Monday, June 26, 2017

ពិព័រណ៍ផលិតផលកសិកម្មអន្តរជាតិលើកដំបូង នៅកម្ពុជា ជាង១ពាន់ក្រុមហ៊ុនចូលរួម ភាគច្រើនមកពីប្រទេសចិន

ការតាំងពិព័រណ៍ផលិតផលកសិកម្មអន្តរជាតិលើកទី១បាននិងកំពុងប្រព្រឹត្តិទៅ រយៈពេលបីថ្ងៃ នៅប្រទេសកម្ពុជា ក្នុងគោលដៅគាំទ្រការអភិវឌ្ឍវិស័យកសិកម្មទំនើប រោងចក្រកែច្នៃផលិតផលកសិកម្មសម្រេចសម្រាប់នាំចេញ និងតម្រូវការដោយប្រកាន់ខ្ជាប់នូវការបង្កើតប្រសិទ្ធភាពទីផ្សារដើម្បីពង្រីកទីផ្សារអន្តរជាតិ សម្រាប់ឧស្សាហកម្ម ដើម្បីកសាងអាជីវកម្ម កសិកម្មមានភាពជាក់លាក់ និងប្រសិទ្ធភាពខ្ពស់។ ក្រុមហ៊ុនមកពីប្រទេសចិនចំនួនជាង៨០០ក្រុមហ៊ុននិងក្រុមហ៊ុនជាង៣០០ទៀតមកពីប្រទេសជប៉ុន ថៃ វៀតណាម តៃវ៉ាន់ បាននិងកំពុងចូលរួមការតាំងពិព័រណ៍នេះចាប់ពីថ្ងៃទី២៥ ដល់ទី២៨ ខែមិថុនា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

មានប្រសាសន៍អំឡុងពិធីបើកសម្ពោធពិព័រណ៍ កាលពីព្រឹកថ្ងៃទី ២៥ មិថុនា ២០១៧ លោកស្រី Bridget Lau ប្រធានសហព័ន្ធអន្តរជាតិ គាំទ្រ សហគ្រាស ខ្នាតតូច និងមធ្យម បានមានប្រសាសន៍លើកឡើងថា ចិននិងកម្ពុជាមានមិត្តភាពជាយូរលង់មកហើយ ដោយលោកស្រីសង្ឃឹមថា ទំនាក់ទំនងមិត្តភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែប្រសើរឡើងបន្ថែមទៀត ជាក់ស្តែង ការតាំងពិព័រណ៍នាពេលនេះគឺជាសមិ្មទ្ធផលកើតចេញពីការសហការដ៏ល្អរវាងថ្នាក់ដឹកនាំប្រទេសទាំងពីរ ជាពិសេស លើវិស័យកសិកម្ម ក្នុងនោះមានផលិតផលចំនួន៦ពាន់មុខ នាំយកពីបណ្តាខេត្តនៃប្រទេសចិននិងប្រទេសមួយចំនួនទៀត មានទឹកប្រាក់សរុបប្រមាណ២១លានដុល្លារអាមេរិកបានមកដាក់បង្ហាញក្នុងពិព័រណ៍នេះ។ កម្មវិធីនេះគឺជាឱកាសល្អសម្រាប់កម្ពុជា ព្រោះថាមានសហគ្រិនចិន ប្រមាណ១០០០នាក់បានមកចូលរួម ហើយបានសម្រេចចិត្តធ្វើការវិនិយោគនៅកម្ពុជាលើវិស័យកសិកម្ម និងកសិឧស្សាហកម្ម។

លោក ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃប្រទេសកម្ពុជាមានប្រសាសន៍ថ្លែងអំណរគុណដល់ក្រុមហ៊ុនបរទេស ជាពិសេស ក្រុមមកពីប្រទេសចិនដែលបានចូលរួមរៀបចំពិព័រណ៍ដ៏មានសារៈសំខាន់នេះឡើង។ ពិព័រណ៍និងជំនួបពាណិជ្ជកម្មក្នុងពេលនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំថ្នាក់ដឹកនាំមកពីបណ្តាក្រសួងកម្ពុជា វិស័យឯកជន និងពាណិជ្ជករអន្តរជាតិជាពិសេសមកពីប្រទេសចិនបានជួបប្រជុំពិភាក្សាគ្នា ជំរុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើការវិនិយោគដើម្បីប្រយោជន៍សម្រាប់សង្គមជាតិ។ លោកបញ្ជាក់ថា ចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុតសម្រាប់កម្ពុជា ដោយមានទំហំពាណិជ្ជកម្មទ្វេភាគីកាលពីឆ្នាំ២០១៦ គឺ៤,៨ពាន់លានដុល្លារ ហើយគ្រោងនឹងឈានដល់៥ពាន់លានដុល្លារ នៅឆ្នាំ២០១៧ ហើយនៅ២០២០ខាងមុខ ទំហំពាណិជ្ជកម្មកម្ពុជានិងចិនត្រូវបានថ្នាក់ដឹកនាំប្រទេសទាំងពីររំពឹងថា នឹងមាន៦ពាន់លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា តាមរយៈការចូលរួមពិព័រណ៍ផលិតកសិកម្មអន្តរជាតិលើកដំបូងនៅកម្ពុជានេះ ខេត្តរបស់ប្រទេសចិនចំនួន៣០និងមានក្រុមហ៊ុនជាង១០០០បានមកចូលរួម និងមកបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម សិក្សាបង្កើតរោងចក្រកែច្នៃ ផលិតផលកសិកម្មក្នុងប្រទេសកម្ពុជា ដើម្បីនាំចេញទៅទីផ្សារប្រទេសចិន៕







No comments:

Post a Comment