Monday, June 26, 2017

លិខិតចំហរពិសេសមួយផ្ញើជូនលោក សម រង្ស៊ី និង កឹម សុខា៖ យុទ្ធសាស្រ្ត «ប្រើខ្មោចឲ្យកិនម្សៅធ្វើនំឲ្យស៊ី»

អ្នក​វិភាគ​នយោបាយ​ដែល​មាន​ទស្សនៈភ្លឺ​និយមមួយ​រូប​ឈ្មោះ បក្សីចាំ​ក្រុង​ នៅ​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៧​នេះ បាន​សរសេរ​លិខិត​ចំហរជា​ពិសេស​មួយ​ផ្ញើ​ជូន​លោក សម រង្ស៊ី និង​ កឹម សុខា ដោយ​បានដាក់​ចំណង​ជើង​ថា យុទ្ធ​សាស្ត្រ “ប្រើ​ខ្មោច​ឲ្យកិន​ម្សៅ​ធ្វើ​នំឲ្យ​ស៊ី​” ​ដែលមាន​ខ្លឹម​សារ​ទាំង​ស្រុង​ដូច​ខាង​ក្រោម៖

លោក សម រង្ស៊ី អតីតមេបក្សព្រះអាទិត្យ បានប្រើយុទ្ធសាស្រ្តកាត់ស្មៅក្រោមជើងលោក កឹម សុខា ដែល​ជា​មេ​​បក្សថ្មី ដោយប្រកាសដោយឯកឯង ជាសាធារណៈថា គាត់គឺជាបេក្ខភាពនាយករដ្ឋមន្រ្តី​របស់​បក្ស​ព្រះ​អាទិត្យ​​សម្រាប់ការបោះឆ្នោតឆ្នាំ ២០១៨។ ជាមនុស្សក្រៅបក្ស តែនៅតែមានចរិតខែងរែង ក្រអឺតក្រទម លើកខ្លួនឯង ដោយមិនក្រែងរអែងមេបក្សក្នុងតំណែងអីបន្តិចបន្តួចសោះ ដែលតាមពិតតម្លៃខ្លួន​នយោបាយ​ពិត​ប្រាកដ​របស់​លោក សម រង្ស៊ី គឺជាដៃគូប្រកួតមិនដែលឈ្នះនៅក្នុងគ្រប់សមរភូមិនយោបាយកន្លងមក។

តើមានសមរភូមិណាដែលលោក សម រង្ស៊ី ប្រកាសថា គាត់ចាញ់!? ចម្លើយថា មិនដែលទេ គឺ​ប្រកាស​ឈ្នះ​រហូត​​​មុន​បោះឆ្នោត ប៉ុន្តែលទ្ធផលចាញ់រហូត។ សរសើរគាត់ដែរ ចាញ់ហើយនៅតែមុខក្រាស់ មិនព្រម​ទុក​ឱកាស​ឲ្យលោក កឹម សុខា ធ្វើម្តង ដោយគិតថា អាចក្រែងលោចៃដន្យបានឈ្នះម្តងនឹងគេ!!! ប៉ុន្តែ តាម​ការ​សង្កេតរបៀបធ្វើនយោបាយ និងយុទ្ធសាស្រ្តនយោបាយរបស់លោក សម រង្ស៊ី កន្លងមក ខ្ញុំសន្និដ្ឋានថា លោក សម រង្ស៊ី គឺនឹងជាប់ឯកត្តកម្ម ពីអ្នកនយោបាយចាញ់ចាស់វស្សា ទៅជាអ្នកនយោបាយ​បរាជ័យ​ជា​អមតៈ មិន​ខាន។ ហ៊ានភ្នាល់ គឺប្រាកដជាចាញ់! ហើយ ២០១៨ នេះ សម រង្ស៊ី នឹងចាញ់ទៀត ចាញ់​លើក​នេះ គឺចាញ់​អស់​សាច់ ចាញ់លើកនេះ គឺចាញ់ដោយក្អួតឈាម សូម្បីពន្លឺជោគជ័យ​ដ៏តិចតួច​ក៏គ្មាន​ទាល់​តែ​សោះ!

ស្ងានភាពនយោបាយរបស់គាត់បច្ចុប្បន្ន គឺជាស្រមោល បើជាស្រមោល គឺមានរូបធាតុដូចផ្សែងដែរ ! ស្ថាន​ភាព​របស់គាត់ គឺស្ថានភាពជាអ្នកបម្រើនយោបាយ ឲ្យលោក កឹម សុខា ហើយលោក កឹម សុខា ដែលជា​មេបក្ស​ព្រះអាទិត្យពេញផ្លូវច្បាប់ នឹងប្រើវិធីត្រជាក់លួងលោមប្រើលោក សម រង្ស៊ី ឲ្យធ្វើនយោបាយឲ្យគាត់ ក្រោម​ផ្លាក​បក្សសង្រ្គោះជាតិ និងតាមជំហានយុទ្ធសាស្រ្ត៖ ប្រើខ្មោចអោយកិនម្សៅធ្វើនំឲ្យស៊ី !

ទី១៖ សម រង្ស៊ី គិតថា ខ្លួនគាត់ជាអ្នកឆ្លាតជាងគេប៉ុន្តែ ភ្លេចខ្លួនថា នៅលើមេឃមានមេឃសោះ។ លោក កឹម សុខា ចាប់ផ្តើមរកស៊ីនយោបាយដោយអត់ចេញ ដើម ដោយបោកលុយអាមេរិក ធ្វើនយោបាយ​តាមរយៈ​ធ្វើ​អង្គការ​មជ្ឈមណ្ឌលសិទ្ធិមនុស្ស ហើយខ្ចីទ័ពពីបក្សភ្លើងទៀន ដើម្បីប្រមូលកំលាំង និងឃោសនា។ លោក កឹម សុខា បានខ្ចីដៃមេបក្សទេវតា ដើម្បីបើកបក្សលោកខែ ដោយប្រើដើមទុនធនធាន​នយោបាយ​ពីបក្ស​ភ្លើង​ទៀន។ ក្រោយពីបាន ៣កៅអីនៅរដ្ឋសភា លោក កឹម សុខា បបួលលោក សម រង្ស៊ី ដែលមាន ២៦កៅអី ដើម្បី​បង្រួបប​ង្រួមគ្នាដោយឲ្យ សម រង្ស៊ី ធ្វើមេបក្សរស់នៅក្រៅប្រទេស ហើយគាត់ធ្វើជា​មេបក្ស​រងកាន់​អំណាច មេបក្ស​នៅ​ក្នុងប្រទេស ហើយសន្យាគ្នាឲ្យ សម រង្ស៊ី កាន់អំណាចរដ្ឋាភិបាល ហើយគាត់​កាន់​អំណាច​នៅរដ្ឋសភា។ ពេលឱកាសធ្លាក់ពីមេឃមក លោកកឹម សុខា បានរៀបចំផែនការយ៉ាងល្អិតល្អន់ តាំងពីពេល​ទំលាក់​លោក សម រង្ស៊ី ពីតំណែងមេបក្សព្រះអាទិត្យ តាមរយៈការបញ្ចុះបញ្ចូលផង បំភ័យផងឲ្យ សម រង្ស៊ី លាលែង​តំណែង​ដោយ​ស្ម័គ្រចិត្ត និងឡើងធ្វើប្រធានបក្សដោយខ្លួនឯង។

ទី២៖ កឹម សុខា ដឹងច្បាស់ណាស់នូវចំណុចខ្សោយរបស់ សម រង្ស៊ី គឺក្តីសុបិន្តទាំង​យប់ទាំង​ថ្ងៃចង់​ធ្វើជា​បេក្ខ​ភាព​​នាយករដ្ឋមន្រ្តី។ ឱ្យតែ កឹម សុខា សន្យាឱ្យ សម រង្ស៊ី ធ្វើជាបេក្ខជននាយករដ្ឋមន្រ្តី អ្វីក៏ សម រង្ស៊ី សុខ​ចិត្ត​លះ​បង់ដែរ ដោយរួមទាំងតំណែងប្រធានបក្សរបស់ខ្លួន។ កឹម សុខា គឺជា ស៉ឺម៉ាអ៉ី យ៉ាងពិតប្រាកដ! ឥឡូវ លទ្ធផលយ៉ាងម៉េចហើយ? លទ្ធផល គឺ សម រង្ស៊ី អត់បក្ស ឯ កឹម សុខា មេបក្សយ៉ាងពេញច្បាប់!

ទី៣៖ តើ កឹម សុខា បានសម្រេចគោលដៅនយោបាយរបស់ខ្លួនហើយ ឬនៅ? ចម្លើយឆ្លើយថា ត្រឹមមេបក្ស គឺ​គ្រាន់តែជាជំហានទីមួយប៉ុណ្ណោះ ហើយ សម រង្ស៊ី នៅមានប្រយោជន៍ធំណាស់ ដើម្បី កឹម សុខា ប្រើ​បន្ត​ឲ្យ​ធ្វើ​ជានយោបាយ ទាញសន្លឹកឆ្នោតសម្រាប់ ២០១៨ ព្រោះ សម រង្ស៊ី នៅមានប្រជាប្រិយភាពខ្លាំង ក្នុង​មជ្ឈដ្ឋាន​ប្រឆាំង។ តើប្រើ សម រង្ស៊ី ឲ្យធ្វើនយោបាយដូចម្តេច? កឹម សុខា ដែលក្នុងក្រសែភ្នែករបស់ សម រង្ស៊ី គឺជា​មេបក្ស​លេងៗ អាចប្រើយុទ្ធសាស្រ្ត ប្រើខ្មោចឱ្យកិនម្សៅធ្វើនំឲ្យស៊ីបាន! ដូចនេះ កុំទៅឆ្ងល់ តំណែង​បេក្ខភាព​នាយករដ្ឋមន្រ្តីរបស់បក្សព្រះអាទិត្យ គឺប្រាកដណាស់ជា សម រង្ស៊ី ព្រោះតំណែងបេក្ខភាព នាយក​រដ្ឋ​មន្រ្តី​នេះ គឺនឹងធ្វើឲ្យ សម រង្ស៊ី ហ្នឹងហ្នរក្នុងចិត្ត ហើយក្លាយជាទាសករដាច់ថ្លៃបម្រើនយោបាយឲ្យ កឹម សុខា ដោយធ្វើ​ការ​ងារមិនចេះនឿយហត់ ហើយក៏អាចធ្វើពលិកម្មគ្រប់បែបយ៉ាង ក្រោមផ្លាកបក្សព្រះអាទិត្យ ដែលមាន កឹម សុខា ជាមេបក្សយ៉ាងពេញច្បាប់។ សម្រាប់ កឹម សុខា គឺការរកស៊ីមួយនេះ មានតែចំណេញ និង​ចំណេញ គឺមិន​អាចខាតជាដាច់ខាត។

សេណារីយ៉ូទី១៖ កឹម សុខា លើក សម រង្ស៊ី ឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី ដើម្បីបន្តប្រើ សម រង្ស៊ី ឱ្យ​ជួយ​ធ្វើនយោបាយ និងទាញការគាំទ្រលើបក្សព្រះអាទិត្យ ដោយប្រើប្រជាប្រិយភាព សម រង្ស៊ី។ វិធីឃោសនា​សាមញ្ញៗ ដូចជា ៖ បើចង់ឱ្យ សម រង្ស៊ី ចូលស្រុកវិញ សុំបោះឆ្នោតឱ្យបក្សព្រះអាទិត្យ ហើយទន្ទឹមនេះ ឲ្យ សម រង្ស៊ី ជួយឃោសនា ពីក្រៅស្រុកតាមហ្វេសប៊ុក ឬតាមវិទ្យុបរទេសទាំងយប់ទាំងថ្ងៃ។

សេណារីយ៉ូទី២៖ ទន្ទឹមនឹងការលើក សម រង្ស៊ី ឲ្យធ្វើជាបេក្ខភាពនាយករដ្ឋមន្រ្តី គឺ កឹម សុខា អាចបញ្ចុះ​បញ្ចូល​លួងលោមឲ្យ សម រង្ស៊ី ចូលស្រុកហើយជាប់គុក។ នេះគេហៅថា ខ្ចីដៃបក្សទេវតា ចាប់ សម រង្ស៊ី បញ្ចូល​ទ្រុង ហើយអំពាវនាវឃោសនាលក់ថា ចង់ឱ្យ សម រង្ស៊ី ចេញពីគុក ត្រូវបោះ​ឆ្នោតឱ្យ​បក្ស​ព្រះអាទិត្យ​ជាដើម ។ល។ គ្រោះថ្នាក់របស់ សម រង្ស៊ី ក៏ជាគ្រោះសម្រាប់បក្សទេវតា ប៉ុន្តែវាជាលាភសំណាងរបស់ កឹម សុខា ទៅវិញ។ ប៉ុន្តែ សេណារីយ៉ូនេះ សាហាវបន្តិច ហើយបើធ្វើមិនស្រួល កឹម សុខា អាចខាតបង់វិញ ព្រោះ​បើមានការ​ប្រមូល​កំលាំងប្រឆាំងការអនុវត្តច្បាប់ បង្កឲ្យមានចលាចល នោះអាចនឹងមានបញ្ហាដែល ជា​ហេតុ​ផលនាំឲ្យ​ពន្យារ​ពេល ឬព្យួរការបោះឆ្នោតមួយអន្លើសិន។

ទាំងក្នុងសេណារីយ៉ូទី១ ទាំងក្នុងសេណារីយ៉ូទី២ បើនៅទីបំផុតដោយចៃដន្យបក្សព្រះអាទិត្យឈ្នះឆ្នោត នោះតើនរណានឹងក្លាយជានាយករដ្ឋមន្រ្តី សម្រាប់បក្សព្រះអាទិត្យ។ គោលដៅចុងក្រោយបានមកដល់ហើយ! ប្រាកដជា កឹម សុខា! ក្នុងសេណារីយ៉ូឈ្នះនេះ កឹម សុខា នឹងប្រាប់តំណាងរាស្រ្តទាំងអស់ថា សម រង្ស៊ី កំពុង​មានទោសជាប់ខ្លួន ដែលតាមផ្លូវច្បាប់ មិនមានឈ្មោះជាបេក្ខជនតំណារាស្រ្តឡើយ ដូចនេះ សម រង្ស៊ី ដែល​ជាបេក្ខជននាយករដ្ឋមន្រ្តី នាពេលឃោសនាបោះឆ្នោត មិនអាចឡើងធ្វើនាយករដ្ឋមន្រ្តី​ឡើយ​តាម​ផ្លូវ​ច្បាប់។ សម រង្ស៊ី ចាំច្បាស់ណាស់អំពីនីតិវិធីនេះ នៅក្នុងឆ្នាំ ២០១៣។

នៅពេលនោះ សម រង្ស៊ី អាចចូលសភា គឺក្រោយពេលរាជរដ្ឋាភិបាលត្រូវបានបង្កើត ហើយត្រូវឱ្យ គួយ ប៊ុនរឿន លាលែងពីតំណាងរាស្រ្ត ដើម្បីអាចចូលជំនួស គួយ ប៊ុនរឿន បាន។ ក្នុងបច្ចេក​ទេស​នីតិវិធី​ច្បាប់​ដូច​នេះ ហើយ​បើចែដន្យឈ្នះមែន គឺ កឹម សុខា អាចលួងឱ្យក្រុម សម រង្ស៊ី បោះឆ្នោត គាំទ្រគាត់ធ្វើជា នាយក​រដ្ឋ​មន្រ្តី​សិន ក្នុង​ហេតុផលថា ដើម្បីស្នើថ្វាយព្រះមហាក្សត្រ លើកលែងទោសអោយ សម រង្ស៊ី មក​ធ្វើ​នាយក​រដ្ឋមន្រ្តី​វិញ។ ប៉ុន្តែក្រោយពេលបានធ្វើជា នាយករដ្ឋមន្រ្តីហើយ តើនរណាអាចទម្លាក់ កឹម សុខា បាន? មិន​អាច​ទេ ព្រោះ​កម្លាំង​របស់គាត់មានច្រើននៅរដ្ឋសភា ហើយ កឹម សុខា អាចចាប់ដៃជាមួយបក្ស ផ្សេងទៀត​នៅ​រដ្ឋសភា ដើម្បីការពាររដ្ឋាភិបាលរបស់គាត់ ក្នុងករណីគាត់ បែកបាក់ជាមួយ សម រង្ស៊ី។

ក្នុងសេណារីយ៉ូមួយណាក៏ដោយ សម រង្ស៊ី គ្រាន់តែចាប នៅក្នុងទ្រុងនយោបាយរបស់ កឹម សុខា ប៉ុណ្ណោះ ហើយបើចាំបាច់ខ្លាំងក្នុងដំណាក់កាលចុងក្រោយ កឹម សុខា ក៏អាចលក់ សម រង្ស៊ី បានទៀត ដើម្បី​ចរចា​ជាមួយ​បក្សទេវតា នៅក្នុងគ្រប់ស្ថានភាពទាំងអស់។

បក្សីចាំក្រុង ជឿថា យុទ្ធសាស្រ្តកំប៉ិកកំប៉ុកដូចនេះ មិនអាចលាក់បាំងភ្នែកលោក សម រង្ស៊ី បានឡើយ ប៉ុន្តែ​ការ​អនុវត្តយុទ្ធសាស្រ្តនេះ ក្រុមលោក កឹម សុខា ត្រូវធ្វើតាមវិធីទន់ និងត្រជាក់បំផុត ជាពិសេស ត្រូវ​សម្រួល​តាម​ការចង់បានរបស់ សម រង្ស៊ី គ្រប់បែបគ្រប់យ៉ាង និងត្រូវចេះលើកជើង សម រង្ស៊ី ជាអ្នកក្លាហាន។ បក្សី​ចាំក្រុង ក៏ជឿដែរថា អ្នករៀនយុទ្ធសាស្រ្ត និងចេះដឹងពីយុទ្ធសាស្រ្តនៅក្បែរលោក កឹម សុខា ក៏មានមិនតិចដែរ ហើយ​អ្នកទាំងនោះក៏ចេះអំពីរបៀបធ្វើ នយោបាយ និងរបៀបអនុវត្ត ដូចជាលោក សូរ សមយុទ្ធ ជាដើម​ដែល​ធ្លាប់​លើក​ឡើងថា ក្នុងនយោបាយអត់មានពាក្យថា ក្លាហាន ឬកំសាកទេ មានតែផលប្រយោជន៍ និងយុទ្ធ​សាស្រ្ត​តែ​ប៉ុណ្ណោះ។

វត្តភ្នំ, ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៧

ដោយ៖ បក្សីចាំក្រុង


No comments:

Post a Comment