Monday, December 19, 2016

ប្រធានរដ្ឋសភា ជាតិកម្ពុជា និងទូតប្រទេស អាល្លឺម៉ង់ រំពឹងថា នឹងមានកិច្ច សហប្រតិបត្តិការ កាន់តែល្អថែមទៀត

ប្រធានរដ្ឋសភាជាតិកម្ពុជា លោក ហេង សំរិន និងលោកបណ្ឌិត អិនហ្គូ កាស្តិន( Ingo Karsten) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចំានៅកម្ពុជា បានសម្តែងសុទិដ្ឋិនិយមរួមគ្នាថា ទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ នៃប្រទេសទាំងពីរ ពិសេសស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងអាល្លឺម៉ង់ នឹងមានការរីកចម្រើនជាលំដាប់។
សុទិដ្ឋិនិយមបែបនេះ បានលើកឡើងក្នុងឱកាសដែលប្រធានរដ្ឋសភា ទទួលជួបសម្តែងការគួរសម ជាមួយលោកបណ្ឌិត អិនហ្គូ កាស្តិន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៦នេះ នៅវិមានរដ្ឋសភា។
លោកឯកអគ្គរដ្ឋទូត មានសង្ឃឹមថានៅក្នុងដំណើរទស្សនកិច្ចនោះ គណៈប្រតិភូ និងបានជួបសម្តែងការគួរសម និងសវនការជាមួយប្រធានរដ្ឋសភាជាតិ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ពីព្រោះថាលោកជាឥស្សរជនសំខាន់នៅកម្ពុជា ដែលបានចូលរួមចំណែកកសាង និងអភិវឌ្ឍន៍កម្ពុជារហូតមក។
លោក ហេង សំរិន បានអបអរសាទរ និងស្វាគមន៍ចំពោះលោកបណ្ឌិត អិនហ្គូ កាស្តិន ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំប្រទេសកម្ពុជា ដោយលោកបានលើកឡើងថា បេសកកម្មការទូតថ្មីរបស់លោកនៅកម្ពុជា ពិតជាមានសារសំខាន់ខ្លាំងណាស់ ដល់ការបន្តពង្រឹងពង្រីក លើកកម្ពស់ទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទំាងពីរឲ្យកាន់តែរឹងមំា ខ្លាំងក្លាទ្វេដងថែមទៀត។
ជាមួយគ្នានេះ លោកបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលជាច្រើនដែលសហព័ន្ធអាល្លឺម៉ង់ បានរួមចំណែកយ៉ាងសកម្មក្នុងការជួយអភិវឌ្ឍសង្គមកម្ពុជាលើវិស័យជាច្រើន ដូចជា អភិបាលកិច្ចល្អ, កំណែទម្រង់ដីធ្លី, ធនធានមនុស្ស, សុខាភិបាល និងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យជាដើម។
លោកក៏បានលើកឡើងដែរថា តាមរយៈទំនាក់ទំនងដ៏ល្អរវាងក្រុមមិត្តភាពនៃសភាប្រទេសទំាងពីរកន្លងមក ប្រទេសអាល្លឺម៉ង់ តាមរយៈអង្គការរបស់ខ្លួននៅកម្ពុជា ដែលមានមូលនិធិខុនរ៉ាដអាឌិនណៅអ៊ែរ GIZ ជាដើម បានផ្តល់ជំនួយជាបច្ចេកទេស និងសម្ភារៈក្នុងការពង្រឹងសមត្ថភាពសមាជិករដ្ឋសភា និងមន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាជាបន្តបន្ទាប់។
ជាមួយគ្នានេះលោកបានបន្តរថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៧ខាងមុខនេះ
គណៈប្រតិភូសភាសាធារណរដ្ឋសហព័ន្ធអាលឺ្លម៉ង់មួយក្រុម ដែលមានសមាសភាពចូលរួម គ្រប់គណបក្សដែលមានអាសនៈក្នុងរដ្ឋសភា នឹងបំពេញទស្សនកិច្ចនៅកម្ពុជា។
សូមបញ្ជាក់ថា ប្រទេសកម្ពុជា និងអាល្លឺម៉ង់ មានទំនាក់ទំនងការទូតជាមួយគ្នា តាំងពីចុងទស្សវត្សទី៦០មកម្ល៉េះ។ លោកបណ្ឌិត អិនហ្គូ កាស្តិន បានលើកឡើងថា នៅក្នុងបេសកកម្មការទូតរបស់លោក នៅកម្ពុជានាពេលនេះ លោកនឹងខិតខំពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទំាងពីរឲ្យរឹងមាំឡើងថែមទៀតលើគ្រប់វិស័យ ក្នុងនោះមានទំាងទំនាក់ទំនងការទូត, នយោបាយ, ពាណិជ្ជកម្ម និងវប្បធម៌ផង។
ចំពោះទំនាក់ទំនងរវាងរដ្ឋសភាប្រទេសទំាងពីរវិញ លោករំពឹងថា ក្រុមមិត្តភាពនៃសភាប្រទេសទំាងពីរនឹងបង្កើនកិច្ចសហការ និងការផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នាបន្ថែមទៀត។
ជាចុងបញ្ចប់ ទំាងប្រធានរដ្ឋសភាកម្ពុជា និងលោកឯកអគ្គរដ្ឋទូត បានសម្តែងសុទិដ្ឋិនិយមរួមគ្នាថា ទំនាងទំនងដ៏ល្អនៃប្រទេសទំាងពីរ និងមានការរីកចម្រើនលើគ្រប់វិស័យបន្ថែមទៀត ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ៕


No comments:

Post a Comment