Monday, September 03, 2018

ស្រុកគិរីវង់មានភាគរយអ្នកបោះឆ្នោតជូនCPPជាប់ចំណាត់ថ្នាក់ជាស្រុកលេខ១ ក្នុងចំណោមក្រុង​-​ស្រុកទាំង១០ នៃខេត្តតាកែវ

តាកែវ៖​ លោក សុខ សូកាន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកគិរីវង់ បានសម្តែងនូវការកោតសរសើរ និងថ្លែងនូវការអបអរសាទរដោយក្តីមោទនៈជូនដល់ក្រុមការងារនិងគណបក្សស្រុក-ឃុំនៃស្រុកគិរីវង់គ្រប់លំដាប់ថ្នាក់ ដែលបានសម្រេចជោគជ័យជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងចំណោមក្រុង-ស្រុកទាំង១០ នៃខេត្តតាកែវ ដោយទទួលបានសម្លេងគាំទ្រគណបក្សខ្ពស់ជាងគេបំផុត 43,354 ស្មើនឹង 85.78% ធៀបនឹងសម្លេងបានសរុប។ ជោគជ័យជាប្រវត្តិសាស្ត្រនេះបានបន្តរក្សាកេរ្តិ៍ឈ្មោះស្រុកគិរីវង់ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាមរកតស្នាដៃដ៏ថ្លៃថ្លារបស់លោកឧប​នាយករដ្ឋមន្ត្រី​ សុខ ​អាន។
លោកបានថ្លែងឡើងបែបនេះ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់ នាថ្ងៃទី១​ ខែកញ្ញា​ ឆ្នាំ២០១៨​ នៅការិល័យគណបក្សស្រុកគិរីវង់ ដែលមានការចូលរួមពីក្រុមការងារថ្នាក់កណ្តាល និងថ្នាក់ដឹកនាំគណបក្សស្រុកនិងឃុំទាំង១២ នៃស្រុកគិរីវង់ សរុបអ្នកចូលរួមប្រមាណជា៥០០នាក់។
លោក​បានរំលឹកថា តាមរយៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦កន្លងមក ប្រទេសកម្ពុជាគឺជាប្រទេសដែលមានភាគរយអ្នកចូលរួមបោះឆ្នោត(83.02%)ខ្ពស់ជាងគេលំដាប់ទី២នៅទូទាំងពិភពលោកបន្ទាប់ពីប្រទេសបែលហ្សិក ដែលនេះបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹង និងភាពជោគជ័យនៃដំណើរការប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា។ ហើយផ្អែកតាមលទ្ធផលបោះឆ្នោតផ្លូវការរបស់ គ.ជ.ប គណបក្សប្រជាជនកម្ពុជាទទួលបានសម្លេងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដីប្រមាណជា 76.85% ធៀបនឹងសន្លឹកឆ្នោតបានការសរុប ដែលនេះបង្ហាញពីការគាំទ្រនិងជឿជាក់លើការដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលមានលោកនាយករ​ដ្ឋ​មន្រ្តី ហ៊ុន សែន ជាប្រមុខ។
ថ្លែងក្នុងឱកាសនោះ លោកបានបង្ហាញពីការគាំទ្ររាជរដ្ឋាភិបាលយ៉ាងពេញទំហឹង ចំពោះកំណែទម្រង់ស៊ីជម្រៅ ក៏ដូចជាការលើកទឹកចិត្ត និងការផ្តល់ឱកាសដល់យុវជនកម្ពុជាកាន់តែច្រើនឡើងក្នុងការចូលរួមសកម្មភាពអភិវឌ្ឍប្រទេសជាតិ។ ដូចនេះ លោកក៏សង្ឃឹមថា ថ្នាក់ដឹកនាំមូលដ្ឋានភូមិ ឃុំ នៅស្រុកគិរីវង់នឹងអនុវត្តតាមលំនាំរាជរដ្ឋាភិបាល ដោយផ្តល់ឱកាស ក៏ដូចជាបណ្តុះបណ្តាលយុវជនមូលដ្ឋានដែលមានសមត្ថភាពនិងអត្តចរិកល្អឱ្យ​បានច្រើនអំពីកិច្ចការដឹកនាំនៅមូលដ្ឋាន​ដើម្បីក្លាយជាអ្នកបន្តវេណនិងជាកំលាំងស្នូលដ៏សំខាន់នាពេលខាងមុខ។
លោកក៏បានថ្លែងជំរុញឱ្យមន្ត្រីបក្សស្រុក-ឃុំ គ្រប់លំដាប់ថ្នាក់ត្រូវបន្តខិតខំប្រឹងប្រែងទ្វេដង រួមសហការគ្នាជាមួយក្រុមការងារស្រុក-ឃុំ ក្នុងការពង្រឹងរចនាសម្ព័ន្ធបក្ស ពង្រឹងសេវាសាធារណៈ សន្តិសុខសណ្តាប់ធ្នាប់ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋតាមរយៈការបន្តអនុវត្តកម្មវិធីសំខាន់ៗមួយចំនួនដូចជា សហគមកសិកម្ម និងមូលនិធិគ្រូបង្រៀនបណ្ឌិតសភាចារ្យ សុខ អាន ស្រុកគិរីវង់ជាដើម និងត្រូវសកម្មជាងមុនក្នុងការចូលរួមដោះស្រាយនូវរាល់បញ្ហា សំណូមពរផ្សេងៗដែលពួកគាត់មានតម្រូវការ ដើម្បីតបស្នងចំពោះពលរដ្ឋម្ចាស់ឆ្នោតដែលបានផ្តល់ការជឿជាក់និងទុកចិត្ត និងបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា។
ក្នុងឱកាសនោះផងដែរ លោកបានរៀបចំឱ្យ​មានការជួបជុំពិសារបាយសាមគ្គី និងបានផ្តល់នូវវត្ថុអនុស្សាវរីយ៍របស់លោក​ឧប​នាយករដ្ឋមន្ត្រី​ សុខ អាន រួមទាំងលិខិតថ្លែងអំណរគុណ ជូនដល់ក្រុមការងារនិងថ្នាក់ដឹកនាំគណបក្សស្រុក-ឃុំ គ្រប់លំដាប់ថ្នាក់ផងដែររាប់ចាប់ពីប្រធានក្រុមបក្សសរុបចំនួន៥២៩២នាក់ ដើម្បីជាការថ្លែងអំណរគុណ និងអបអរសាទរចំពោះជោគជ័យរបស់គណបក្សប្រជាជនកម្ពុជាស្រុកគិរីវង់៕










No comments:

Post a Comment