Tuesday, June 17, 2014

សម្តេច​​អគ្គ​​មហា​សេនា​​បតី​តេ​ជោ ហ៊ុន សែន ​ អញ្ជើញ​​បំពេញ​​ទស្សន​​កិច្ច​នៅ​សា​ធា​រណ​រដ្ឋ​​ប្រជាមា​និត​​បង់​ក្លាដែស

សម្តេច​អគ្គមហា​សេនាបតី​តេជោ ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា នៅថ្ងៃទី​១៦​មិថុនា​នេះ បាន​ចាប់ផ្តើម​ដំណើរទស្សនកិច្ច​ផ្លូវ​ការ​រយៈ​ពេល​៣ថ្ងៃ នៅ​ទីក្រុង​ដាកា (Dhaka) នៃ​សាធា​រណ​រដ្ឋប្រជា​មានិត​បង់​ក្លាដែស។ យន្តហោះ​ពិសេស​របស់​ព្រះរាជាណា​ចក្រ​កម្ពុជា បាន​ដឹក​នាំ​គណៈ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ចេញ​ពី​រាជធានី​ភ្នំពេញ ហើយ​បាន​ធ្វើ​ការ​ចុះ​ចត​នៅ​ចំណត​អាកាស​យាន​ដ្ឋាន​អន្តរជាតិ Hazrat Shahhalal ប្រកប​ដោយ​សុវត្តិភាព នៅ​វេលាម៉ោង៩ និង​៥០​នាទី ម៉ោង​នៅ​ទីក្រុង​ដាកា ប្រទេស​បង់ក្លា​ដែស ត្រូវ​នឹង​ម៉ោង ១០​និង​៥០​នាទី ម៉ោង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

វត្តមាន​នៃការ​អញ្ជើញ​ដល់​របស់​សម្តេចតេជោ​នាយក​រដ្ឋ​មន្រ្តីត្រូវ​បាន​ការធ្វើ​គារវ​កិច្ច​ស្វាគមន៍​យ៉ាង​កក​ក្តៅ និង​ស្និទ្ធ​ស្នាល​រាក់​ទាក់​បំផុត ពី​សំ​ណាក់​លោក​ជំទាវ ហ្សេក ហាស៊ីណា (Sheikh Hasina) នាយក​រដ្ឋមន្រ្តី នៃ​សាធារណ​រដ្ឋ​ប្រជាមានិត​បង់ក្លាដែស និង​ឥស្សរជន​ជាន់​ខ្ពស់​បង់ក្លាដែស​ជា​ច្រើនរូប។

នេះ​គឺ​ជាលើក​ទី១ នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន​ សែន ប្រមុខ​នៃ​រាជរដ្ឋាភិ​បាល​កម្ពុជា អញ្ជើញ​ទៅ​បំពេញ​ទស្សន​កិច្ចផ្លូវការ នៅ​សាធា​រណ​រដ្ឋ​ប្រជា​មា​និត​បង់​ក្លាដែស បន្ទាប់​ពី​ប្រទេស​ទាំង​ពីរ ព្រះ​រាជាណាចក្រ​កម្ពុជា និង​សាធា​រណ​រដ្ឋប្រជា​មានិត​បង់ក្លាដែស​បាន​ភ្ជាប់​ទំនាក់​ទំនង​ការ​ទូត​ជាមួយ​គ្នា កាល​ពីថ្ងៃទី១៧ ខែ​កុម្ភៈ ឆ្នាំ១៩៩៣។ កាល​ពី​ខែមករា​ឆ្នាំ​២០០១ លោក​ជំទាវ ហ្សេក ហាស៊ី​ណា​នាយករដ្ឋមន្រ្តី​បង់ក្លាដេស បាន​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​រដ្ឋាភិបាល​បង់ក្លា​ដែស អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល​៣ថ្ងៃ នៅ​ព្រះរាជាណា​ចក្រ​កម្ពុជា។

ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​របស់ សម្តេច​តេជោនាយក​រដ្ឋមន្រ្តី ទៅ​កាន់ទីក្រុង​ដាកា​សាធា​​រណ​រដ្ឋ​ប្រជាមានិត​បង់ក្លាដែស​នៅ​ពេល​នេះ គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ នៃ​ប្រទេស​ទាំងពីរ​កម្ពុជា-បង់ក្លាដែស ឲ្យ​កាន់តែ​រឹងមាំ​ថែម​ទៀត ពិសេស​ការជំរុញ​ទំនាក់​ទំនង​ពាណិជ្ជកម្ម ទេសចរណ៍ នៃ​ប្រទេស​ទាំងពីរ​ឲ្យឈាន​ដល់​ចំណុច​កំពូល​ថ្មីមួយ​ទៀត។

សូម​បញ្ជាក់​ថា ក្នុងរយៈ​ពេល​ជាង២១​ឆ្នាំ​កន្លងមក​នេះ ប្រ​ទេសទាំងពីរ​កម្ពុជា-បង់ក្លាដែស បាន​ពង្រឹង​និង​​ពង្រីក​ទំនាក់​ទំនងកិច្ច​សហ​ប្រតិបត្តិការ​ជាមួយ​គ្នា មាន​ការ​រីកចំរើន​លើ​គ្រប់វិស័យ ពិសេស​លើទំនាក់​ទំនង​អន្តរជាតិ​ប្រទេសទាំងពីរ​កម្ពុជា-បង់ក្លាដែស បាន​ធ្វើ​ការ​គាំទ្រ​គ្នា​ទៅវិញ​ទៅមក ក្នុង​នោះ​កម្ពុជា​បាន​គាំទ្រ​ដល់​បេក្ខភាព​របស់​បង់ក្លាដែស ជាសមា​ជិក​ក្រុម​ប្រឹក្សា​ប្រតិបត្តិ នៃអង្គការ​យូណេស្កូ។ បេក្ខភាព​នៅ​ក្នុង​អង្គការ​នៃសមុទ្រ​អន្តរជាតិ​ក្នុង​ក្រុមB។ ជា​សមាជិកក្រុម​ប្រឹក្សា​ប្រតិបត្តិ​សហភាព​ទូរគម​នាគមន៍​អន្តរជាតិ។ បេក្ខ​ភាព​នៅក្នុង​ក្រុម​ប្រឹក្សា​សិទ្ធមនុស្ស​របស់​អង្គ​ការ​សហ​ប្រជាជាតិ អាណត្តិ២០១៥-២០១៧ ។ សមាជិក​គណៈកម្មាធិការ ស្តីពី​ការលុប​បំបាត់​ការរើស​អើង​ប្រឆាំង​ស្រ្តីភេទ របស់​អង្គការ​សហ​ប្រជា​ជាតិ​អាណត្តិ​២០១៥-២០១៨ ​ជាមួយ​គ្នានេះ​បង់ក្លាដែស​បាន​គាំទ្រ​កម្ពុជា ជា​សមាជិក​គណៈ​កម្មាធិការ​បេតិកភណ្ឌពិភពលោក និងសមាជិកមិនអចិន្រៃ្តយ៍ នៃក្រុម​ប្រឹក្សា​សន្តិសុខ អង្គការ​សហ​ប្រជាជាតិ​អាណត្តិ២០១៣-២០១៤។

គណៈ​ប្រតិភូ​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា អញ្ជើញ​អមដំណើរ​សម្តេច​តេជោនាយក​រដ្ឋ​មន្រ្តី អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ទីក្រុងដាកា​សាធារណរដ្ឋ​ប្រជា​មានិត​បង់​ក្លា​ដែស​នៅពេល​នេះ​រួម​មាន​ឯកឧត្តម ហោ ណាំ ហុង ឧប​នាយករដ្ឋ​មន្រ្តី និង​ជារដ្ឋ​មន្រ្តី​ក្រសួង​ការបរទេស និង​សហ​ប្រតិបត្តិការ​អន្តរជាតិ​ឯកឧត្តម អ៊ុក រ៉ាប៊ុន រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្មរុក្ខា​ប្រមាញ់ និង​នេសាទ លោក​ជំទាវ ភឿង សកុណា រដ្ឋ​មន្រ្តីក្រសួង​វប្បធម៌ ​និង​វិចិត្រសិល្បៈ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋ​មន្រ្តីប្រតិភូ​អមនាយក​រដ្ឋ​មន្រ្តី និង​ជា​អគ្គ​លេខាធិការ​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ឯកឧត្តម ​ស្រ៊ី ថាមរុង្គ រដ្ឋមន្រ្តី​ប្រតិភូ​អម​នាយក​រដ្ឋមន្រ្តី​ឯកឧត្តម កៅ គឹមហួន រដ្ឋ​មន្រ្តី​ប្រតិភូអម​នាយក​រដ្ឋមន្រ្តី​ ឯកឧត្តម ឡុង វិសាលោ រដ្ឋ​លេខា​ធិការ​ក្រសួង​ការបរទេស និង​សហប្រតិ​បត្តិ​ការអន្តរជាតិ៕

No comments:

Post a Comment