប់ពីយើងទទួលបាននូវសុខសន្តិភាព ឯកភាពជាតិ ឯកភាពទឹកដី នៅចុងឆ្នាំ១៩៩៨ តាមរយៈការអនុវត្តន៍នយោបាយ ឈ្នះ ឈ្នះ។

តាមរយៈការអភិវឌ្ឍន៍ផ្នែកវប្បធម៌នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានស្នើឱ្យក្រុមប្រឹក្សាអភិវឌ្ឍវប្បធម៌អាស៊ីអនុវត្តនូវបេសកកម្មសំខាន់ៗដែលបានចែងក្នុងកិច្ចព្រមព្រៀងប្រកបដោយប្រសិទ្ធភាព, តម្លាភាព និងឈរលើកគោលការណ៍នៃការយោគយល់គ្នាទៅវិញទៅមក, ការគោរពគ្នាទៅវិញទៅមក និងការផ្តល់យោបល់ឱ្យគ្នាទៅវិញទៅមកដើម្បីទទួលបាននូវសុខសន្តិភាពជានិច្ចនិរន្តរ៍។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានជូនពរថ្នាក់ដឹកនាំ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់ ជួបតែសេចក្តីសុខចម្រើន ជាពិសេសសូមសប្បាយរីករាយជាមួយនឹងអនុស្សាវរីយ៍ល្អក្នុងការស្នាក់នៅលើកទឹកដីអង្គដ៏ល្បីល្បាញរបស់ព្រះរាជាណាចក្រកម្ពុជា៕





No comments:

Post a Comment