Wednesday, January 16, 2019

លិខិតមិត្តអ្នកអាន៖ «គ្មានអ្វីកតញ្ញូជាងការការពារអធិបតេយ្យភាពជាតិរបស់ខ្លួនឡើយ»


(ភ្នំពញេ)៖ ប្រសិនបើស្តាប់មួយភ្លែតហើយមិនបានស៊ីជម្រៅ មនុស្សមួយចំនួនអាចគិតថា ការវាយ​បករបស់​លោក​ហ៊ុន សែន កាលពីថ្ងៃទី១៤ មករា ២០១៩ ទៅលើបស្ចឹមប្រទេសដែល​គំរាមជាបន្តបន្ទាប់​ដាក់​ទណ្ឌកម្ម​មកលើ កម្ពុជាថា ជាភាសាធ្ងន់ចំពោះមហាអំណាច ទាំងនោះដែលហាក់មិនចំណេញដល់ខ្មែរ។

ប៉ុន្តែសម្រាប់អ្នកយល់ស៊ីជម្រៅនៃបញ្ហានេះជាភាសាដ៏ត្រឹមត្រូវនិងទាន់សភាពការណ៍បំផុតសម្រាប់ទប់​ទល់​ជា​មួយ​ពួកបរទេសដែលចិញ្ចឹមមហិច្ឆតាយកកម្ពុជាជា ចំណាប់ខ្មាំងនៃផល ប្រយោជន៍ភូមិសាស្ត្រ នយោ​បាយ​របស់ខ្លួន។
អ្នកសិក្សាអំពីវិទ្យាសាស្ត្រ នយោបាយ និងទំនាក់ទំនងអន្តរជាតិ ច្បាស់ជាធ្លាប់បានលឺពាក្យថា «គ្មានទេ​មិត្ត​គ្មាន​ទេស​ត្រូវ គឺមានតែផលប្រយោជន៍» នេះម្យ៉ាង។ ម្យ៉ាងទៀត គេក៏ធ្លាប់បានលឺពាក្យមួយឃ្លាទៀតថា «គ្មានអ្វី​អកតញ្ញូ​ជាង ផលប្រយោជន៍ភូមិសាស្ត្រនយោបាយឡើយ»។ ទាំងពីរយ៉ាងនេះពិតជាបានបានឆ្លុះបញ្ចាំង យ៉ាង​ច្បាស់​ក្រឡែតអំពីអ្វីដែលកើតមានចំពោះកម្ពុជាទាំងក្នុងអតីតកាល និងបច្ចុប្បន្នកាល។
ក្នុងអតីតកាល សហរដ្ឋអាមេរិក បានទម្លាក់គ្រាប់បែកជិត ៣ លានតោនស្រោចមកលើកម្ពុជា ហើយនៅទីបំផុត គាំទ្រកូន​ជឹងរបស់ខ្លួនគឺ លន់ នល់ ដើម្បីធ្វើរដ្ឋប្រហារទម្លាក់សម្តេច នរោត្តម សីហនុ ពីព្រះប្រមុខ​រដ្ឋស្រប​ច្បាប់​ដោយសារតែសម្តេចសីហនុមិនព្រមធ្វើជារណបរបស់ខ្លួន។
បន្ទាប់មកទៀត សហរដ្ឋអាមេរិកចាប់ដៃជាមួយចិនគាំទ្រខ្មែរក្រហមសម្លាប់ពលរដ្ឋខ្មែររាប់លាននាក់។ លើស​ពី​នេះ ​ដើម្បីទប់ទល់ឥទ្ធិពលអតីត សហភាពសូវៀតនៅក្នង សង្គ្រាមត្រជាក់ ពួក បស្ចឹមប្រទេស មាន​សហ​រដ្ឋ​អាមេរិក និងសហភាពអឺរ៉ុបផងដែរ បានបន្តគាំទ្រអស់រយះពេល១២ឆ្នាំនូវអាសនៈពួកខ្មែរ ក្រហម​នៅ​អង្គការ​សហប្រជាជាតិ ទាំងពួកនេះបានធ្វើទារុណកម្ម និងប្រល័យពូជសាសន៍ខ្មែរស្ទើរផុតពូជ។
បច្ចុប្បន្ននេះ ស្ថានភាព មិនសូវខុសពីអតីតកាល ប៉ុន្មានឡើយ។ ដោយសារ​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ដឹកនាំ​ដោយ​លោក ហ៊ុន សែនមិនព្រមធ្វើជារណបភូមិសាស្ត្រ នយោបាយដល់ខ្លួន សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប បាន​ប្រើវិ​ធីចាស់ដដែល គឺការចិញ្ចឹមកូនជឹងដែលមាន ក្រុមប្រឆាំងដឹកនាំដោយសម រង្ស៊ីឲ្យក្រឡុកសភាពការណ៍ និង​រកវិធី​គ្រប់យ៉ាងដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់មួយ​ដែលកើតចេញ​ពីការបោះ​ឆ្នោត​តាម​លិទ្ធិប្រជាធិប្ប​តេយ្យសេរីពហុបក្ស។
វិធីសាស្រ្តរបស់ពួកគេមានគ្រប់បែបយ៉ាង រាប់ទាំងការអនុវត្តន៍ ចលនា បដិវត្តន៍ពណ៌ និងការបង្ក ព្យុះភ្លៀង​ឥត​ឈប់ឈរ ដោយមានការគាំទ្រពីចៅហ្វាយនាយបរទេសក្រោមលេសនៃពាក្យពីរម៉ាត់គឺ «ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស»។
តើការទម្លាក់គ្រាប់បែក រាប់លានតោនស្រោចលើទឹកដីខ្មែរ និងបានសម្លាប់ពលរដ្ឋខ្មែររាប់សែន នាក់ ពួកគេដែល បាន​និយាយពីសិទ្ធិមនុស្សទេ? ការគាំទ្រឲ្យខ្មែរ  ក្រហមសម្លាប់​ខ្មែររាប់លាននាក់ និងបន្តឲ្យពួកនេះ​កាន់កាប់​អានសៈ​កម្ពុជានៅអង្គការសហប្រជាជាតិ តើពួកបស្ចឹម ប្រទេសដែលនិយាយពីសិទ្ធិមនុស្សទេ?
បច្ចុប្បន្ន​ទៀតសោត ខណៈដែលកម្ពុជាកំពុងបើកចំហរទៅរកប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ពួក​បស្ចឹម ប្រទេសបែរជាចោទកម្ពុជាថា បាន បំពានលើគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ប៉ុន្តែ ពួក​គេ​បែរទៅចាប់ដៃធ្វើសម្ព័ន្ធមិត្តជាមួយប្រទេសដែលគ្មានប្រជាធិបតេយ្យទាល់តែសោះទៅវិញ? នេះ​គឺជា​ភស្តុតាង​មិនអាចក្រកែកបានឡើយដែល បង្ហាញថា ពាក្យប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ដែលបស្ចឹម ប្រទេស​កំពុង​ដាក់សង្កត់មកលើកម្ពុជាគ្រាន់តែជាលេសដើម្បីចង់យកកម្ពុជាធ្វើជារណបបម្រើផលប្រយោជន៍ ភូមិសាស្ត្រ​នយោបាយរបស់ខ្លួនសុទ្ធសាធ។
ក្នុងន័យនេះ សាររបស់បុរសខ្លាំងកម្ពុជាដែលថា ការដាក់ទណ្ឌកម្មណា មួយមកលើកម្ពុជា មានន័យ​ស្មើនឹង​ទណ្ឌ​កម្ម​ទៅលើក្រុមប្រឆាំង គឺជារឿងដ៏ត្រឹមត្រូវ បំផុតនិងជា​សារ​ប្រកប ដោយភាពឈ្លាស​វៃរបស់មេដឹកនាំ​ពីព្រោះ​សារ​នេះ បានវាយចំគោលដៅ «Knock-Out»របស់ពួកបរទេសដែលកំពុងប៉ុនប៉ងយកកម្ពុជាជា រណប​ដើម្បី​បម្រើផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់ខ្លួន។ សារនេះក៏ជាព្រួញមួយបាញ់បានសត្វពីរ៖
ទី១៖ គឺជាការព្រមានដល់ពួក បរទេសដែលជា ចៅហ្វាយនាយរបស់ក្រុមប្រឆាំងនៅកម្ពុជាថា ទណ្ឌកម្ម​របស់ពួក​គេ​មកលើកម្ពុជាស្មើនឹងច្រវ៉ាក់ខ្នោះឃ្នៀងសម្រាប់ដាក់កូនជឹង របស់ខ្លួនយ៉ាង​ដូច្នោះ ដែរពីព្រោះ​រដ្ឋាភិបាល​ក្រុង​ភ្នំពេញ នឹងមិនអត់ឱន ដល់ក្រុមប្រឆាំងទៀតឡើយក្នុងករណីដែល មានទណ្ឌកម្មមែន ដោយសារថា គ្មានអ្វី​ត្រូវខាតបង់ជាងនេះទៀតទេ។
ទី២៖ គឺជាសារបញ្ជូនទៅ ប្រាប់ក្រុមប្រឆាំងឲ្យដឹងខ្លួនថា ការណ៍ ដែលពួកគេទៅបុក​រុកបរទេសឲ្យ​ដាក់​ទណ្ឌ​កម្ម​ណា មួយ មកលើប្រទេសនិងប្រជាជនរបស់ខ្លួនមិនខុសពី ការបង្កាត់ភ្លើង​ដើម្បីដុតផ្ទះខ្លួនឯងនោះឡើយ។ ជំហរ​រឹងមាំដូចដែកថែប របស់បុរសខ្លាំងកម្ពុជាពិតជាគួរឲ្យសាទរនិងផ្តល់តម្លៃពីព្រោះ​កម្ពុជាមិនត្រូវយក​អធិបតេយ្យជាតិ» ទៅប្តូរជាមួយផលប្រយោជន៍ភូមិសាស្ត្រនយោបាយរបស់បរទេសណាមួយឡើយ។
មកដល់ចំណុចនេះ មនុស្សមួយចំនួនអាចចោទសួរបញ្ច្រាសមក វិញថា ហេតុអីកម្ពុជាចាប់យកចិន និង​កំពុង​បម្រើ​ផល​ប្រយោជន៍ ភូមិសាស្ត្រនយោបាយឲ្យចិន? តាមពិត មិនមែន ដូច្នោះឡើយ។ កម្ពុជាប្រកាន់​គោល​នយោបាយអព្យាក្រឹត្យឥតលម្អៀងនិងនៅតែប្រកាន់គោលការណ៍នេះដោយឥតងាករេជាអចិន្ត្រ័យ ពោល​គឺ​កម្ពុ​ជា​ចងមិត្តជាមួយបណ្​តាប្រទេសទាំងអស់ដោយស្មើមុខមាត់គ្នានិងស្មើសិទ្ធ។ ប៉ុន្តែប្រការដែលគេមើលឃើញថា កម្ពុជា​ហាក់កៀកកិតខ្លាំងជាមួយចិនគឺដោយសារពួកបស្ចឹម ប្រទេសខ្លួនឯងទេ ដែលធ្វើខ្លួនឲ្យកាន់​តែឃ្លាតឆ្ងាយ​ពីកម្ពុជា​ដោយសារតែជំនួយចងភ្ជាប់ជាមួយលក្ខខណ្ឌ«ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»ដែលជា
លក្ខខណ្ឌ​ក្លែងក្លាយដើម្បីបន្លំភ្នែកតែប៉ុណ្ណោះ ខណៈដែលចិននៅតែអាចរក្សាបាននូវចំណងមិត្តភាពស្មើមុខ មាត់និង​ស្មើសិទ្ធជាមួយកម្ពុជាតាមរយៈ​គោលការណ៍មិន​លូកលាន់​ចូលកិច្ចការផ្ទៃក្នុង​របស់ប្រទេសផ្សេង និង​ការគោរពអធិបតេយ្យភាពគ្នាទៅវិញទៅមកបានយ៉ាងល្អ។ នេះជាហេតុផល សត្យានុម័តដែល​ជំរុញឲ្យកម្ពុជា​នៅកៀក​ជាមួយចិនជាងបស្ចឹមប្រទេស។
ប្រសិនបើ បស្ចឹមប្រទេសចង់បានភាពស្មើមុខមាត់ជាមួយកម្ពុជា និងឈរទន្ទឹមជាមួយចិន គឺពិតជាមិនពិបាក​ឡើយ​ព្រោះ​វាគ្រាន់តែបោះ​បង់ចោលមហិច្ឆតា​ចង់យកកម្ពុជា ធ្វើជារណបដើម្បី​បម្រើផល​ប្រយោជន៍ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន ហើយបែរមកគោរព អធិបតេយ្យភាពរបស់កម្ពុជាដូចចិនដែរទៅគឺជាការស្រេច។
ប្រឈមមុខនឹងស្ថានភាពបច្ចុប្បន្ន កម្ពុជាគ្មានជម្រើសអ្វីក្រៅពីការការពារ​យ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យ​ភាព​ជាតិរបស់ខ្លួន ដើម្បីទប់ទល់ជាមួយពួកបរទេសដែលកំពុងព្យាយាមទាញកម្ពុជា ធ្វើជារណបនោះឡើយ។ ប្រសិនបើគ្មានភាព ម៉ឺងម៉ាត់នេះទេ កម្ពុជាអាចប្រឈមមុខ​នឹងគ្រោះថ្នាក់ធំដូច​កាលពីអតីតកាល​មិនខាន​ឡើយ។
សម្រាប់អ្នកតាមដាន នយោបាយនៅកម្ពុជា ពីអំណឹះតទៅ ប្រសិនបើពួកបស្ចឹមប្រទេសមិនព្រម​ផ្លាស់ប្តូរ​នយោបាយ​របស់ខ្លួនចំពោះកម្ពុជា ហើយនៅតែចិញ្ចឹមចិត្តប្រើក្រុមប្រឆាំង ដើម្បីធ្វើ​ជាកូនជឹងក្នុង​ការប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់តទៅទៀត នោះផ្លូវល្អបំផុតសម្រាប់កម្ពុជា ទំនងជាគ្មានអ្វីក្រៅ​ពីយកគំរូតាម​ប្រទេសសិង្ហបូរីពោលគឺ ការអភិវឌ្ឍន៍ប្រទេសដោយយកសណ្តាប់ធ្នាប់ជាធំ ដោយមិនភ្លេចប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺសិទ្ធិរបស់ពលរដ្ឋខ្មែរពិតប្រាកដមិនមែនជាសិទ្ធិមនុស្សឡប់ឡែតាមខ្សែញាក់ ឬតាម​មាត់ថារបស់បរទេសណាមួយឡើយ។
ក្នុងន័យនេះការលើកឡើងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី១៤ មករា ពិតជាត្រឹមត្រូវ និងមាន​លក្ខណៈ​ឡូហ្សិក បំផុតដើម្បីការពារផលប្រយោជន៍ខ្មែរ និងពង្រឹងឯករាជភាពរបស់ខ្មែរទាំងវិស័យនយោបាយ និងសេដ្ឋកិច្ច។ មានតែជំហររឹងមាំបែបនេះទេទើបអាចទប់ទល់ជាមួយមហិច្ឆតាបរទេសដែលកំពុងចង់លេប
ត្របាក់កម្ពុជាដើម្បីធ្វើជារណបនៃភូមិសាស្ត្រ នយោបាយរបស់ខ្លួន។ ដូច្នេះប្រសិនបើគ្មានអ្វី អកតញ្ញូជាង​ផល​ប្រយោជន៍ភូមិសាស្ត្រ នយោបាយមែន ក៏គ្មានអ្វីដែលកតញ្ញូជាងការការពារអធិបតេយ្យភាពជាតិ​ឲ្យចេញ​ផុតពីការ​ធ្វើរណបភូមិសាស្ត្រនយោបាយរបស់បរទេសនោះដែរ៕
ដោយ៖ សាស្ត្រាចារ្យ វិទ្យាសាស្ត្រសង្គម
សាកលវិទ្យាល័យកំពង់ចាម

No comments:

Post a Comment