Monday, June 26, 2017

គណបក្សប្រជាជនកម្ពុជាមានសុទិដ្ឋិនិយមថា នឹងទទួលបានជោគជ័យជាថ្មីទៀតសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ខែកក្កដា ឆ្នាំ២០១៨ខាងមុខ!

បន្ទាប់ពីគណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោត គជប បានប្រកាសលទ្ធផលជាផ្លូវការនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ បង្ហាញថា គណបក្សប្រជាជនកម្ពុជាឈ្នះដាច់លើគួរប្រកួត ដោយគណបក្សប្រជាជនកម្ពុជាឈ្នះ និងគ្រប់គ្រងឃុំសង្កាត់ចំនួន១១៥៦ ខណៈដែលបក្សប្រឆាំងទទួលបានតែចំនួន៤៨៩នោះ ភ្លាមៗគណបក្សប្រជាជនកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ប្រកាសជាឱឡារិកទទួលយកលទ្ធផលផ្លូវការ នៃការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ និងបានប្រកាសថាការបោះឆ្នោតឆ្នាំ២០១៨ខាងមុខ នឹងទទួលបានជ័យជម្នះជាថ្មីទៀត។
គណបក្សប្រជាជនកម្ពុជា បានហៅជ័យជម្នះនេះ ថា ជាសមិទ្ធផលប្រវត្តិសាស្ត្រថ្មីមួយទៀតរបស់ប្រជាជនកម្ពុជាក្នុងការពង្រឹងសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច សង្គមបន្តទៅមុខទៀត។ សេចក្តីថ្លែងការណ៍របស់គណបក្សប្រជាជនកម្ពុជាដែលបានចេញផ្សាយភ្លាមៗនៅរសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៧នេះ បានចាត់ទុកលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ថាបានប្រព្រឹត្តិទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។ ប៉ុន្តែ ទោះយ៉ាងណា គណបក្សប្រជាជនកម្ពុជាក៏នៅមិនភ្លេចទេនូវការដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះសមាជិក សមាជិកាគណបក្ស និងជនរួមជាតិនៅគ្រប់ឃុំសង្កាត់ដែលបានធ្វើការសម្រេចចិត្តយ៉ាងត្រឹមត្រូវ ក្នុងការបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឲ្យទទួលបានជោគជ័យយ៉ាងត្រចះត្រចង់នៅក្នុងក្របខណ្ឌប្រទេសជាតិទាំងមូល។ គណបក្សប្រជាជនកម្ពុជា បានចាត់ទុកជ័យជម្នះនេះ ក៏បានឆ្លុះបញ្ចាំងឲ្យឃើញថា ការអនុវត្តគោលនយោបាយ និងកម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាលនាពេលកន្លងមកពិតជាត្រឹមត្រូវ ដែលបានផ្តល់ផលប្រយោជន៍ជាក់ស្តែងជូនប្រជាជនកម្ពុជា ហើយដែលគណបក្សនឹងបន្តខិតខំទ្វេឡើងថែមទៀត។
តាមរយៈជ័យជម្នះនេះ គណបក្សប្រជាជនកម្ពុជាមាននូវសុទិដ្ឋិនិយមថា នឹងធានាបាននូវមូលដ្ឋានយ៉ាងរឹងមាំ សម្រាប់ឲ្យគណបក្សប្រជាជនកម្ពុជាឈានទៅទទួលបានជ័យជម្នះដ៏ត្រចះត្រចង់ជាថ្មីទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ នាខែកក្កដា ឆ្នាំ២០១៨ខាងមុខ។ ប៉ុន្តែ ជ័យជម្នះនេះ ត្រូវបានគណបក្សប្រជាជនកម្ពុជាចាត់ទុកថា បានធ្វើឲ្យបរាជ័យទាំងស្រុងនូវការប៉ុនប៉ងរបស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអគតិនានា ដែលមានគោលបំណងផ្តួលរំលំគណបក្សប្រជាជនកម្ពុជា៕



No comments:

Post a Comment