Thursday, August 06, 2015

មជ្ឈមណ្ឌល ថែទាំមនុស្សចាស់ នៅមន្ទីរពេទ្យ ខ្មែរ-សូវៀត ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥នេះ

នៅព្រឹក​ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០១៥នេះ សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ​ និង ព្រះ​ករុណាព្រះបាទ​ សម្តេច​ព្រះបរមនាថ​ នរោត្តម​ សីហមុនី​ ព្រះមហាក្សត្រ​នៃព្រះរាជា​ណាចក្រកម្ពុជា​ ទ្រង់បាន​យាងជា​ព្រះរាជា​អធិបតី ​ដ៏ខ្ពង់ខ្ពស់​បំផុត ​សម្ពោធដាក់​ឱ្យប្រើប្រាស់​មជ្ឈមណ្ឌល ​ថែទាំមនុស្សចាស់​ នៅក្នុង​មន្ទីរពេទ្យ​មិត្តភាពខ្មែរ​-សូវៀត​ (ពេទ្យរស្ស៊ី)។​

សម្តេចព្រះ​មហាក្សត្រី ​នរោត្តម​ មុនីនាថ ​សីហនុ ​ព្រះវររាជ​មាតាជាតិខ្មែរ​ បានមាន​ព្រះរាជបន្ទូលថា​ ការកសាង ​អគារមណ្ឌល​ព្យាបាល​មនុស្សចាស់​ ព្រះសីហ​នុរាជ​នៅមន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ គឺជាការរំលឹក​នូវព្រះរាជ​គុណូបការៈ ​ដ៏ធំធេង​របស់ព្រះករុណា​ ព្រះនរោត្តម ​សីហនុ ​ព្រះបរមរ​តនកោដ្ឋ។
ព្រះមហាក្សត្រី ​ព្រះវររាជ​មាតាជាតិខ្មែរ​ បានមាន​ព្រះរាជ​បន្ទូលថា ​អតីតព្រះមហាក្សត្រ ​ព្រះករុណា ​ព្រះនរោត្តម​ សីហនុ ​កាលដែលព្រះ​អង្គនៅ​គង់ព្រះជន្ម ​ព្រះអង្គ បាន​កសាង​សមិទ្ធផល ​ផ្នែកសុខាភិបាល​ ដើម្បីថែទាំ​ និងព្យាបាលសុ​ខភាពរបស់​ប្រជារាស្រ្តជា​កូនចៅ ចៅទួត​ របស់ព្រះអង្គ។​

ព្រះវររាជ​មាតាជាតិខ្មែរ​ មានព្រះរាជ​បន្ទូលបញ្ជាក់ថា ​ថវិកាដែល​បានចំណាយ ​លើការសាង​សង់អគារ​ ព្យាបាលមនុ​ស្សចាស់ ​ដែលមានទឹក​ប្រាក់ប្រមាណ​ ៣លាន​ដុល្លារអាមេរិក​ នេះ បានមក​ពីព្រះមហាក្សត្រ ​និងតង្វាយ​របស់សប្បុរសជន​ជាតិ-អន្តរជាតិ ​ដែលបាន​ចូលជាវិភាគទាន​ ក្នុងឱកាស​ប្រារព្ធព្រះរាជ​ពិធីបុណ្យថ្វាយ​ព្រះបរមសព ​ព្រះករុណា ​ព្រះនរោត្តម​ សីហនុ។

គួរបញ្ជាក់ថា ​មជ្ឈមណ្ឌលថែទាំ​មនុស្សចាស់ ​ព្រះសីហនុរាជ​ ដែលស្ថិត​នៅក្នុងបរិវេណ ​មន្ទីរពេទ្យ​មិត្តភាពកម្ពុជា-​សូវៀត​ បានកសាងឡើង​ កាលពីដើម​ឆ្នាំ២០១៤ ​សម្រាប់ជួយ​សម្រាលទុក្ខ​លំបាករបស់​ប្រជាពលរដ្ឋ​កម្ពុជា​ និងជាការ​អភិវឌ្ឍផ្នែក​វិស័យសុខាភិបាលផ​ងដែរ៕




No comments:

Post a Comment