Monday, December 19, 2016

អាជ្ញាធរជាតិអប្សរា​ក្រើន​រំឭក​ប្រជាពល​រដ្ឋក្នុង​ឧទ្យាន​អង្គរ​​ឱ្យរួម​គ្នា​ប្រើ​ប្រាស់​ទឹក​មាន​សុវត្ថិ​ភាព

“ទឹកដែលគ្រាន់តែថ្លា គ្មានក្លិន គ្មានពណ៌ ដែលប្រជាពលរដ្ឋខ្លះគ្រាន់តែដងពីអណ្តូងមកភ្លាមៗនោះ មិនទាន់ចាត់ទុកថាជាទឹកមានសុវត្ថិភាពទេ ពោលគឺ មិនទាន់អាចបរិភោគបាននៅឡើយ។ ការបរិភោគទឹកដែលគ្មានសុវត្ថិភាពបែបនេះ នឹងបណ្តាលឱ្យមានជំងឺជាប់ខ្លួន រ៉ាំរ៉ៃ ខាតបង់ទ្រព្យសម្បត្តិជាមិនខាន។ ត្រូវរួមគ្នាបរិភោគទឹកដែលមានសុវត្ថិភាព ដោយការដាំឲ្យឆ្អិន ឬដោយចម្រោះត្រឹមត្រូវ”។ នេះជាសារដ៏មានន័យ ដែលមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាបានក្រើនរំឭកដល់ប្រជាពលរដ្ឋក្នុងឧទ្យានអង្គរនាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ។

ក្នុងបទបង្ហាញទៅកាន់ប្រជាពលរដ្ឋភូមិរហាល និងភូមិស្រះស្រង់ខាងជើង ក្នុងកម្មវិធីផ្សព្វផ្សាយអំពី “វិធីសាស្រ្តបន្សុទ្ធទឹក នឹងរក្សាទឹកឱ្យមានសុវត្ថិភាពដើម្បីប្រើប្រាស់ក្នុងគ្រួសារ” លោក មាន់ ផានិត ដែលជាគ្រូបង្គោលនៃកម្មវិធីនេះលើកឡើងថា ការប្រើប្រាស់ទឹកដែលគ្មានសុវត្ថិភាពត្រឹមត្រូវនឹងជំរុញឱ្យមានជំងឺរាករូស ចុះក្អួត រ៉ាំរ៉ៃ នឹងរហូតដល់ជំងឺមហារីកទៀតផង ជាពិសេស ចំពោះកូនក្មេង និងមនុស្សចាស់។ ដូច្នេះ ប្រជាពលរដ្ឋទាំងអស់ត្រូវតែនាំគ្នាប្រើប្រាស់ទឹកដែលមានសុវត្ថិភាពត្រឹមត្រូវ ដើម្បីសុខភាព សេចក្តីសុខក្នុងគ្រួសារទាំងមូល។

គ្រូបង្គោលរូបនេះបន្ថែមថា ដើម្បីឱ្យទឹកមានសុវត្ថិភាពត្រឹមត្រូវ គេត្រូវធ្វើវិធីបន្សុទ្ធទឹក រក្សាទឹកទុកឱ្យបានត្រឹមត្រូវ។ វិធីបន្សុទ្ធទឹកគេអាចធ្វើតាមរយៈការដាំទឹកឱ្យពុះរយៈពេល១នាទីទៅ៥នាទី ឬអាចច្រកដបទៅហាលកម្តៅថ្ងៃឱ្យបាន៦ម៉ោងយ៉ាងតិចទើបអាចប្រើប្រាស់បាន។ ក្រៅពីនេះ គេអាចប្រើប្រាស់ទឹកមានសុវត្ថិភាពបានតាមរយៈការប្រើប្រាស់ធុងចម្រោះទឹកត្រឹមត្រូវ។

លោក ជូ រ៉ាឌីណា អនុប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ជាអ្នកសម្របសម្រួលកម្មវិធីនេះបញ្ជាក់ថា កម្មវិធីផ្សព្វផ្សាយអំពី វិធីសាស្រ្តបន្សុទ្ធទឹក នឹងរក្សាទឹកឱ្យមានសុវត្ថិភាពដើម្បីប្រើប្រាស់ក្នុងគ្រួសារ ជាផ្នែកមួយនៃគម្រោងសុវុឌ្ឍិកម្មនៃការសម្អាតទឹក នឹងការគ្រប់គ្រងទឹកក្នុងតំបន់អង្គរ (PAAGERA) ដែលជាគម្រោងសហការរវាងអាជ្ញាធរជាតិអប្សរា សាលាខេត្តសៀមរាប និងប្រទេសបារាំង។ បច្ចុប្បន្ន គម្រោងនេះកំពុងតែបន្តផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការគ្រប់គ្រងសំរាម អនាម័យ និងទឹកស្អាតជាដើម ទៅលើភូមិចំនួន៤ក្នុងឧទ្យានអង្គរ ដែលបានជ្រើសរើសជាភូមិគំរូ ហើយគ្រោងនឹងបន្តទៅកាន់ភូមិដទៃទៀតរហូតគ្រប់ទាំង១១២ភូមិក្នុងឧទ្យាន­­អង្គរទាំងមូល៕








No comments:

Post a Comment